នាវាមុជ​ចូល​សមុទ្រ​ព្រះច័ន្ទ Titan កំពុងត្រូវបាន​ផលិត​ដោយ NASA! ស្វែងយល់​ព័ត៌មាន​បន្ថែម

0

 

(អាមេរិក)៖ វាពិតជារឿងដែល​រំភើបណាស់ ប្រសិនបើមនុស្សពិត​ជាអាចបាញ់នាវាមុជ​ទឹក​ខ្នាតតូចមួយ ដើម្បីធ្វើដំណើររាប់រយលាន​គីឡូម៉ែត្រ សំដៅទៅចុះចតលើ​ព្រះច័ន្ទទីតាន ដែលមានមហាសមុទ្រ​មេតានរាវ នៅលើផ្ទៃរបស់វានោះ ហើយគោលដៅតែមួយគត់​នោះ គឺការសិក្សាអំពី​បរិស្ថានក្នុង​សមុទ្រ Titan និងបរិយាកាសដ៏ត្រជាក់របស់វា។ នេះបើ​តាម​ការ​ដកស្រង់ការផ្សាយ​ចេញពី Space.com នាល្ងាច​ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ជាក់ស្តែង​នាវាមុជទឹក ឬគ្រឿងយន្ត​រុករកក្នុងទឹក កំពុងស្ថិតនៅក្នុងការ​អភិវឌ្ឍនៅឡើយ​ដោយក្រុម​ការងាររុករក Titan នៃអង្គការ NASA។ ក្រុមអ្នកស្រាវជ្រាវ នឹង​ធ្វើតេស្តនាវា នោះនៅក្នុងសមុទ្រសិប្បនិមិត្ត ដែលមានលក្ខណៈ​ស្រដៀងនឹងសមុទ្រ​របស់ទីតាន នៅក្នុងមន្ទីរពិសោធន៍​របស់ NASA ផ្ទាល់តែម្តង ខណៈដែល​ទីតានត្រូវបានគេដឹងថា គឺជាទីឋានតែ​មួយគត់ នៅក្នុងប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីភព​ផែនដី ដែលមានវត្ថុរាវ​​អណ្តែតនៅលើផ្ទៃ​ស្រទាប់​លើរបស់វា។

 

បើតាមទិន្នន័យ ដែលអង្គការ NASA និង ESA បានធ្វើការ​សិក្សានាពេលកន្លង​មកនេះ សមុទ្ររបស់ Titan គឺខុសឆ្ងាយពី​សមុទ្រនៅលើ​ផ្ទៃផែនដី ប៉ុន្តែអ្វីដែលដូចគ្នា​នោះ គឺវាជាវត្ថុរាវ អាចបណ្តែតខ្លួន​បានដូចគ្នា។ សមុទ្ររបស់​ទីតាន ត្រូវបានផ្សំ​ឡើងដោយ មេតាន និងអេតាន ដែលសីតុណ្ហភាព​ពិតជាត្រជាក់ខ្លាំង​បំផុត រហូតដល់ទៅ -១៨៤ អង្សាសេ​ឯណោះ។ នេះបើតាមទិន្នន័យ​ពីគ្រឿងយន្ត Huygens របស់ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA ដែលភ្ជាប់​ជាមួយ​យាន Cassini របស់ NASA ទៅចុះចតលើទីតាន កាលពីឆ្នាំ២០០៥។

គំរោង​របស់អង្គការ NASA គឺបញ្ជូននាវាមុជ​ទឹកស្វយ័ត្រមួយ ទៅធ្វើការចុះចត​​ចូលទៅក្នុង​សមុទ្រធាតុមេតាន​របស់ទីតាន ដែលធំបំផុត​មាន​ឈ្មោះថា Kraken Mare ដែលយកឈ្មោះ​​តាមភាសាឡាទីន ដែលហៅសំដៅ​​ទៅរកសមុទ្រ។ សម្រាប់សមុទ្រ​ខាងលើនេះ គឺគ្រប​ដណ្តប់ ៤០០,០០០គីឡូម៉ែត្រក្រឡា នៃផ្ទៃរបស់ទីតាន ហើយសម្រាប់​សមុទ្រធំទីពីរ​របស់វា គឺ Ligeia Mare ដែលមាន​ទំហំតែ ១ ភាគ ៣ ប៉ុណ្ណោះ នៃទំហំរបស់​មហាសមុទ្រ Kraken Mare។

គួរបញ្ជាក់ថា សំនួរធំមួយក៏នឹងត្រូវធ្វើការបកស្រាយផងដែរថា តើសមុទ្រ​មេតាន​របស់ទីតាន មានទំនាក់ទំនងដូចម្តេច​ ចំពោះបរិយាកាស​របស់វា ដែលពោពេញ​ទៅដោយ នីដ្រូសែន (អាសូត) រហូត​ដល់ទៅ ៩៨% នោះ? វាពិតជាមិនដូច​នៅលើផែនដី​នោះទេ ដោយសារធាតុ​អាសូត​របស់ទីតាន បានរំលាយ​ចូលទៅក្នុង​មហាសមុទ្រ​​ទាំងនោះ ដែលយើងអាចទទួលបាន ១៥ ទៅ ២០% នៃអាសូត​ដែលត្រូវបាន​រំលាយ ហើយវាជាពិត​ជាមានសារៈសំខាន់​ណាស់ នៅក្នុងចលនា​បម្រែបម្រួល​បរិយាកាស​របស់ទីតាន។

ចំណុចសំខាន់៖ ​ក្រុមអ្នកស្រាវជ្រាវ​ នៃសាកល​វិទ្យាល័យ​រដ្ឋវ៉ាស៊ីនតោន កំពុងសហការ​ជាមួយទីភ្នាក់ងារ​អវកាស​អាមេរិក NASA ដើម្បីរិះរក​វិធី ដែល​នឹង​​​​អាចឲ្យ​នាវាមុជទឹក​មួយគ្រឿង ដំណើរការ​បាននៅលើ​ព្រះច័ន្ទ Titan របស់ភពសៅរ៍ Saturn ខណៈដែល NASA មានបំណងបាញ់​បញ្ជូន​​នាវាមុជទឹក​មួយគ្រឿង ទៅកាន់សមុទ្រ​របស់ព្រះច័ន្ទ​នោះ នៅក្នុងពេល ២០ឆ្នាំទៀត ដើម្បី​សិក្សា​ស្រាវជ្រាវ។

គួរជម្រាបថា នាវាមុជទឹក​ខាងលើ នឹងត្រូវធ្វើប្រតិបត្តិការ​ដោយស្វ័យប្រវត្តិ​ដោយវាត្រូវធ្វើការ​សិក្សាទៅលើលក្ខខណ្ឌ​បរិកាស និង​ផ្ទៃសមុទ្រ, ចល័តនៅ​ជម្រៅជ្រៅក្បែរ​បាតសមុទ្ររបស់ Titan ហើយបណ្តែតខ្លួន​នៅលើ ឬក្រោមផ្ទៃសមុទ្រ​អេលៀ​ន​នោះ៕

ចែករំលែក