Oops! មនុស្សលោក នឹងអាចទទួលដំណឹង​ពីក្រុម អេលៀន (Aliens) នៅឆ្នាំ២០៩០…

0

(អាមេរិក)៖ ទោះបីជាអ្នក​វិទ្យាសាស្ត្រប្រឹងប្រែង​ ស្វែងរកជីវិត​ភពផ្សេង ឬអេលៀន (Aliens) រាប់ទសវត្សរ៍​យ៉ាងណាក៏ដោយ ក៏សញ្ញា​នៃពួកគេ មិនទាន់បាន​បង្ហាញអ្វី​សោះឡើយ ទាំងនៅក្នុង​ប្រព័ន្ធព្រះអាទិត្យ និងពីក្រៅប្រព័ន្ធ​ព្រះអាទិត្យ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Space.com នារសៀល​ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយដកស្រង់​បទសម្ភាសន៍​ ជាមួយអ្នករូបវិទ្យាដ៏ល្បីល្បាញ​មួយរូប។

ទោះបីជាមានក្តីសង្ឃឹម​តិចតួចក៏ដោយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រ​បានអះអាងថា យ៉ាងយូរ​នៅចុង​សតវត្សរ៍ទី ២១ នេះ (អំឡុងឆ្នាំ២០៩០) មនុស្សលោកនឹង​អាចទទួល​បានតំរុយ​ពីក្រុមជីវិតក្រៅ​ភពអេលៀន ប៉ុន្តែការលើកឡើង​នេះ មិនបានបញ្ជាក់នោះឡើយថា តើមនុស្ស​នឹងអាចទាក់ទង​ជាមួយអេលៀន ដោយវិធី​ណាមួយ ឬក៏អាចដោយ​ផ្ទាល់តែ​ម្តង​នោះឡើយ ប៉ុន្តែបើបច្ចេកវិទ្យា​ថ្មីៗ និងការខិតខំ​​របស់តារាវិទូ​​នោះ​ ប្រាកដជា​សម្រេច​​បាន។

បើតាមការ លោក Michio Kaku រូបវិទូ​ជនជាតិអាមេរិក-កាត់ជប៉ុនដ៏ល្បីល្បាញ ឆ្លើយតបទៅនឹង​ភាពដែលអាច​ទៅរួចថា មានជីវិតអេលៀន កំពុងកសាង​អរិយធម៌ដ៏​ល្បីល្បាញ និងអស្ចារ្យមួយ នៅភពផ្សេងក្រៅពី​ភពផែនដីនោះ លោក Kaku បានអះអាងថា «ខ្ញុំមានអារម្មណ៍​ផ្ទាល់ខ្លួនថា យើងនឹងអាចធ្វើការ​ទាក់ទងជាមួយអរិយធម៌​ក្រៅភព ដោយធ្វើ​ការស្តាប់ រលកវិទ្យុទូរគមនាគមន៍​របស់ពួកគេ។ ប៉ុន្តែការនិយាយ​ទៅកាន់​ពួកគេនឹងជារឿងលំបាកខ្លាំង​ណាស់ ដោយសារតែពួកគេ​អាចមានចម្ងាយ​រាប់ពាន់ម៉ឺន​ឆ្នាំពន្លឺពីយើង​ឯណោះ»។

អ្វីដែលគួរឲ្យចាប់​អារម្មណ៍​បន្ថែម ក្រោមការលើកឡើងប្រកប​ដោយហេតុផល និងទស្សនៈ​វែងឆ្ងាយរបស់ លោក Kaku នោះ ទោះបីជាមនុស្ស​បានរកឃើញ​អេលៀន​ក៏ដោយ ក៏ឧបសគ្គជាច្រើន​នៅតែជួបប្រទះ ដូចជាមនុស្ស​ត្រូវសិក្សា និងបកប្រែភាសា​​នៃពួកអេលៀន​ទាំងនោះ ដើម្បីអាចយល់​ពីការទំនាក់ទំនង និងលក្ខណៈ​នៃសង្គមជាតិ​របស់ពួកគេ។

លោក Kaku បានសង្កត់ធ្ងន់​យ៉ាងដូច្នេះថា «យើងត្រូវ​តែដឹងថា តើពួកគេស្ថិត​ក្នុងជំពូក ១ ២ ឬក៏ ៣?» ដែលសំនួរនេះ គឺចង់សំដៅទៅលើ​កម្រិត នៃការអភិវឌ្ឍ​បច្ចេកវិទ្យា និងអរិយៈធម៌​​របស់ពួកអេលៀន​ទាំងនោះ ដើម្បីឲ្យ​បានដឹងថា តើទំនាក់​ទំនង​របស់ពួកគេ ប្រើប្រាស់​​ថាមពលក្នុងកម្រិត​ណាមួយ។ សំនួរបន្ថែម​ធំជាងនេះ ទៀត គឺថាតើពួកគេជាអរិយៈធម៌ កំណាច ឬក៏សន្តិភាព ក្នុងការធ្វើឲ្យ​យើងទាក់ទង​ប្រកបដោយទំនុក​ចិត្តនោះ?

បើតាមសម្តី​ដ៏មានតម្លៃ របស់លោក Kaku គឺថ្ងៃណាមួយពួកគេ​អាចជិះយាន​មកចុះចត​លើទីវាលាសេតវិមាន​អាមេរិក ហើយប្រកាស​ប្រាប់អត្តសញ្ញាណ និងប្រភព​របស់ពួកគេ​​តែម្តង ប៉ុន្តែលោកថា វាទំនងជា​មិនអាចទៅរួច​នោះឡើយ ព្រោះពួកគេ​យើងអាចត្រឹមតែ​ជាព្រៃឈើ និងសត្វធាតុ នៅក្នុងកែវភ្នែក​ពួកគេប៉ុណ្ណោះ ដែលនិយាយ​រួមទៅ វានឹងមិនមែន​ជាទំនាក់ទំនង​ដ៏ប្រសើរនោះឡើយ។

គួរបញ្ជាក់ថា គំនិតរបស់​លោក Michio Kaku គឺបានកើត​មានឡើង បន្ទាប់ពី​រូបវិទូ​មួយ​ចំនួន បានលើកឡើងនា​ពេលកន្លងមក អំពីលទ្ធភាព​ដែលមនុស្សអាច​រកឃើញអេលៀន ដោយ​ក្នុងនោះ តារាវិទូមួយរូប​បានព្យាករណ៍ថា វានឹងកើតឡើង​អំឡុងពេល ១,៥០០ឆ្នាំ​ទៀត ហើយអ្នកផ្សេង​ទៀតបែរ​ជាគិតថា យើងអាចរក​ឃើញជីវិត​ឆ្លាតវៃ យ៉ាងហោច​ណាស់​នៅអំឡុង​ឆ្នាំ២០៤០ តែប៉ុណ្ណោះ៕

ចែករំលែក