តើរថយន្ត Tesla របស់​ម្ចាស់ SpaceX ហោះទៅ​ដល់​ណាហើយ? មានការ​សង្ស័យថា វាហោះខុសគន្លង…

0

(អាមេរិក)៖ វាមិនមែន​​ជារឿងធម្មតា និងជាលើកទី ១ ផងដែរ សម្រាប់ការបាញ់​បង្ហោះ​រថយន្ត​​ទំនើប​ពិតៗ ពីផែនដី ឡើងទៅ​ទីអវកាស​បែបនេះ ប៉ុន្តែអ្វីដែលគ្រប់​គ្នាកំពុងអន្ទះសារ​នោះគឺថា តើរថយន្ត Tesla Roadster របស់ម្ចាស់​ក្រុមហ៊ុន SpaceX ធ្វើដំណើរទៅ​​ដល់ទីណា​ហើយ? តើវាពិតជា​បានបរាជ័យ ដោយហោះ​ខុសគន្លងគោលដៅ​​ ដូចពាក្យចចាម​​អារ៉ាមមែនឬ? នេះបើ​តាម​ការ​ចេញ​ផ្សាយ​ដោយ Cnet.com នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ជុំវិញបញ្ហា​នេះដែរ លោក Ben Pearson ត្រូវបានស្រង់សម្តីកាលពីថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅនេះ​ថា «ខ្ញុំអាចស្មាន​ដឹងថា យើងកំពុងមាន​អារម្មណ៍ ដូចកាលជំនាន់​បាញ់បង្ហោះ Apollo ទៅឋាន​ព្រះច័ន្ទ»។ អ្នកគ្រប់គ្រង​បេសកកម្មអង្កេត​រថយន្ត Tesla របស់​ក្រុមហ៊ុន SpaceX រូបនេះ ក៏បានធ្វើការបកស្រាយ​បន្ថែមទៀត​ផងដែរ ដើម្បីទម្លាយ​ចម្ងល់ និងលុបពាក្យចចាមអារ៉ាមនានា នៅតាម​ប្រព័ន្ធ Online។

តាមពិតទៅ ក្រុមការងារ​របស់ SpaceX កំពុងតែធ្វើការងារ​ជាប់ជានិច្ច ជាមួយនឹង​មន្ទីរ​ពិសោធន៍ និងអង្កេត​វត្ថុអវកាស JPLH របស់​អង្គការ NASA ដើម្បី​តាមដានថា រថយន្ត Tesla នោះវាស្ថិត​នៅចំណុចណា នៃរយៈចម្ងាយ​រវាងផែនដី និងភពអង្គារ។ អ្វីដែលគួរឲ្យរីករាយ​នោះគឺ គិតចាប់តាំងពីរូបភាព​ចុងក្រោយ ដែលកាមេរ៉ាលើរថយន្ត Tesla ថតខ្លួនឯងមកកាន់ផែនដីនោះ គឺចម្ងាយ​ប្រមាណជា ៣៦,០០០ម៉ៃល៍ ប៉ុន្តែបច្ចុប្បន្ន​នេះ គឺរថយន្ត Tesla Roadster ទៅដល់រយៈចម្ងាយ​លើសនេះ ៥៥០ដង​ឯណោះ។

ទោះបីជាបានដឹង​ចម្ងាយរបស់វាជាក់លាក់​ក៏ដោយ ក៏ SpaceX នឹងសហការជាមួយ​មន្ទីរអង្កេត​របស់ NASA JPLH បន្តទៀតដែរ ដើម្បីបាន​ដឹងថា តើ Tesla មានទីតាំង​ស្ថិតនៅត្រង់ណា​ឲ្យប្រាកដ ដែលវាប្រាកដ​ណាស់ថា យើងត្រូវការទិន្នន័យ​របស់ JPLH ជាសំខាន់ ដើម្បីជួយឲ្យការងារ​ប្រព្រឹត្តទៅជោគជ័យ។ គោលដៅ​ដំបូងរបស់ Tesla គឺទៅឲ្យដល់​គោចររបស់​ភពព្រះអង្គារ នៅអំឡុង​ខែកក្កដា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា គ្រាន់តែ​សំនួរថា តើរថយន្ត Tesla ស្ថិតនៅទីណា? មួយសំនួរ​នេះតែ​​​ប៉ុណ្ណោះ មានអ្នកចុចចូល​ទស្សនារហូត​ដល់ទៅ ៥០០,០០០នាក់​​ទៅហើយ ដែលវាពិតជា​រឿងដែលកំពុង​ក្តៅគគុក និងទាក់ទាញ​ចំណាប់អារម្មណ៍​​មនុស្ស​ទូទាំង​ពិភពលោក​យ៉ាងពិតប្រាកដ។ ដូច្នេះហើយ​វាត្រូវបានចាត់ទុកថា ជាការបាញ់​បង្ហោះ​វត្ថុ​ដែលត្រូវបាន​ផលិត​នៅលើផែនដី ទៅកាន់​ទីអវកាស ដ៏គួរឲ្យចាប់​អារម្មណ៍បំផុត ក្នុងមួយជីវិត​មនុស្ស​លោកយើងនេះ។

ចំណុចពិសេស៖ ក្រុមហ៊ុន​អវកាសឯកជន​អាមេរិក SpaceX បានបាញ់បង្ហោះគ្រាប់​រ៉ុក្កែតដ៏ខ្លាំងជាងគេ​បង្អស់ ទៅកាន់លំហ​អាកាស ដោយ​នាំ​យករបស់​ដែលនាំយកវត្ថុនឹកស្មាន​មិនដល់មួយ ទៅកាន់ទីនោះថែមទៀត។ គ្រាប់រ៉ុក្កែត​ទម្ងន់ធ្ងន់​ Falcon Heavy ​បានហោះឡើងចាកចេញ​ពីមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋផ្លូរីដា បាននាំយកវត្ថុ​ម៉្យាង​​គ្រាន់សម្រាប់​ជាការកម្សាន្តប៉ុណ្ណោះ គឺរថយន្ត Tesla Roadster ពណ៌ក្រហម ជាមួយអវកាសយានិក​សិប្បនិម្មិត ដែលជិះ​នៅលើ​នោះ ខណៈ​រថយន្តនោះ​​​ជាកម្មសិទ្ធិផ្ទាល់​របស់​​​ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla គឺ​មហាសេដ្ឋី​លោក Elon Musk។

Falcon Heavy មានសមត្ថភាព​នាំយកវត្ថុទម្ងន់​ ៦៣,៥០០គីឡូក្រាម​ ទៅកាន់គន្លង​កម្រិតទាបរបស់​ភពផែនដី ដែល​ប្រការនេះ​ធ្វើឲ្យវា​គឺជាគ្រាប់រ៉ុក្កែត​ ដែលមានសមត្ថភាពខ្លាំង​ជាងគេ​បំផុតលើកលោក ជាពិសេស​សម្រាប់ការបាញ់​បង្ហោះ​ផ្កាយ​រណប​ធំៗ ព្រមទាំងស្ថានីយ​អវកាសនា​ពេលអនាគត ទៅកាន់​ទីអវកាស។ ខណៈការធ្វើតេស្ត​នាសប្តាហ៍នេះ​របស់វា គឺជាការ​ស្ទាប​ស្ទង់មើល​ក៏ដូចជាការបង្ហាញ​ពី សមត្ថភាព​របស់គ្រាប់​រ៉ុក្កែតនេះ៕

ចែករំលែក