តើភាពជោគជ័យរបស់ SpaceX មានន័យដូចម្តេចចំពោះអង្គការ NASA?

0

(អាមេរិក)៖ សំនួរជាច្រើនត្រូវបានចោទឡើង នៅពេលដែល SpaceX ជាក្រុមហ៊ុន​បច្ចេកវិទ្យា-អវកាសឯកជន តែអាចបោះជំហានទៅមុខយ៉ាងលឿន លើសពីការស្មាន ខណៈដែលអង្គការ NASA ដែលមានបទពិសោធន៍ជាកន្លះសតវត្សរ៍ តែហាក់នៅហ្នឹង​ថ្នល់ពេលខ្លះ ដោយសារតែថវិកាជាតិទម្លាក់មកដូចភ្លៀងរលឹម។ នេះបើតាមការ​ដកស្រង់​ចេញពីវែបសាយបច្ចេកវិទ្យា The Hill របស់អាមេរិក នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។

​ជាក់ស្តែងបំផុតនោះ គឺការហោះហើរ​នាពេលថ្មីៗនេះ​របស់​គ្រាប់រ៉ុក្កែត SpaceX Falcon Heavy បាននិងកំពុងធ្វើឱ្យ​ពិភពលោក ភ្ញាក់​ផ្អើលយ៉ាងខ្លំាង។ គ្រាប់រ៉ុក្កែត​ប្រភេទនេះ​ អាចបញ្ជូនវត្ថុមាន​ទម្ងន់ ៦៤តោន ទៅកាន់​គន្លង​តារាវិថី ដែលនេះបាន​ធ្វើឱ្យវាកា្លយ​ជាយានដឹកនាំមួយ​ ដ៏មានឥទ្ធិពលបំផុតនៅលើ​ពិភពលោក ក្នុងនាំយកវត្ថុធំៗពី​ផែនដី ឡើងទៅ​កាន់​ទីអវកាស។

ងាកទៅមើលនាយកប្រតិបត្តិ (CEO)​ ក្រុមហ៊ុន SpaceX លោក អេឡន ម៉ាស់ក៍ (Elon Musk) បានប្រើប្រាស់​គ្រាប់រ៉ុក្កែត Falcon Heavy ដើម្បីបាញ់​បង្ហោះរយថន្ដ ដើរដោយ​ថាមពលអគ្គិសនី Tesla Roadster ជាមួយ​មនុស្សជ័រ​មានឈ្មោះថា Starman ទៅកាន់​ទីអវកាស។ វីដេអូរបស់ Starman នៅលើតួរថយន្ដ​អាវកាសនេះ​ ជាមួយផែនដី ដែលគេឃើញកង់របសើវាវិលថយក្រោយ​ គឺការបង្ហាញអំពី​តំណាងនៃឆ្នាំ២០១៨ ហើយ​បើសិនជាមិនមានអ្វី ដែលអស្ចារ្យ​ជាងនេះ​លេចឡើង​នោះទេ វានឹងក្លាយ​ជានិមិត្តរូប​មួយ​ទសវត្សរ៍ក៏អាចដែរ។

លើសពីនេះទៅទៀត ក្រុមហ៊ុនមួយនេះ ក៏កំពុងធ្វើការជា​មួយយានអវកាស​ដ៏ធំមួយឈ្មោះថា Big Falcon Rocket (BRF)។ BRF នឹងក្លាយជាយាន​បាញ់បង្ហោះ ដែលមានសមត្ថភាព​នាំវត្ថុមានទម្ងន់ ១៥០តោន ទៅកាន់គន្លង​គោចរកម្រិតទាប​នៃផែន​ដី ហើយមិនតែ​ប៉ុណ្ណោះ វាក៏ជាក្ដីស្រម៉ៃមួយផងដែរ​របស់ លោក Elon Musk ក្នុងការបំពេញ​បេសកកម្ម​ទៅកាន់ភពព្រះ​អង្គារ និងឋានព្រះច័ន្ទ។

ការធ្វើតេស្ដ​របស់ BFR ត្រូវបានគេគ្រោង​នឹងធ្វើឡើង​ នៅកន្លែងបាញ់បង្ហោះ​នៃក្រុមហ៊ុន SpaceX នៅឆ្នាំ២០១៩ ខាងមុខនេះ ជាមួយគន្លង​ហោះហើរទៅកាន់​គន្លងតារាវិថី​ ក្នុងរយៈពេល​ពីរ​ទៅបីឆ្នាំ ហើយ​បេសកកម្ម ទៅកាន់​ឋានព្រះច័ន្ទនឹងធ្វើឡើង​នៅពេលបន្ទាប់។ ម្យ៉ាងវិញទៀត គ្រប់គ្នាហាក់​ដូចជាគ្មានការ​សង្ស័យឡើយ ចំពោះរឿងនេះ ព្រោះ​លោក Elon Musk មានសមត្ថភាព​ធ្វើអ្វីដែលគាត់​បានលើកឡើង ពីព្រោះគាត់​បានទទួលជោគជ័យ​ជាច្រើនរួចមក​ហើយ។

ជាក់ស្តែងភាព​ប្រទាញប្រទង់គ្នា បានកើតមានឡើង​រួចទៅហើយ ដែលវាអាចត្រូវបាន​គេមើល​ឃើញថា ជាការតស៊ូមតិ​រវាងអ្នកគាំទ្រ​ការអភិវឌ្ឍ​របស់អង្គការ NASA និងការបោះជំហាន​យក្ស​របស់ SpaceX។ អ្វីដែលមិន​អាចប្រកែកបាន​នោះ គឺ SpaceX ជាក្រុមហ៊ុន​ឯកជន ប៉ុន្តែមានគោលដៅ​មិនទៅលើតែ​ពាណិជ្ជកម្មទាំង​ស្រុងនោះឡើយ ដោយ​ភាពអស្ចារ្យ និងការសម្រេចគោលដៅ​របស់ CEO ក្រុមហ៊ុន ហាក់ឈរ​នៅមុខគំរោង​នានា បូករួមទាំងគំនិត​ជាតិនិយម​ផងដែរ។ ប៉ុន្តែ​សម្រាប់ NASA វិញ​ការរីកចំរើន​របស់ SpaceX ទំនងជារូបភាព​មួយ ដែលអាចគ្រប​ដណ្តប់​សក្តានុពល និងកិត្តិនាម​របស់ខ្លួន ក្នុងនាមជាអ្នក​ឈរលេខ ១ លើលោក​រាប់ទសវត្សរ៍​មក​ហើយ៕

ចែករំលែក