ដំណឹងល្អ! យានរុករកថ្មីរបស់ NASA កំពុងត្រៀមបាញ់​បង្ហោះ ទៅចុះចតលើភព​ព្រះអង្គារ​ហើយ.

0

 

(អាមេរិក)៖ ទីបំផុតយាន​រុករកមួយគ្រឿងថ្មី​របស់អង្គការ NASA ត្រូវបានបញ្ជូន​ទៅ​ដល់​កន្លែងត្រៀមបាញ់​បង្ហោះហើយ ដែលវាជាក្តីសង្ឃឹមថ្មី​មួយទៀត ក្នុងការ​បំពេញ​មហិច្ឆតា​​សិក្សា​បន្ថែម អំពីអ្វីៗ​ដែលមាន​​នៅក្នុងផ្ទៃ​ភព​ព្រះអង្គារ ដែលស្ថិត​នៅចម្ងាយរាប់រយ​លាន​គីឡូម៉ែត្រ ពីភពផែនដី​​យើងនេះ។ នេះបើតាម​ការ​ចេញ​ផ្សាយ​ដោយ Space.com នាព្រឹក​​ថ្ងៃសៅរ៍ ទី០៣ ខែមីនា ឆ្នាំ២០១៨។

យានរុករក​ដែល​មាន​ឈ្មោះ​ថា InSight lander ត្រូវបានបញ្ជូន​មកដល់មូលដ្ឋានទ័ព​អាកាស Vandeberg នៃរដ្ឋកាលីហ្វរញ៉ា នៅរសៀលថ្ងៃសុក្រ​សប្តាហ៍នេះ តាមរយៈ​យន្តហោះដឹក​ទំនិញពិសេស របស់កងទ័ពអាកាស​អាមេរិក C-17។ មន្ត្រីរបស់​អង្គការ NASA បានឲ្យដឹងនា​ឱកាស​នោះថា យាន InSight Lander ត្រូវបាន​​បញ្ជូន​មកពី​រោងចក្រ Denver នៃក្រុមហ៊ុន Lockheed Martin ដែលជាអ្នកផលិតវា​ឡើងមក។

យាន InSight Lander នឹងត្រូវ​បាញ់បង្ហោះ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើដំណើរទៅកាន់ភព​ព្រះអង្គារ តាមការគ្រោងទុក​យ៉ាងល្អិតល្អន់បំផុត ហើយបើគិតចាប់ពី​ពេលនេះទៅ គឺនៅសល់តែ ០៨សប្តាហ៍​ទៀតប៉ុណ្ណោះ។ យាននេះ​នឹងប្រើគ្រាប់​រ៉ុក្កែតរបស់ក្រុមហ៊ុន ULA ប្រភេទ Atlas V ដើម្បីរុញច្រាន​​ចេញពី​តំបន់ឆ្នេរភាគខាងលិច​អាមេរិក ដែលមិនធ្លាប់មាន​នោះឡើយ​ពីមុនមកឡើយ។

គួរបញ្ជាក់ថា យានរុករកថ្មី InSight Lander នឹងមានតួនាទី​ក្នុងការសិក្សា​អំពីស្រទាប់ក្នុង នៃភពអង្គារ តាមរយៈឧបករណ៍​ពិសោធន៍ និងជីកគាស់ ដែលមាននៅក្នុង​តួខ្លួនវា​ស្រាប់។ យាននេះ​នឹងទៅ​ដល់ភពអង្គារ នៅអំឡុង​ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយការចុះចតយាន​លើផ្ទៃភពអង្គារ នឹងក្លាយជាក្តី​រំភើបខ្លាំងបំផុត មិនខុស​ពីជំនាន់នៃការចុះចត​យាន Phoenix, Mars Rover និង Curiosity នោះឡើយ ដោយគ្រប់គ្នា​រំពឹងថា នឹងប្រព្រឹត្តទៅ​ដោយជោគជ័យ​បំផុត។

ចំណុចសំខាន់៖ InSight Lander មានឧបករណ៍​កំដៅដោយខ្លួន ដែលអាចទ្រាំទ្រ​បរិស្ថានក្នុង​ផ្ទៃភពអង្គារ ជាមួយជម្រៅ​អតិបរមា ០៥ម៉ែត្រ ហើយនឹង​សិក្សា​​អំពី​ចលនា​នៅក្នុងផ្ទៃដី​ របស់ភពអង្គារ​តែម្តង។ វានឹង​សិក្សារកឲ្យឃើញថា តើផ្ទៃស្រទាប់ក្នុង​របស់ភពអង្គារ ត្រូវបានបង្កើត​ឡើងយ៉ាងដូចម្តេច ព្រមទាំង​សមាសធាតុផ្សំ​របស់វា​ផងដែរ៕

ចែករំលែក