មិនធម្មតា! SpaceX បង្ហោះ​ផ្កាយរណប​ដំបូងក្នុងមហិច្ឆតា​ «បង្កើត​បណ្តាញ​​អ៊ីនធើណែត នៅ​​ទីអវកាស…»

0

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា-អវកាសឯកជន SpaceX កំពុងគ្រោង​បាញ់បង្ហោះផ្កាយរណប​សាកល្បង​ទីមួយ​របស់ខ្លួន នៅថ្ងៃពុធ​សប្តាហ៍នេះ (ពេលវេលានៅ​សហរដ្ឋអាមេរិក) សម្រាប់គ្រោង​​បង្កើតបណ្តាញអ៊ីនធើណែត​ក្នុងទីអវកាស ខណៈក្រុមហ៊ុន​ពោរពេញដោយ​មហិច្ឆ​តា​មួយនេះ​មានផែនការថា នឹងធ្វើយ៉ាង​ណា​បំពាក់​ផ្កាយរណប​​ខ្នាតតូច​រាប់ពាន់គ្រឿង នៅក្នុងលំហ ដើម្បីផ្តល់សេវាអ៊ីនធើណែត​​ទូទាំង​ពិភពលោក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

SpaceX បានកំណត់ថា​ នឹងបាញ់បង្ហោះ​គ្រាប់រ៉ុក្កែតមួយ ចេញពីមូលដ្ឋានទ័ព​អាកាសអាមេរិក Vandenberg នៃរដ្ឋ​កាលីហ្វរញ៉ា នៅ​វេលាម៉ោង ៦៖១៧នាទីព្រឹក ថ្ងៃពុធសប្តាហ៍​នេះ (ម៉ោងក្នុងតំបន់)។ បេសកកម្ម​ចម្បងនៃការបាញ់​បង្ហោះនេះ គឺដើម្បីបញ្ជូន​ផ្កាយរណប​តាមដានមួយ​គ្រឿងហៅថា PAZ សម្រាប់រដ្ឋាភិបាល​អេស៉្បាញ។

ដោយឡែក PAZ នឹងមិនធ្វើដំណើរ​នៅលើរ៉ុក្កែតអាចប្រើប្រាស់​ឡើងវិញ Falcon 9 តែឯងឡើយ ដោយ​នៅ​លើនោះ​ ក៏នឹងមាន​វត្ត​មាន​នៃ​​ផ្កាយរណប​​អ៊ីន​ធើ​ណែត​ខ្នាតតូច ០២គ្រឿង គឺ Microsat-2a និង Microsat-2b ដែលជាជំហានធំ​ទីមួយ នៅក្នុងគម្រោង​រយៈ​ពេលយូរ​ របស់​ក្រុមហ៊ុន SpaceX សំដៅបង្កើត​ប្រព័ន្ធបណ្តាញ​អ៊ីនធើណែត​នៅទីអវកាស នៅក្នុងអំឡុង​ ១០ឆ្នាំ​ខាងមុខ។

គួរជម្រាបថា SpaceX ចង់បង្កើតចង្កោម​ផ្កាយរណប​អ៊ីនធើណែត​ ក្នុងទីអវកាស​ដ៏ធំមួយ ដែលនឹងធ្វើគោចរ​ ក្នុងចលនា​ស៊ីសង្វាក់​នៅ​លើផែនដី ហើយផ្តល់ការ​តភ្ជាប់នៃប្រព័ន្ធ​អ៊ីនធើណែត មកកាន់អង់តែន​ទទួលសញ្ញា ដែលដាក់ពង្រាយ​នៅជុំវិញផ្ទៃនៃភព​របស់​យើង ហើយវាជាបច្ចេកវិទ្យាថ្មី និងមានលទ្ធភាពខ្ពស់ ក្នុងការផ្តល់សេវារហ័ស៕

ចែករំលែក