គួរឲ្យស្តាយ! សាកសពយាន Phoenix របស់ NASA កំពុងកប់​ក្រោម​ធូលី​ភពអង្គារ បន្តិចម្តងៗ.. 

0

 

(វ៉ាស៊ីនតោន)៖ យោងតាម​រូបភាពពីផ្កាយរណប ដែលកំពុងតែ​ហោះជុំវិញភពអង្គារ​នោះ​បានដឹងថា យានរុករក Phoenix របស់អង្គការ NASA ដែលចុះចត​លើភពក្រហម​នេះកាលពីឆ្នាំ២០០៨ ទំនងជាត្រូវបាន​ធូលីដីក្រហម នៃភពព្រះអង្គារ កប់បាត់​បន្តិច​ម្តងៗ​ទៅហើយ ស្ថិតនៅតំបន់ប៉ូលខាងជើង ហើយនៅថ្ងៃមុខសូម្បីសាកសព​របស់វា ក៏ទំនងជាយើង​លែងបាន​ឃើញ​ទៀតដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ Space.com នាល្ងាច​ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

រយៈពេល ១០ឆ្នាំ នៃការមាន​វត្តមាន​នៅលើភពព្រះអង្គារ ពិតជារឿងមិន​ធម្មតាឡើយ ប៉ុន្តែ​យាន​ទីពីរនេះ នៅតែបន្សល់ដានរបស់ខ្លួន​បានដដែល ទោះជាវាមិនដែលបានចល័តទៅណាក៏ដោយ។ ជាក់ស្តែងរូបភាព​កាលពីចុង​ឆ្នាំ២០១៧ ថតដោយ​​កាមេរ៉ា HiRISE នៅលើ​ផ្កាយរណប MRO របស់​អង្គការ NASA បានបង្ហាញអំពី​ដានឆ័ត្រយោង និងដងជាប់​កន្ទុយជាប់តួរបស់ Phoenix ដែលត្រូវធូលី​ដីឡោមព័ទ្ធ ព្រោះតែនៅលើភព​អង្គារ​សំបូរទៅ​​ដោយព្យុះ និងខ្យល់​បក់បោកធូលី​​ស្ទើរគ្រប់​ទិសទីនោះហើយ។

សម្រាប់​បេសកកម្ម​របស់ Phoenix ត្រូវបាន​អង្គការ NASA បង្កើតឡើង​សម្រាប់តែ​​រយៈពេល ៩០ថ្ងៃប៉ុណ្ណោះ នៅលើភពអង្គារ ដោយវាបានចុះចត​កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៨ ប៉ុន្តែដោយសារ​បន្ទះសូឡានៅជាប់យាន នៅតែអាច​ដំណើរការ​បាននោះ ទើបវាអាច​បន្តរស់បាន​រហូតដល់ ០៥ខែ ហើយនៅ​ទីបញ្ចប់វាក៏ត្រូវ​គាំងស្តូក​តែម្តងនៅ​ពេលរដូវរងា​ឈានចូល​មកដល់ នៅអំឡុង​ខែវិច្ឆិកា ឆ្នាំ២០០៨។

គួរបញ្ជាក់ថា យានរុករក Phoenix គឺជាយានទីពីរ ដែលអង្គការ NASA ធ្វើការចុះចត​ដោយជោគជ័យ នៅផ្ទៃភពអង្គារ បន្ទាប់ពីយាន Mars Rover ដែលជារៀមច្បង​ត្រូវបាន​ចុះចតកាលពីឆ្នាំ២០០៤ និងយានទី ៣ គឺ Curiosity កាលពី​ឆ្នាំ២០១១។ Phoenix មានតួនាទី​សិក្សាអំពី​ បរិយាកាស និងស្រទាប់ដី របស់ភព​​ក្រហមនេះ ដោយប្រើប្រាស់​ឧបករណ៍មួយ​ចំនួន ដែលភ្ជាប់ជា​មួយវា​ស្រាប់។

ចំណុចសំខាន់៖ សម្រាប់​សមិទ្ធផលធំ​មួយដែល Phoenix សម្រេច​បាននោះ គឺការរក​ឃើញថា មានវត្តមាន​ទឹកកក នៅក្រោមស្រទាប់​ដី​នៃភពអង្គារ តាមរយៈ​ការប្រើ​ប្រាស់​ប្រដាប់ជីកគាស់ នៃយាន​ទៅលើស្រទាប់​ស្តើងប៉ុណ្ណោះ នៃផ្ទៃខាង​លើ​ភពអង្គារ។ ទោះបី​ជា Phoenix បានទទួល​មរណៈភាព ១២ឆ្នាំទៅហើយ​ក៏ដោយ ប៉ុន្តែយាន​ផ្កាយរណប MRO (Mars Reconnaissance Orbiter) នៅតែអាច​ដំណើរការ​បានដដែល។

ចំពោះ MRO វិញត្រូវបានបាញ់​បង្ហោះទៅកាន់ភពអង្គារ​ កាលពី​ខែសីហា​ឆ្នាំ២០០៥ និងទៅដល់​គន្លងគោចរ​ជុំវិញភព​អង្គារ នៅឆ្នាំ២០០៦។ MRO មានតម្លៃ​ប្រមាណ ៧២០​លានដុល្លារ ដោយវាមានតួនាទី​ស្វែងរក​ដាននៃទឹក កាលពីអតីត​របស់ភពអង្គារ ព្រមទាំងសិក្សា​អំពីទីតាំងនានា​ នៅលើផ្ទៃដី​ភពអង្គារ ដែលអំណោយ​ផលខ្ពស់ ក្នុងការចុះចត​យានផ្សេងៗ​ទៀត​ នាពេល​អនាគត៕

ចែករំលែក