ទម្លាយចម្ងល់របស់​បងប្អូន! អ្វីទៅជា​ផ្កាយដុះកន្ទុយ, អាចម៍ផ្កាយ និងដុំថ្មអវកាស…?

0

(ភ្នំពេញ)៖ បងប្អូនមួយចំនួន ពេលខ្លះមិនទាន់អាច​បែងចែក​ឲ្យបានច្បាស់លាស់​នោះ​ឡើយ អំពីអ្វីទៅដែល​ហៅថា ផ្កាយដុះកន្ទុយ, អាចម៍ផ្កាយ និងដុំថ្មអវកាស។ តើវត្ថុទាំងបីនេះ ដូចគ្នា ឬមានលក្ខណៈខុសគ្នា​បែបណា និងមានទំហំខុសៗ​គ្នាយ៉ាងដូចម្តេចខ្លះ។ នេះបើតាម​​សម្រង់ឯកសារ​សំខាន់ៗ ដោយ Cambo Space នារសៀល​ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។

១. ផ្កាយដុះកន្ទុយ (Comet)៖ គឺជាវត្ថុអវកាសតូចមួយ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ដែលវាត្រូវបាន​គេហៅបែបនេះ (ផ្កាយដុះកន្ទុយ) ក៏ព្រោះនៅពេលវាធ្វើដំណើរកៀក​នឹងព្រះអាទិត្យ កម្តៅព្រះអាទិត្យបានជះឥទ្ធិពល​ខ្លាំង​លើតួរបស់វា ធ្វើវាឡើងកម្តៅ និងហើយបំភាយ​ឧស្ម័នចេញពីខ្លួនវា អូសយ៉ាង​វែងអន្លាយ​នៅក្នុងទីអវកាស​តែម្តង។

ប្រការហេតុ​ខាងលើនេះ ធ្វើឲ្យយើងមើលឃើញ​កន្ទុយសៗ នៅក្រោយ​ដុំថ្មនោះ ដែលជាបំភាយនៃឧស្ម័នដោយពន្លឺព្រះអាទិត្យ ទើបវាត្រូវបានឲ្យឈ្មោះថា ផ្កាយដុះកន្ទុយ។ សម្រាប់ទំហំ​​នៃផ្កាយដុះកន្ទុយ ​គឺអាស្រ័យទៅថា តើវាទៅជិតព្រះអាទិត្យ​កម្រិតណា ដែលផ្កាយ​ដុះកន្ទុយខ្លះ អាចរំសាយ​ឧស្ម័នរហូតដល់​ទៅប្រវែង ៨០,០០០គីឡូម៉ែត្រឯណោះ។

២. អាចម៍ផ្កាយ (Asteroid)៖ ជាធម្មតាត្រូវ​បានចាត់ថ្នាក់ ជាចង្កោមដុំថ្ម​អវកាសតូចៗ ដែលគោចរជុំវិញព្រះអាទិត្យ ដូចភព​ដទៃៗដែរ ប៉ុន្តែគន្លងពួកវាខ្លះ​មិនទៀតទាត់ទេ។ កន្លែងដែល​មានអាចម៍ផ្កាយច្រើន​បំផុតនោះ គឺស្ថិតនៅចន្លោះ​ភពអង្គារ និងព្រហស្បតិ៍ ដែលហៅថា ខ្សែក្រវ៉ាត់​អាចម៍ផ្កាយ (Asteroids Belt) ដែលវាហាក់ដូចជាបណ្តុំ​នៃកាកសំណល់ សល់ពីការបង្កើតភព និងប្រព័ន្ធព្រះអាទិត្យ​នេះ។

៣. វត្ថុអវកាស (Space Object)៖ បើនិយាយអំពី​និយមន័យរបស់​ពាក្យនេះ គឺសំដៅ​ទៅលើ​វត្ថុនានា ជាចង្កោមតែម្តង។ វត្ថុអវកាស​សំដៅទៅលើ ភព ព្រះច័ន្ទ អាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយ ដែលគោចរ​ជុំវិញអ្វីមួយ ដែលអាចជាភព ឬព្រះអាទិត្យ ដោយមិនគិត​​ពីទម្រង់​នៃគន្លង​គោចរនោះឡើយ។ វាក៏អាចសំដៅ​ទៅវត្ថុអវកាស មកពីប្រព័ន្ធ​ផ្កាយផ្សេង ដូចជាអាចម៍​ផ្កាយ Oumuamua ផងដែរ។

សរុប​សេចក្តីមក លក្ខណៈខុសគ្នា​នៃវត្ថុទាំងនេះ គឺអាស្រ័យទៅលើ​លក្ខណៈសម្បត្តិ​របស់វា​ប៉ុណ្ណោះ ប៉ុន្តែដោយ​សារផ្កាយដុះកន្ទុយ ជាវត្ថុអវកាស​ដែលមានផ្ទុកសារធាតុ​ផ្សេងៗ ដែលអាច​បំភាយឧស្ម័ន នៅពេលត្រូវពន្លឺ​ព្រះអាទិត្យនោះ វាក៏អាចបំលែង​ពីនាម​អាចម៍​ផ្កាយ ទៅជាផ្កាយដុះកន្ទុយ​នោះឯង។ បើសិនជាបងប្អូនមាន​ចម្ងល់បន្ថែម អាចសួរ​បាន​ក្នុង Comment ក្រុមការងារ​​យើងខ្ញុំ នឹងបកស្រាយ​​ជូនបន្ថែមនៅពេល​​បន្តបន្ទាប់​ទៀត៕

ចែករំលែក