អាច​បង្កប់ជីវិត​អេលៀន? មកស្គាល់​ចំណុចអស្ចារ្យ​ទាំង ៥ នៃព្រះច័ន្ទ Ganymede, ភពព្រហស្បតិ៍…

0

 

(ភ្នំពេញ)៖ បងប្អូនពិតជាបានស្គាល់ខ្លះៗមកហើយ អំពីព្រះច័ន្ទធំៗទាំង ០៤ របស់ភពព្រហស្បតិ៍ ដែលជាភពឧស្ម័នយក្ស ធំជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ប៉ុន្តែព្រះច័ន្ទរបស់វាមួយ ក៏ជាប់ឈ្មោះជាព្រះច័ន្ទធំជាងគេ នៅក្នុងប្រព័ន្ធព្រះអាទិត្យ​ផងដែរ ដោយវាមានទំហំធំជាងភពពុធ ដែលជាលំដាប់លេខរៀងទី ១ ពីព្រះអាទិត្យទៅទៀត។ នេះបើតាមសម្រង់​ទិន្នន័យពី​វែបសាយ Space.com។

ព្រះច័ន្ទ Ganymede (ហ្គេនីមីដ) ដែលធំជាងគេ​របស់ភព​ព្រហស្បតិ៍ ក៏ជាព្រះច័ន្ទធំ​បំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យ​យើងនេះដែរ ហេតុដូច្នេះ​បានជា Cambo Space ហៅថា ឪពុកម្តាយ​ជាយក្ស ហើយកូនជាយក្ស។ ខាងក្រោមនេះ​ជាលក្ខណៈពិសេសធំៗ ទាំង ៥ នៃព្រះច័ន្ទ Ganymede ដែលបងប្អូនអាច​នឹងចង់ដឹង៖

១. ដែនម៉ាញេទិច៖ គ្មានព្រះច័ន្ទ​ណាមួយក្នុងប្រព័ន្ធ​ព្រះអាទិត្យ ដែលមាន​ដែន​ម៉ាញេទិច​នោះឡើយ ហើយភពមួយចំនួន​ក៏ដូចគ្នា ប៉ុន្តែ​ព្រះច័ន្ទ Ganymede មានដែន​ម៉ាញេទិច​ដែលផលិតចេញពី​ស្នូលដែករបស់វា ប៉ុន្តែដោយសារតែ​វាស្ថិតនៅជិត​ភពព្រហស្បតិ៍​ជាមេរបស់​វានោះ ដែនម៉ាឡេញទិច​វា ត្រូវនៅលាយឡំនឹងដែនម៉ាញេទិច​ដ៏ខ្លាំងក្លា​របស់​ភពព្រហស្បតិ៍​ទៅវិញ។

២. ទំហំ និងសណ្ឋាន៖ Ganymede មានមុខកាត់ 5,268 km ធំជាងភពពុធ ៨ភាគរយ និងភពភ្លុយតូឆ្ងាយ ប៉ុន្តែតូចជាង​ភពអង្គារតែ​បន្តិច​ប៉ុណ្ណោះ។ ថ្វីត្បិតតែផ្ទៃ​​របស់វា​ គ្រប​ដណ្តប់ដោយទឹកកក​ស្ងួត និងថ្មក៏ដោយ ប៉ុន្តែនៅក្រោម​ស្រទាប់វា ត្រូវបាន​ក្រុមអ្នក​វិទ្យាសាស្ត្រ​អះអាងថា អាចមានសមុទ្រទឹកប្រៃ​ដូចផែនដី។ អ្នកតាមដាន​មានការ​សង្ស័យថា វាអាចកំពុង​លាក់ជីវិតអេលៀន​ផងក៏ថា​បានដែរ។

៣. ទម្រង់ និងអាយុកាល៖ វាមិនសូវខុសពី​​ផែនដីយើង​​នោះទេ ព្រះច័ន្ទដែល​​នៅគោចរ​ចម្ងាយ​ជាង ១លានគីឡូម៉ែត្រ ពីភពព្រហស្បតិ៍ (គម្លាតផែនដី និងព្រះច័ន្ទគុណនឹង ៣) និងគោចរមួយ​ជុំភព​ក្នុងរយៈពេល ១៧២ម៉ោងនេះ ត្រូវបានកកើត​​ឡើងខ្ទង់ ៤.៥ពាន់​លានឆ្នាំមក​ហើយ ដែលប្រហាក់ប្រហែល​នឹងភព​មេរបស់​វាដែរ។

៤. ទស្សនកិច្ច៖ បើនិយាយពី​ការរកឃើញ Ganymede ដំបូងគេវិញ គឺដោយតារាវិទូ​​ជានិមិត្តរូបអន្តរជាតិ លោក Galileo Galilei ជនជាតិ​អ៊ីតាលី កាលពី​ថ្ងៃទី០៧ ខែមករា ឆ្នាំ១៦១០។ សម្រាប់​យានអវកាស ដែលទៅថត​រូបព្រះច័ន្ទ Ganymede ដោយផ្ទាល់ដំបូង​គេ​នោះ គឺ Voyager II របស់​អង្គការ NASA កាលពី​ថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៧៩ ក្រោយពីរខែ​​ដែលទីក្រុងភ្នំពេញ ត្រូវបានរំដោះ​ពីរបបខ្មែរ​ក្រហម។

៥. គំរោង​រុករក៖ បេសកកម្ម​របស់រុស្ស៊ី ដោយមាន​ការជួយពីសហភាព​អឺរ៉ុប នឹងបញ្ជូនយាន ក្នុងគំរោង JUpiter ICy moons Explorer ទៅចុះចត​​ដោយផ្ទាល់ លើព្រះច័ន្ទ Ganymede នៅអំឡុង​ឆ្នាំ២០៣២។ បេសកកម្ម នឹងចាប់ផ្តើម​សកម្មភាព​នៅឆ្នាំ២០២២ ហើយនឹងបាញ់​បង្ហោះទៅកាន់​ភពព្រហស្បតិ៍ នៅឆ្នាំ២០៣០។ វាមាន​គោលដៅច្រើន គឺសិក្សាពី​ភពព្រហស្បតិ៍ផង និងព្រះច័ន្ទ​រ​បស់វាផង៕

ចែករំលែក