អវកាសយានិកជើងចាស់៖ «គំរោង​ប្រគល់​ស្ថានីយ​អវកាស ISS ឲ្យឯកជន​គ្រប់គ្រង មិនមែន​ជារឿង​អាក្រក់​ឡើយ…»

0

(អាមេរិក)៖ នៅពេល​មានព័ត៌មានថា រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ចង់ផ្តាច់ការ​ផ្តល់មូលនិធិ​រដ្ឋាភិបាលដល់ ​ស្ថានីយ​អវកាស​អន្តរជាតិ ISS នៅ​ឆ្នាំ២០២៥ មតិជំទាស់​ជាបន្តបន្ទាប់​ បានកើតមាន​ឡើងភ្លាមៗ ចំពោះគោលបំណង​នេះ​តួយ៉ាង​​ព្រឹទ្ធសមាជិក​អាមេរិកពីររូប មកពីគណបក្សនយោបាយ ដែលតែងតែ​ប្រឆាំងគ្នា គឺលោក បៀល នែលសុន (Bill Nelson) នៃបក្ស​ប្រជាធិបតេយ្យ និង​លោក ធែក គ្រូស (Ted Cruz) នៃបក្ស​សាធារណរដ្ឋ បានចេញមុខប្រឆាំង​យ៉ាងដាច់អហង្ការ​ ចំពោះសំណើនេះ ដែលស្ថិតនៅក្នុង​សេចក្តី​ព្រាង​​កញ្ចប់​ថវិកា​ឆ្នាំ២០១៩របស់ លោក ដូណាល់ ត្រាំ។ នេះបើតាម​ប្រភពពី Business Insider ដែលត្រូវបាន​ដកស្រង់ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨។

យ៉ាងណាមិញ អតីតអវកាសយានិក​ម្នាក់​របស់ទីភ្នាក់ងារ​អវកាស NASA គឺលោកស្រី សេនឌី ម៉ាកនូស (Sandy Magnus) បានលើកឡើង​បែបនេះវិញ​ថា ការបោះជំហាន​ដើរចេញពី​ស្ថានីយ ISS អាចចាត់​ទុកថា ជាសញ្ញាមួយនៃវឌ្ឍនភាព​ឆ្ពោះទៅកាន់គោល​ដៅចម្បង នៃការបញ្ជូន​មនុស្សទៅ​កាន់កន្លែងផ្សេងៗ​នៅក្នុង​ប្រព័ន្ធអាទិត្យ។

លោកស្រី Magnus បាននិយាយ​យ៉ាងដូច្នេះថា តាមរយៈ​ការផ្ទេរសិទ្ធិ​គ្រប់គ្រង​ នៃស្ថានីយអវកាស​អន្តរជាតិ ទៅឲ្យស្ថាប័ន​ឯកជននោះ អង្គការ NASA នៅតែមានឱកាស​បន្តការសិក្សា​ស្រាវជ្រាវរបស់​ខ្លួន នៅក្នុងគន្លងផែនដី​កម្រិតទាប (Low Earth Orbit) ដដែលហើយ​​ទន្ទឹម​នឹង​នោះ​ក៏​អាចផ្តោតកិច្ច​ប្រឹងប្រែងបន្ថែម​ទៀត​ ទៅលើការស្រាវ​ជ្រាវ និង​រុករកនៅលើឋាន​ព្រះច័ន្ទ​ និងភព​ព្រះអង្គារ (Mars) ជាដើម​ផងដែរ។

 

គួរជម្រាបថា លោកស្រី Sandy Magnus ធ្លាប់បានស្នាក់​នៅលើស្ថានីយ​អវកាស ISS អស់រយៈពេល ០៤ខែកន្លះ នៅក្នុង​ឆ្នាំ២០០៨ និង​ឆ្នាំ២០០៩ និងត្រូវបានចាត់ទុក​ជាអវកាយានិកជើងចាស់ប្រកបដោយបទពិសោធន៍។

រំលឹកព័ត៌មាន៖ ចំពោះ​គំរោងនេះ គឺត្រូវបានបញ្ចេញ​​ប៉ុន្មានសប្តាហ៍​កន្លង​មក​ហើយ ប៉ុន្តែភាព​ច្បាស់​​ការខ្លាំង​ទើបតែកើត​ឡើង​នាពេលនេះ​​ប៉ុណ្ណោះ ដោយវាអាចនឹង​ត្រូវអនុវត្តន៍ ចាប់ពី​ឆ្នាំ២០២៤តទៅ ប្រសិនបើសភា​នាពេលខាង​មុខនេះ អនុម័តតាមសេចក្តីព្រាង​របស់រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលកំពុងឈរលើ​គោល​នយោបាយ​ សន្សំសំចៃ​ថវិកា​ជាតិនោះ។

សម្រាប់អ្នកគាំទ្រ​ចំពោះអ្វីដែល ISS បាន និងកំពុងធ្វើប្រតិបត្តិការ​នោះ កំពុងតែមានការ​ព្រួយបារម្ភ​ខ្លាំងថា ការសម្រេចដក​ជំនួយរបស់អាមេរិក​ នារយៈពេលប៉ុន្មានឆ្នាំ​ខាងមុខនេះ នឹងធ្វើឲ្យ​ស្ថានីយ​អវកាស ធំជាងគេតែមួយ​លើកលោកនេះ ជួបបញ្ហាធំ ព្រោះចាប់តាំង​ពីការ​ដំណើរការ​ជាផ្លូវការពី​ឆ្នាំ១៩៩៨ មកទល់នឹង​បច្ចុប្បន្ន អវកាស​យានិក និងអ្នកជំនាញ​នានា​​មកពី ១៧ប្រទេស បានប្រាស្រ័យ​ផលប្រយោជន៍​ និងចូលរួមអភិវឌ្ឍន៍នៅលើនោះរួចមក​ហើយ។

ទោះបីជា​មានការព្រួយបារម្ភលេច​ឮច្រើនឡើងៗក៏ដោយ ឯកសារផ្ទៃ​ក្នុងរបស់ NASA ត្រូវបាន​ទម្លាយឲ្យ​ដឹងថា ក្នុងករណី​ដែលរដ្ឋាភិបាល​សហព័ន្ធអាមេរិក សម្រេចឈប់​ផ្តល់ជំនួយដោយ​ផ្ទាល់ដល់ទីភ្នាក់ងារអវកាសនេះ​ក៏ដោយ ក៏សេតវិមាននឹង​គ្មានគំរោងបោះបង់​ចោល​មន្ទីរ​ពិសោធន៍លើអាកាសនេះ​ទាំងស្រុងដែរ ហើយអាមេរិក​នឹងទាក់ទាញ​វិស័យឯកជន ឲ្យមក​បន្តទ្រទ្រង់​​ស្ថានីយអវកាស ISS ដើម្បីអាចបន្តសកម្មភាព​ទៅមុខដោយ​គ្មានបញ្ហា។

គួរបញ្ជាក់ថា ការប្រកាស​​ផ្តាច់ជំនួយ​ពី ISS នេះគឺមិនមែន​ជា​រឿងដែល​​រដ្ឋបាល ត្រាំ ទើបគិត​គូរនោះ​​ឡើយ ហើយ​​ប្រការនេះ​យើងអាច​សំឡឹង​ទៅមើល​សកម្មភាព​របស់​ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុន​​បច្ចេកវិទ្យា-អវកាស​​ឯកជន កំពុងតែមាន​សន្ទុះខ្លាំង ដូច្នេះ​អាមេរិក​មានគោលដៅ​ឲ្យ​ស្ថានីយអវកាស ក្លាយជាទីតាំង​ដែលវិស័យឯកជន​អាចធ្វើការវិនិយោគ​​ផងដែរ ដែលវានឹងអាច​ជម្រុញល្បឿននៃ​ការអភិវឌ្ឍ និងជាការរក្សា​ថវិកាជាតិ​បានមួយផ្នែក៕


 

ចែករំលែក