កុំឲ្យ SpaceX បានដៃពេក! អង្គការ NASA ធ្វើតេស្តម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែត ដ៏ខ្លាំងក្លាមួយ និងទទួលជោគជ័យលើស…

0

(អាមេរិក)៖ ទីបំផុតអ្វីមួយ​ដែលអស្ចារ្យ បានកើតមានឡើង​ហើយ នៅអង្គការ NASA។ ម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែត​ដ៏ខ្លាំងក្លា ត្រូវបានធ្វើតេស្ត​រួចរាល់ ដែលឈ្មោះថ្មីរបស់​គ្រាប់រ៉ុក្កែត​ថ្មីមួយនេះ គឺ Space Launch System (SLS) ហើយក៏នៅតែស្ថិត​នៅក្នុងការអភិវឌ្ឍ ឲ្យបាន​ប្រសើរឡើង​បន្ថែមទៀតដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ វែបសាយ Science Examine ដកស្រង់នៅ​ព្រឹកថ្ងៃអង្គារ តី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ដូចដែលធ្លាប់​ដឹងកន្លងមក​ហើយ ប្រព័ន្ធ SLS នេះជាគ្រាប់រ៉ុក្កែត​ដ៏ខ្លាំង សម្រាប់​បញ្ជូនយាន Orion ឡើងទៅកាន់​ទីអវកាស ដើម្បីដឹកនាំមនុស្ស​ទៅកាន់ឋាន​ព្រះច័ន្ទម្តងទៀត រួមជាមួយនឹង​ភពព្រះអង្គារ នាពេលបន្ត​បន្ទាប់ទៀត។ សម្រាប់ការ​បញ្ជូនមនុស្ស​ទៅឋានព្រះច័ន្ទ​ឡើងវិញនេះ គឺជាគោលដៅថ្មី​របស់រដ្ឋបាល ដូណាល់ ត្រាំ ដែលចង់បង្ហាញ​ភាពអស្ចារ្យឲ្យ​បានឆាប់ ជាជាងការប្រឹងសម្រុក​ទៅកាន់ភពអង្គារ ដោយប្រើពេល​រាប់ទសវត្សរ៍​ទៀត។

សម្រាប់ការធ្វើ​តេស្តប្រព័ន្ធ SLS នេះដែរ ត្រូវបានធ្វើឡើង​កាលពីថ្ងៃទី២១ ខែកុម្ភៈ នៅមជ្ឈមណ្ឌល​អវកាស Stennus នៃរដ្ឋ​មីស៊ីស៊ីពពី (Mississippi) សហរដ្ឋអាមេរិក ដោយ NASA បានបង្ហាញ​មោទនភាព​ខ្ពស់ថា ម៉ាស៊ីននានា​នៅលើ SLS បានបញ្ចេញ​ថាមពលរបស់វា ឈានដល់​កម្រិតកំពូល មិនធ្លាប់មាន​នោះឡើយ​នៅអំឡុងពេល​ធ្វើតេស្តនោះ។ ជាក់ស្តែង​ម៉ាស៊ីននៅក្នុង SLS បានបង្កើន​ថាមពល​​លើស​ដល់ទៅ ១១៣% ក្នុងរយៈពេលតែ ២៦០វិនាទី ដែលវាពិតជា​ខ្លាំងក្លា​ណាស់។

គួរបញ្ជាក់ថា សម្រាប់ប្រព័ន្ធ​បាញ់គ្រាប់រ៉ុក្កែត SLS ត្រូវបាន NASA ដុតដៃដុតជើង​អភិវឌ្ឍន៍ជាង ៤០ឆ្នាំមកហើយ ដើម្បីទ្រទ្រង់កម្មវិធីដឹកនាំយានអវកាសធំៗ ឡើងទៅកាន់​ទីអវកាស ហើយពេលនេះ​អង្គការ NASA ហាក់បានប​ង្ហាញចេញនូវ​ការសម្រេច​លើសពីផែនការ ១០០% ទៅទៀត។ នេះជាការវិវឌ្ឍន៍ថ្មីរបស់ NASA ឆ្លើយតបនឹងការភ្ញាក់ផ្អើល ចំពោះគ្រាប់រ៉ុក្កែត Falcon Heavy Rocket របស់ SpaceX ដែលទើបបាន​រុញច្រានរថយន្តស្ប៉ត Tesla ឡើង​ទៅទីអវកាស កាលពី​ពេលថ្មីៗ​កន្លង​ទៅ។

បើនិយាយពី​សមត្ថភាពរុញច្រាន​យានរបស់ SLS វិញនោះ គឺវាអាចដឹក​បានទម្ងន់ ២៦តោន ដើម្បីរុញច្រានយាន​ឡើងទៅកាន់គន្លង​គោចរកម្រិត​ទាប នៃភពផែនដី ហើយនិង​បន្តរុញច្រានទៅ​កាន់ឋានព្រះច័ន្ទ​ថែមទៀត។ ដោយឡែកគោលដៅ​​អភិវឌ្ឍន៍​ចុងក្រោយ​សម្រាប់ SLS អង្គការ NASA នឹងធ្វើឲ្យវាអាច​ដឹកនាំទម្ងន់​រហូតដល់ ៤៥តោន ទៅកាន់​ទីអវកាស​ផងដែរ៕

ចែករំលែក