ចង់ទៅ​មើលដល់ហើយ! «ព្រះច័ន្ទ 3D ដំបូងគេ​លើលោក» ដាក់តាំងបង្ហាញនៅប្រទេសឥណ្ឌា…

0

(ឥណ្ឌា)៖ សិល្បៈកម្ម​​នៃព្រះច័ន្ទ​បែប 3D «The Museum of the Moon» ដែល​បង្កើត​ឡើង​ចេញពីរូបភាព​ថតបានពី​កាមេរ៉ា​ នៃ​ផ្កាយ​រណប​នៅ​​ក្បែរ​ឋាន​​​ព្រះ​ច័ន្ទ Lunar Reconnaissance Orbiter កំពុងត្រូវគេដាក់​តាំងបង្ហាញ​ នៅក្នុងប្រទេស​ឥណ្ឌា។ នេះបើតាម​ការ​ដកស្រង់​ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​ចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

រូបសំណាកនៃព្រះច័ន្ទ​ខាងលើ​មានមុខកាត់ប្រវែង ០៧ម៉ែត្រ ដែលតូចជា​​របស់​ពិត​នៅក្នុងលំហ​អវកាស ប្រមាណកន្លះ​លានដង​​ឯណោះ ហើយវាគឺជា​គម្រោងរបស់​អង្គការ​ក្រុមប្រឹក្សា​ចក្រភព​អង់គ្លេស (British Council) ប្រចាំនៅ​ប្រទេស​ឥណ្ឌា​។ The Museum of the Moon ត្រូវបានដាក់តាំង​បង្ហាញនៅឯសាល Victoria Memorial ក្នុងទីក្រុង Kolkata ភាគខាងកើត​ប្រទេស​ឥណ្ឌា និង​បាន​ទាក់​ទាញ​​​ភ្ញៀវ​ទេសចរឲ្យមកទស្សនា​យ៉ាងច្រើន​កុះករ។

គួរជម្រាបថា ព្រះច័ន្ទ 3D នេះ ត្រូវបាននាំយក​​មកដល់ប្រទេសឥណ្ឌា ដើម្បីអបអរ​ដំណាក់កាល​ចុងក្រោយ​ នៃកម្មវីធីដោះដូរ​​វប្បធម៌​ឥណ្ឌា-ចក្រភពអង់គ្លេស និងខួប ៧០ឆ្នាំ នៃវត្តមាន​របស់​អង្គការ British Council នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ហើយ​អ្វី​ដែលគួរឲ្យ​ចាប់អារម្មណ៍នោះ គឺការមកដល់របស់ The Museum of the Moon គឺកើតមានឡើង​នៅប្រមាណជិត ២០ថ្ងៃ ក្រោយ​បាតុ​ភូតព្រះច័ន្ទ​ងងឹតសូន្យ​ឈឹង កាលពីចុង​ខែមករា​កន្លងទៅ ដែលនាំឲ្យពិភពលោកចាប់អារម្មណ៍ជាខ្លាំង។

ចំណុចពិសេស៖ ព្រះច័ន្ទគឺជា​ទីឋានមួយ ដែលមនុស្ស​ចំនួនឲ្យ​ឈ្មោះថា ភពរណប ឬផ្កាយរណប​ធម្មជាតិ​របស់ផែនដី ដែលត្រូវបានបង្កើត​ឡើងកាលពីរាប់ពាន់​លានឆ្នាំមុន បន្ទាប់ពីមាន​ភពមួយប៉ុន​ភពអង្គារ គោចរខុសគន្លង​មកទង្គិចមួយ​ទំហឹងផែនដី។ ព្រះច័ន្ទ​មាន​ចម្ងាយ ៣៨៤,០០០គីឡូម៉ែត្រ​ពីផែនដី ហើយឥទ្ធិពល​របស់វា គឺធ្វើឲ្យមាន​​បាតុភូត​ទឹកជោរ និងទឹកនាច ព្រមទាំង​បង្កើត​ឡើង​នូវរដូវ​ទាំង ០៤ ទៀតទាត់​លើភពផែនដី​​ផងដែរ៕

ចែករំលែក