ក្រុមអ្នក​វិទ្យាសាស្ត្រ កំពុងចាប់​អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ស្រទាប់គ្រើមៗ​លើភព​ភ្លុយតូ…

0

 

(អាមេរិក)៖ ស្រទាប់​ក្រពីកក្រពក (គ្រើមៗ) នៃផ្ទៃមួយភាគធំ​របស់ភពភ្លុយតូ​នោះ ទំនង​ជាបានបង្កប់នូវអ្វីៗ​ជាច្រើន​នៅក្នុងនោះ​ជាមិនខាន។ អ្នកវិទ្យាសាស្ត្រ ដែលសិក្សា​អំពី​ភពតូចមិនពេញ​លក្ខណៈនេះ កំពុងតែគិតថា វាពិតជាផ្ទុកនូវសារធាតុ​សរីរាង្គដូចជា កាបូន ហើយប្រមូលផ្តុំ​មានកម្រាស់ក្រាស់ឃ្មឹកបែបនេះ។ ការគិត​បែបនេះ នាំឲ្យមានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ដែលអាចនាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រ​បន្តស្វែងរកចម្លើយ អំពីប្រភព​និងរបៀប​​នៃការកកើតដំបូង​របស់ ភ្លុយតូ នេះ។ នេះបើតាមការ​ចេញផ្សាយដោយ Space.com នាល្ងាច​ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

ភពភ្លុយតូ គឺភពមិនពេញ​លក្ខណៈ (Dwarf Planet) ដែលស្ថិតនៅក្នុង​តំបន់ចន្លោះ ​ខ្សែក្រវាត់​អាចម៍ផ្កាយ Kuiper Belt និង ភពណិបទូន ដែលជា​ភពផ្លូវការ​ទី ៨ ស្ថិតនៅចុងបំផុត​ នៃប្រព័ន្ធ​ព្រះអាទិត្យយើង។ ភពនេះត្រូវ​បានយាន​ New Horizons ដំបូងបំផុត​របស់ NASA ធ្វើដំណើរ​ទៅដល់ និងផ្តិតយករូបភាព​ជាច្រើន កាលពី​ខែកក្កដា ឆ្នាំ២០១៥ ក្រោយពីត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០០៦។

ទោះបីជា​យានអវកាស New Horizons បានទៅ​ដល់ទីនោះ និងបកស្រាយ​ចម្ងល់ជា​ច្រើនក្តី ប៉ុន្តែអាថ៌កំបាំងជាច្រើន​មិនអាចធ្វើការបកស្រាយ តាមរយៈតែ​រូបភាព​ ឬក៏ការបាញ់កាំរស្មី​ទៅលើស្រទាប់​របស់វានោះ​ឡើយ។ អ្វីដែលគួរឲ្យ​ចាប់អារម្មណ៍​សម្រាប់ ភ្លុយតូ គឺចលនាវិល​ជុំវិញព្រះអាទិត្យ ដែលល្អៀង​ពីភពទាំង ០៨ ទៀត រួមជាមួយនឹង​ព្រះច័ន្ទ Charon របស់វា ដែលមានទំហំធំ សាកសមឲ្យគេហៅថា ប្រព័ន្ធភព​ភ្លោះបាន។

ងាកទៅមើល​ការវិភាគរបស់ក្រុមអ្នក​វិទ្យាសាស្ត្រវិញ គឺស្រទាប់គ្រើម​របស់ភពភ្លុយតូ ទំនងជាបាន​​កកើតឡើង ដោយ​ការប្រមូលផ្តុំ​​​សរីរាង្គពិសេស​​នៃកាបូន ដែលជា​​​ធម្មតា​​គេ​​ឃើញមាន​​នៅក្នុង ផ្កាយដុះកន្ទុយ។ ប្រសិនបើ​ស្រទាប់​​ក្រោមនៃ​ភព​មានកម្តៅ​កព្ជ្រោល​ឡើងនោះ វាពិតណាស់ថា ជាការដុត​សារធាតុទាំងនេះ ឲ្យកាន់តែ​ក្រាសឡើងៗ ដូចឃើញ​មានស្រាប់នៅលើផ្ទៃ ​របស់ភពរូប​បេះដូងនេះ។ នេះបើតាម លោក Bill McKinnon អ្នកវិទ្យាសាស្ត្រ​សិក្សាពីភព នៃសាកលវិទ្យាល័យ St. Louis វ៉ាស៊ីនតោន។

ចំណុចពិសេស៖ ភពភ្លុយតូ​បានស្វាគមន៍យាន New Horizons កាលពី​ឆ្នាំ២០១៥ ដោយ​រូបបេះដូងដ៏ធំ​នៅផ្ទៃរបស់វា ដែលត្រូវ​គេដឹងថា ជាទឹកកក​មេតាន។ ភពភ្លុយតូ​ត្រូវបាន​រកឃើញកាលពី​អំឡុងទសវត្សរ៍ ១៩៣០ និងត្រូវបានចាត់​បញ្ចូលជាភពទី ០៩ នាពេលក្រោយ​មកទៀត ប៉ុន្តែកាលពី​ឆ្នាំ២០០៦ វាត្រូវបានដកចេញ​ពីបញ្ជីភពវិញ ដោយសារតែ​​វាត្រូវបានគេរកឃើញថា មានលក្ខណៈមិនពេញ​លេញជាភព និង​ជា​​ពិសេសវា​មានដំណើរគោចរ​​ខុសពីភពទាំង ៨ ទៀតនៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។

បន្ថែមពី​នេះទៀត ហួសពីភព​ភ្លុយតូទៅ ក៏មានវត្ថុអវកាស​ផ្សេងៗទៀត​ដែលមានទំហំ​ប្រហាក់ប្រហែល និងធំជាងភ្លុយតូ​ផងដែរ ដូចជា​ភពបម្រុង Eris ជាដើមនោះ ក៏មិនត្រូវបាន​តារាវិទូ​ចាត់ចូល​ទៅក្នុងក្រុមភពផ្លូវការ​ដែរ។ បច្ចុប្បន្ននេះ ភពភ្លុយ​តូមានចម្ងាយពី​ផែនដី ៧.៥ពាន់​លាន​គីឡូម៉ែត្រ ដោយវាគោចរ​ជុំវិញព្រះអាទិត្យ​មួយជុំស្មើ​នឹង ២៤៨ឆ្នាំ លើ​ផែនដី៕

ចែករំលែក