ភាំងអារម្មណ៍…! តើជីវិតលើផែនដីនេះ «អាចមកតាមដុំ​អាចម៍ផ្កាយ» ដូចជា Oumuamua មែន ឬទេ?

0

(វ៉ាស៊ីនតោន)៖ ជីវិតប្រហែលជា​ត្រូវបាននាំយកមក​ដល់លើផែនដី ដោយអាចម៍ផ្កាយ មកពីប្រព័ន្ធផ្កាយ​ដទៃទៀត។ នេះបើតាម​ការ​​សិក្សាថ្មីមួយ ដោយក្រុមអ្នក​វិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យ Harvard របស់​សហរដ្ឋអាមេរិក ដកស្រង់ដោយ​សារព័ត៌មាន​​អង់គ្លេស​ Independent នៅរសៀល​ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

ការស្រាវជ្រាវត្រូវ​បានជំរុញដោយ​ការមកដល់ នៃអាចម៍ផ្កាយឆ្លង​ប្រព័ន្ធផ្កាយមួយ ដែលគេដាក់​ឈ្មោះឲ្យថា Oumuamua ដែល​បានហោះចូលមក​ក្នុងប្រព័ន្ធព្រះអាទិត្យ​របស់យើង កាលពី​ខែតុលា ឆ្នាំ២០១៧ ហើយបានបំផុសចំ​ណាប់​អារម្មណ៍ខ្លាំង នៅក្នុង​សហគម​ន៍​នៃតារាវិទូ។

ជុំវិញរឿងនេះ អ្នកវិទ្យាសាស្រ្ត​មួយក្រុម បានលើកឡើងថា អាចម៍ផ្កាយនេះ​អាចមាន​ផ្ទុក​សញ្ញា​នៃជីវិត​​អេលៀន។ ប៉ុន្តែខណៈដែល​ការខិតខំប្រឹងប្រែង​ស្គែន​ទៅលើផ្ទៃ​​របស់ដុំថ្ម​អវកាសនេះ មិនបាន​ទទួលជោគជ័យ ការសិក្សាស្រាវជ្រាវ​ថ្មីខាងលើ បានលើកឡើង​​​​បែបដូច្នេះវិញថា ប្រភេទ​ថ្មដូច Oumuamua នេះ អាចជាទម្រង់​យានអវកាស​របស់អេលៀន។

ទ្រឹស្តី «Panspermia» ដែលថាជីវិតមាន​ប្រភពពីកន្លែងផ្សេង​ មិនមែនផែនដីនោះ បានកើតមាន​ក្នុងរយៈពេលជាច្រើន​​ទសវត្សរ៍​មក​ហើយ ដោយអ្នក​វិទ្យាសាស្រ្ត បានផ្តល់ជាយន្តការ​ខុសៗគ្នា សម្រាប់ការសាបព្រួសគ្រាប់ពូជនៃជីវិត​ ​ឆ្លង​ប្រព័ន្ធផ្កាយ​ក្នុងអំឡុង​​ពេលជាច្រើនឆ្នាំ​កន្លងទៅនេះ។

ដោយការមកដល់​របស់អាចម៍ Oumuamua តារាវិទូ Manasvi Lingam និង Abraham Loeb បានមើលឃើញ​ឱកាសមួយ ដើម្បី​ពិនិត្យ​មើលទ្រិស្តី​ខាងលើឲ្យកាន់តែលម្អិត​ថែមទៀត។ លោកសាស្រ្តាចារ្យ Loeb បាននិយាយថា បើតាមគោលការណ៍​ធម្មជាតិ ជីវិត​អាច​ត្រូវផ្ទេររវាង​ភព និងភព តាមរយៈដុំថ្មបាន តួយ៉ាងពួកយើង​ដឹងថា កម្ទេចថ្ម​ពីភពអង្គារ (Mars) អាចមកដល់​ផែនដី ហើយថ្មីពីផែនដី​​អាចទៅដល់​ភពអង្គារ។

លោក Loeb បានគូសបញ្ជាក់ថា ពពួកមីក្រូសរីរាង្គ​ដូចជា Tardigrande មានអាចមានជីវិត​រស់នៅក្នុងបរិស្ថាន​ដ៏លំបាក នៃទីអវកាស​​​បានឲ្យឥតបញ្ហា​ឡើយ ហើយម៉្យាង​វិញទៀត គ្រាប់ពូជនៃសារធាតុគីមី​ចាំបាច់ សម្រាប់​ការកកើតជីវិត ក៏អាចនាំយកមក​ផែនដី​តាម​​រយៈដុំថ្ម ពីប្រព័ន្ធផ្កាយឆ្ងាយៗ​ដទៃទៀតផងដែរ។

អាចម៍ផ្កាយ និងកម្ទេចកម្ទីរអវកាស​ផ្សេងទៀត អាចជ្រៀតចូលមកក្នុង​ប្រព័ន្ធផ្កាយ​របស់យើង ដូចទៅនឹង​​អាចម៍ផ្កាយ Oumuamua ដែរ ហើយនៅជាប់​ក្នុងទីនេះ ដោយសារតែ​កម្លាំងទំនាញរបស់​ព្រះ​អាទិត្យ និងភពព្រហស្បតិ៍ (Jupiter) ហើយលោក Loeb បាន​​លើក​ឡើងថា វត្ថុអវកាស​ទាំងអស់នោះ ប្រសិនបើពួកវាមកពីភពដទៃ​ទៀតដែលមានជីវិត អាចផ្ទេរជីវិតទាំង​នោះ មកក្នុងប្រព័ន្ធ​​ព្រះ​អា​ទិត្យ​​ ឧទាហរណ៍​ តាមរយៈការទង្គិច​ជាមួយភព ដូចជាផែនដី​ជាដើម។

គួរជម្រាបថា បើតាមការ​ពិសោធន៍ ក្រុមការងារ​នៃការសិក្សាខាងលើ បានរកឃើញវត្ថុក្រៅ​មកពីប្រព័ន្ធ​ព្រះអាទិត្យ​​ចំនួន ៤០០ ដែល​មាន​មុខកាត់​ប្រហែល ១០០ម៉ែត្រ និង ១០ទៀត​ដែលមានមុខ​កាត់ប្រមាណ ០១គីឡូម៉ែត្រ ដែលអាច​បុកជាមួយ​ផែនដី នៅមុនការ​ក​កើត​ឡើងនៃជីវិតកាល​ពី ៣.៨ពាន់លានឆ្នាំមុន៕

ចែករំលែក