អ្នក​ស្នងតំណែងថ្មី គឺកែវ​យឺត​អវកាស James Webb នឹង​ទម្លាយ​អាថ៌កំបាំង​ធំមួយ នៃភព​អង្គារ…

0

 

(អាមេរិក)៖ ទោះបីជាមាន​ក្រុមអ្នកវិទ្យាសាស្ត្រ​កន្លង បានធ្វើការសន្និដ្ឋាន​បែបនេះបែបនោះ អំពីការបាត់បង់បរិយាកាសរបស់​ភពអង្គារ​ក៏ដោយ ប៉ុន្តែរឿងពិតនៅពីក្រោយការ​បាត់បង់នេះ នៅតែស្ថិតក្នុង​អាថ៌កំបាំងដដែល ហើយវាតម្រូវឲ្យ NASA ស្វះស្វែងរក​វិធីថ្មី ដើម្បីស្វែងរក​ចម្លើយដែល​គ្រប់អាចទទួល​យកបាន។ នេះបើតាម​ការចេញផ្សាយ ដោយ​សារព័ត៌មាន Space.com នាព្រឹក​ថ្ងៃអាទិត្យ ទី០៤ ខែមីនា ឆ្នាំ២០១៨។

ពិតប្រាកដ​ណាស់ គ្រឿងយន្តអវកាសថ្មី ដែលនឹងទម្លាយ​ចម្ងល់នេះបាន គឺកែវយឺតអវកាស James Webb ដែលមិនត្រឹមតែអាច​ធ្វើការសិក្សាភព​អេលៀន ក្រៅប្រព័ន្ធ​ព្រះអាទិត្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាច​សិក្សាដឹង អំពីអតីតកាលនៃភពមួយ​ចំនួនទៀត នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យយើង​នេះដែរ។ ជាក់ស្តែងគឺ​ភពអង្គារនេះតែ ដែល​អាថ៌កំបាំង​នៃផ្ទៃទឹក និងបរិយាកាស​នៃភព​ក្រហម​នេះ នឹងត្រូវ James Webb បកស្រាយ ចាប់តាំងពី​ពេលវេលានៃការបង្កើតភព ៤.៥ពាន់លានឆ្នាំមុន។

អ្វីដែលអ្នកវិទ្យាសាស្ត្រ​អាចធ្វើការសន្និដ្ឋាន​ជាបឋមនោះ គឺកាលពី​អតីកាល ភពអង្គារក៏មាន​មហាសមុទ្រ​លាតសន្ធឹងនៅលើផ្ទៃ​របស់វាដែរ ដោយអាចមាន​ជម្រៅស្មើនឹងជម្រៅ​សមុទ្រ មែឌីទែរ៉ាណេ​ផងដែរ។

ដោយសារ​​បរិយាកាស​កាន់​តែស្តើង បានបង្កឲ្យវត្តមាន​​មហាសមុទ្រ​កាន់តែ​​​ស្តួចស្តើងទៅតាមនោះដែរ ហើយចុង​ក្រោយទឹក​ដែល​នៅ​សេសសល់ ត្រូវកកក្លាយ​ជាកាតឹបទឹកកក​​នៅក្នុងផ្ទៃភព​អង្គារ​​តែម្តង។ ប៉ុន្តែថា​តើកត្តាអ្វីខ្លះ ដែលបានបង្ករឿងទាំងនេះ​ឡើង?

អ្វីដែលជា​ដំណឹងល្អនោះ គឺភពអង្គារនឹងក្លាយ​ជាគោលដៅដំបូង សម្រាប់​កែវយឺតអវកាស James Webb ដែលនឹងហោះឡើង​ទៅទីអវកាស នៅឆ្នាំ២០១៩ ខាងមុខនេះ​ហើយ។ វានឹងត្រូវស្នងតំណែងពី​កែវយឺតអវកាស Hubble ដែលបានបំពេញ​បេសកកម្ម​រាប់ទសវត្សរ៍​មកហើយ និងដល់ពេល​ត្រូវសម្រាក រួចទុកតួនាទី​នេះឲ្យ James បន្តទៅ​មុខទៀត ហើយប្រតិបត្តិការ​ជះក្រសែភ្នែកទៅលើ​ភពអង្គារ អាចនឹងកើត​ឡើងនៅចន្លោះ​ខែឧសភា ដល់​កញ្ញា ឆ្នាំ២០២០។

ចំណុចពិសេស៖ James Webb នឹងធ្វើការ​គណនាអំពី​ម៉ូលេគុល​គីមី ដែលមាន​នៅក្នុង​បរិយាកាស​នៃភពអង្គារ ហើយបញ្ជូន​ទិន្នន័យទាំងអស់​ដែលទទួលបាន ទៅកាន់​ក្រុមការងារ​សិក្សា​អំពីភព​នៃអង្គការ NASA ដើម្បីធ្វើការប្រៀបធៀប​ជាមួយ​នឹងទិន្នន័យ​របស់យានរុករក ក៏ដូចជាផ្កាយរណបនានា ដែលបាន និងកំពុងបំពេញ​បេសកកម្មនៅទីនោះ៕

ចែករំលែក