នៅឆ្នាំ២០២៩ អាមេរិក​នឹងបញ្ជូនមនុស្ស ទៅដើរលើ​ឋានព្រះច័ន្ទ​ម្តងទៀត ឲ្យខាង​តែ​បាន!

0

(អាមេរិក)៖ ផែនការរុករក​ឋានព្រះច័ន្ទ​ម្តងទៀត ពីសំណាក់​សហរដ្ឋអាមេរិក មិនមែនជា​រឿង​ដែលស្ថិតនៅក្នុងក្តី​សុបិន្ត​ទៀតឡើយ ដោយ​ទីភ្នាក់ងារ​អវកាស NASA ក្រោយទទួល​បានគោល​នយោបាយ​អវកាសថ្មី ពីសំណាក់​រដ្ឋបាល លោក ដូណាល់ ត្រាំ នោះ កំពុង​តែដុតដៃដុត​ជើង ក្នុងការសិក្សា អភិវឌ្ឍន៍យាន និងបញ្ជូនមនុស្ស​ទៅជាន់ដីព្រះច័ន្ទម្តងទៀត នៅអំឡុងចុងទសវត្សរ៍ឆ្នាំ២០២០ (ឆ្នាំ២០២៩ យ៉ាងយូរ)។ នេះបើតាម​​ការដកស្រង់ពី Space.com នាល្ងាច​ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ការអះអាង​ខាងលើនេះ ត្រូវបានធ្វើឡើង​នៅអំឡុងពិធីទទួល​ទានអាហារ​ពេលព្រឹក នៃសមាគម​អ្នកដឹកជញ្ជូន​អវកាស ដោយក្នុងនោះ​ លោក Robert Lightfoot បានលើក​ឡើងអំពី​គោលដៅ​សំខាន់ៗរបស់​អង្គការ NASA សម្រាប់​ឆ្នាំ២០៣០ ហើយនឹងអ្វី​ដែលអាចធ្វើ​បាននា​ពេលនេះ ក្រោយថវិកាជាតិ​ទ្រទ្រង់ដល់ពាក់កណ្តាល​ឆ្នាំ២០១៩ ត្រូវបានសម្រេច​ចេញកាលពី​សប្តាហ៍មុន។

 

ជាក់ស្តែង​អ្វីដែល NASA អាចធ្វើបាននោះ គឺការបញ្ជូន​មនុស្សទៅឋាន​ព្រះច័ន្ទ ដែលអាច​ជាគោលដៅ​សិក្សារយៈពេល​វែងជាងមុន និងជាគំរោង​សាងសង់មូលដ្ឋាន​មនុស្ស ជាអចិន្ត្រៃយ៍​នៅលើនោះ​តែម្តង។ សម្រាប់អ្វីដែល​ត្រូវការការអភិវឌ្ឍ​ដំបូងនោះ គឺស្ថានីយ​អវកាស ដែលត្រូវគោចរ​ជុំវិញព្រះច័ន្ទ (Lunar Orbiting Platform – Gateway) ឬជាស្ថានីយ​សម្រាប់​មនុស្ស Deep Space Gateway ដែលវាជាអ្វី​ដែលត្រូវ​ធ្វើឡើង​ដើម្បីឲ្យក្លាយជាមន្ទីរ​ពិសោធន៍របស់មនុស្ស នៅជុំវិញគន្លង​គោចរនៃឋាន​ព្រះច័ន្ទ ដែលនឹង​ចាប់ផ្តើមដំណើរការ​នៅឆ្នាំ២០២២។

គួរបញ្ជាក់ថា ថវិកាជាតិ​របស់ NASA គឺមានការផ្តោត​សំខាន់ច្រើន ទៅលើការ​ផលិត​យាន ដើម្បីធ្វើការចុះចត​នៅលើផ្ទៃ​ព្រះច័ន្ទ ដោយក្នុងនោះវា​អាចមាន​យានតូចៗ សម្រាប់​បម្រើក្នុងវិស័យ​ពាណិជ្ជកម្ម​ផងដែរ។ លោក Lightfoot បាន​និយាយថា «ការបញ្ជូនយាន​ទៅចុះលើ​ផ្ទៃព្រះច័ន្ទ គឺធ្វើទៅតាមការ​ស្នើសុំកាលពីមុន ហើយវានឹង​មានចម្លើយ​នៅក្នុងពេល​ឆាប់ៗខាង​មុខនេះ»។

ចំណុចសំខាន់៖ បេសកកម្ម​របស់អង្គការ NASA នៅ​ថ្ងៃអនាគត នឹងមាន​ការតភ្ជាប់ជាច្រើន​ជាមួយនឹង​វិស័យឯកជន និងដៃគូក្នុង​ស្រុក​នានា ដោយ NASA ចង់ឲ្យការ​រុករកទីអវកាស​របស់ខ្លួន កាន់តែមាន​សក្តានុពល និងអាច​ប្រកួត​ប្រជែង​ជាមួយវិស័យ​អវកាស​ឯកជន ជា​ពិសេស SpaceX ជាដើម៕

ចែករំលែក