ចង់​ឃើញអត់? តើផែនដី និងព្រះច័ន្ទមើលទៅដូចម្តេច ​នៅចម្ងាយ ៦៣លានគីឡូម៉ែត្រ? (ចុចទស្សនារូបភាព)

0

(វ៉ាស៊ីនតោន)៖ រូបភាពដែលត្រូវបាន​ចេញផ្សាយដោយ ក្រុមការងារសិក្សាពីវត្ថុអវកាស និងអាចម៍ផ្កាយរបស់អង្គការ NASA ទើបតែបានបញ្ចេញរូបភាពថ្មី​បំផុតមួយ ដែលរូបថត​នេះ​បើមិនប្រាប់ទេ គឺយើងពិតជា​ពិបាកស្មានដឹងថា វាជាអ្វីឲ្យប្រាកដ​ណាស់។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី Space.com នា​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ជាក់ស្តែងរូបភាពដែលអាចចាត់ទុក​ជារូបកម្របំផុត​មួយនេះ គឺត្រូវបានថត​ដោយ​ផ្កាយរណប​អវកាស​របស់ NASA ដែលមាន​ឈ្មោះថា OSIRIS-REx និងត្រូវ​បានបាញ់​បង្ហោះទៅអង្កេតអាចម៍ផ្កាយ​ដ៏គ្រោះថ្នាក់មួយ។ រូបភាពនេះត្រូវបាន​ថតកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ក្នុងរយៈ​ចម្ងាយ ៦៣.៧លានីឡូម៉ែត្រ បង្ហាញអំពី​ចំណុចភ្លឺៗ​ចំនួនពីរ នៅជិតគ្នា ដែលមួយ​មានទំហំធំ និងមួយទៀតនៅ​ក្បែរនោះ​តូចជាង។

សម្រាប់​ចម្ងាយ ៦៣.៧លានគីឡូម៉ែត្រ​បែបនេះ គឺយើងអាច​ចាត់ទុកថា ប្រហាក់ប្រហែល​នឹងចម្ងាយជា​មធ្យមរវាងភពសុក្រ និងផែនដីទៅហើយ ដោយភពសុក្រ​នៅជិតផែនដីបំផុត គឺ ៣៨លាន​គីឡូម៉ែត្រ និងឆ្ងាយ​បំផុត ២៦១លានគីឡូម៉ែត្រ ហើយយើង​ក៏អាចច្រឡំថា ផែនដី និងព្រះច័ន្ទក្នុងរូបនេះ គឺជាផ្កាយភ្លោះ​ផងដែរ ក្នុងករណីមើល​ដោយភ្នែកទទេ​ ដោយ មិនខុសពីយើង​​មើលឃើញ​ភពសុក្រ ឬអង្គារ នៅលើមេឃ​របស់ផែនដី​នោះឡើយ។

ចំពោះ​​ផ្កាយរណប OSIRIS-REx ដែលជាអ្នកថត​រូបនេះវិញ គឺកំពុងតែធ្វើ​​ដំណើរកាន់តែឆ្ងាយ​ពីភពផែនដី ក្នុងល្បឿន ៣០,៦០០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ហើយវាបានប្រើប្រាស់​កាមេរ៉ាចង្អុលទិស​របស់វា ដើម្បីថតរូបខាង​លើនេះ ហើយបាញ់​បញ្ជូនមកកាន់​ភពផែនដីវិញ។ នេះមិនមែន​ជារឿងចៃដន្យ​នោះឡើយ ដោយ​ការថតរូប​ភាព​នេះ ក៏ជាផ្នែកមួយ​នៃការធ្វើតេស្ត​វិស្វកម្ម នៃយាន-ផ្កាយរណប​នោះ​ផងដែរ។

គួរបញ្ជាក់​បន្ថែមទៀត​ថា OSIRIS-REx មានតម្លៃ ៨០០លានដុល្លារ​អាមេរិក ត្រូវបាន​បាញ់បង្ហោះ​ចេញពី​ភពផែនដី កាលពី​ខែកញ្ញា ឆ្នាំ២០១៦។ ផ្កាយរណប និងជា​យាន​រុករក​អវកាសមួយ​ផងដែរនេះ មានតួនាទី​ធ្វើដំណើរទៅ​កាន់អាចម៍ផ្កាយ Bennu ដោយ​ប្រើពេល ០៤ឆ្នាំគិតចាប់ពី​ថ្ងៃបាញ់ ដើម្បីច្រឹបយក​គំរូតាងពីអាចម៍​ផ្កាយនោះ នៅអំឡុង​ខែកក្កដា ឆ្នាំ២០២០ រួចត្រឡប់មក​ធ្វើការសិក្សា​​នៅលើផែនដី​​វិញ។

ចំណុចពិសេស៖ អាចម៍​ផ្កាយ Bennu អាចមានផ្ទុក​ភស្តុតាងណា​មួយ ដែលអាចឲ្យអ្នក​វិទ្យាសាស្ត្រ​ធ្វើការសិក្សា ​ដើម្បីបានដឹងអំពីប្រភពដើម នៃជីវិតលើ​ភពផែនដីនេះ ហើយវាក៏នឹងជា​​គំរូតាងដ៏សំខាន់​មួយ ដែលអាចបំបែក​ចម្ងល់ដ៏ធំបំផុតមួយនេះ​ផងដែរ។ បន្ថែមពីនេះ​​ទៀត វាក៏ជាបេសកកម្ម​ទីមួយ ដែល​អាចឲ្យ NASA បង្កើនសមត្ថភាព​​ខ្លួនឯង សម្រាប់បំពេញបេសកកម្ម​រុករក អាចម៍ផ្កាយ​ផ្សេងៗទៀត​នៅថ្ងៃអនាគត៕

ចែករំលែក