បរិស្ថានកាន់តែ​ប្រែប្រួល! អង្គការ NASA បាញ់បង្ហោះ​ផ្កាយ​រណប-អង្កេតបរិយាកាស ដែល​នៅហោះសំកាំង​លើអាមេរិក​រហូត…

0

(វ៉ាស៊ីនតោន)៖ ខណៈពេល​ដែលបរិយាកាស​ភពផែនដី កំពុងមាន​ការប្រែប្រួលយ៉ាង​ខ្លាំង​នោះ អង្គការ NASA របស់សហរដ្ឋអាមេរិក បានដឹកនាំការ​បាញ់បង្ហោះផ្កាយរណប​មួយ មានឈ្មោះថា GOES-S ទៅកាន់​គន្លងតារាវិថី ដើម្បីធ្វើការសិក្សាបន្ថែម​អំពីភូមិសាស្ត្រ និងអាកាសធាតុ នៃភព​របស់យើង។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨។

ផ្កាយរណប​ខាងលើនេះ ត្រូវបានរុញច្រាន​ទៅកាន់ទីអវកាស ដោយគ្រាប់​រ៉ុក្កែត Atlas V របស់អង្គការ ULA (United Launch Alliance) នៅឯស្ថានីយ​ទ័ពអាកាស Cap Canaveral នៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍​សហរដ្ឋអាមេរិក កាលពី​វេលាម៉ោង ៥៖០២នាទីល្ងាច​​ ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយ​ផ្កាយរណប GOES-S មួយគ្រឿងនេះ នឹងត្រូវផ្តល់​តួនាទីដល់​រដ្ឋបាលបរិយាកាស និងមហាសមុទ្រ​ជាតិអាមេរិក​គ្រប់គ្រង។

សម្រាប់ GOES-S ឬឈ្មោះ​​ពេញ​ហៅថា Geostationary Operational Environmental Satellite ត្រូវបានរុញច្រាន​​ដល់គន្លង​តារាវិថី នៃភព​ផែនដី​កាលពី​វេលាម៉ោង ៨៖៣១នាទី​​យប់​ថ្ងៃដដែល ហើយបន្ត​​បន្ទាប់​ទៀត វាចាប់ផ្តើមធ្វើការពង្រីក​​ប្រព័ន្ធ​ស្រូប​ថាមពល​​ពីព្រះអាទិត្យ (ផ្ទាំងសូឡា) ដើម្បីចាប់ផ្តើម​​ដំណើការ​ម៉ាស៊ីន​​តែម្តង។

គួរបញ្ជាក់ថា ផ្កាយរណប​ខាងលើនេះ គឺត្រូវប្រើប្រាស់​ដើម្បីប្រយោជន៍​ធំរបស់អាមេរិក​ប៉ុណ្ណោះ ដោយវានឹងធ្វើ​ការអង្កេត និងផ្តល់រូបភាព​នៃព្យុះកំណាច​នានា ដែលវាយ​ប្រហារ​លើ​សហរដ្ឋអាមេរិក។ បន្ថែមពីនេះ​វានឹងធ្វើការសិក្សា និងព្យាករណ៍​បរិយាកាស ដែលមាន​ដូចជា ព្យុះកំណាច ការព្រមានទុកមុខ ការកំណត់​ពេលវេលា ផ្គរ-រន្ទះ និងការព្យាករណ៍​​អាកាសធាតុ​ជារួម ក្នុងរយៈពេល​យូរ។

ចំណុចពិសេស៖ ចំពោះ​ផ្កាយរណប GOES-S នេះដែរ គឺមាន​លក្ខណៈពិសេសត្រង់​វាមិនចល័ត​ទៅណានោះ​ឡើយ ដោយវានឹង​រក្សាគន្លង​របស់វា នៅពីលើដែនដី​អាមេរិក ដើម្បីបំពេញតួនាទីទៅតាមការ​កំណត់។ ដោយ​ឡែក ULA វិញ គឺអង្គការ ឬក្រុមហ៊ុន​​មួយ ដែលមានបទ​ពិសោធន៍ខ្ពស់បំផុត នៅក្នុងបេសកកម្មបាញ់បង្ហោះ​អវកាស ដោយ​មាន​ភាគរយ​​ទទួលជោគជ័យ​រហូតដល់ ១០០% ឯណោះ​នៅសហរដ្ឋអាមេរិក៕

ចែករំលែក