សំនួរធំៗទាំង ០៣ នេះ ក្រុមអ្នកវិទ្យាសាស្ត្រ មិនទាន់អាច​រកចម្លើយ​ឃើញ​ឡើយ…

0

(ភ្នំពេញ)៖ យោងតាម​​ការសិក្សាស្រាវជ្រាវ​​កន្លងមក ដោយក្រុមអ្នក​​វិទ្យាសាស្ត្រល្បីៗ នៅ​អាមេរិក ជប៉ុន រុស្ស៊ី អឺរ៉ុប ឬសូម្បីតែចិន​ ​​នាប៉ុន្មានទសវត្សរ៍​​មកនេះ ចម្ងល់ជាច្រើន​មិនទាន់ត្រូវ​បាន​បកស្រាយ ឲ្យគ្រប់គ្នាអាច​ទទួល​យកបាន​នោះ​ឡើយ ដោយសូម្បីតែ​​​អាយុកាល​របស់​ភពផែនដី ក៏ត្រូវបានកែប្រែ​ជាបន្តបន្ទាប់ ដោយក្រុមអ្នក​វិទ្យាសាស្ត្រ ពីមួយជំនាន់​ទៅមួយជំនាន់​ផងដែរ។

ទោះបីជា​បែបនេះក្តី ការមានអំណះអំណាង​ត្រឹមត្រូវ និងការសិក្សាផ្តល់មតិ​យោបល់ រួចបញ្ចេញ​ជាគំនិតរួមនោះ លទ្ធផលដែល​ចេញមកគឺអាច​ទទួលយកបាន និងក្លាយជា​កម្មវិធីសិក្សា សម្រាប់មនុស្ស​ទូទៅលើ​ផែនដី។ ទោះបីជា​បែបនេះក្តី ការអះអាងខ្លះ នៅតែធ្វើឲ្យ​មនុស្សមួយ​ចំនួនយល់ថា ជាការស្រមៃ ឬសន្និដ្ឋាន ប៉ុន្តែភាព​ពិតជាក់ស្តែង ដែលកំពុងស្ថិត​ក្នុងអាថ៌កំបាំងនោះ អាចមិនដូចជាការលើកឡើង​ឡើយ។

ខាងក្រោមនេះ គឺជាសំនួរធំៗ​ទាំង ០៣ ក្នុងចំណោមសំនួរ​រសើបៗជាច្រើន ដែលក្រុម​អ្នកវិទ្យាសាស្ត្រ​មិនអាច​សន្មត់ ១០០% បាននោះឡើយថា វាពិតជាដូច​ការលើកឡើង ក្រោយការសិក្សា​របស់ពួកគេ៖

សំនួរទី១៖ តើទឹកមាន​ប្រភពពីណា? ពីដំបូងឡើយមាន​ការសន្និដ្ឋានថា ទឹកអាចមាន​ប្រភព​ពីក្រៅភព ឬពីអាចម៍​ផ្កាយនានា ដែលហោះមក​ពីប្រព័ន្ធផ្កាយផ្សេង ដែលមានទឹកស្រាប់ ហើយទឹកបង្កប់​ក្នុងអាចម៍ផ្កាយទាំងនោះ បានធ្លាក់ស្រោច​មកលើផែនដី។

ប៉ុន្តែបន្ទាប់ពី​ការរកឃើញ​ទឹក​នៅលើភពអង្គារ ព្រះច័ន្ទយូរ៉ូប៉ា ព្រះច័ន្ទមួយចំនួន​នៃភពសៅរ៍ ឬសូម្បី​តែព្រះច័ន្ទ​របស់យើងនោះ ក្រុមអ្នក​វិទ្យាសាស្ត្រ និងអ្នកសិក្សា​ជាច្រើន ចាប់ផ្តើមមានការ​ងឿងឆ្ងល់​កាន់តែខ្លាំង អំពីប្រភព​ដើមពិតប្រាកដនៃទឹក នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យនេះ។

សំនួរទី២៖ តើជីវិតមាន​​ប្រភព​ពីណា? ក្រុមអ្នកវិទ្យាសាស្ត្រ​​បានឯកភាព​​ជារួមថា ជីវិតដំបូង​បានកើតចេញ​​ពីក្នុងសមុទ្រ កាលពី ១.២ពាន់លានឆ្នាំ​ ក្រោយការ​​បង្កើតភព​ផែនដី​កាលពី ៤.៦ពាន់​លានឆ្នាំ​មុន។ ការលើកឡើងនេះ​ គឺចង់សំដៅ​ទៅលើ​ជីវិត ដែល​បង្កើតឡើង​ដោយឯកឯង​នៅលើ​ផែនដីនេះ ឬអាច​និយាយបានថា មានប្រភពដើម​នៅលើភពផែនដីនេះ​តែម្តង។

ប៉ុន្តែអ្នកវិទ្យាសាស្ត្រ​មួយចំនួន​ទៀត​បាន​អះអាងថា ជីវិតនៅ​ផែនដី អាចមិនមែន​កើតនៅលើផែនដី​​នោះឡើយ ឬក៏ថា ជីវិតនៅលើផែនដី​នេះ​ អាចមិនមែន​​កើតនៅផែនដី​ទាំងស្រុង​នោះ​ឡើយ។ សម្រាប់​ចម្លើយ ទៅនឹង​​សំនួរនេះ គឺនៅតែបន្តស្ថិត​នៅក្នុង​អាថ៌កំបាំងខ្លះៗ ដែលត្រូវការការ​សិក្សា​ស្វែងរកអ្វីៗថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រ​ចម្លើយ​។

សំនួរទី៣៖ តើជីវិតអេលៀន (Aliens) មានពិតមែនឬទេ? សំនួរនេះយើងខ្ញុំធ្លាប់​ធ្វើការ​បកស្រាយជាច្រើនដងហើយ ដោយយោងលើចម្លើយផ្លូវការរបស់ក្រុមអ្នកវិទ្យាសាស្ត្រ ជាពិសេសអង្គការ NASA ប៉ុណ្ណោះ។ ចម្លើយសម្រាប់សំនួរនេះគឺ មកទល់នឹងបច្ចុប្បន្ន មានតែភពផែនដីមួយគត់ ដែលមានជីវិតរស់នៅ ក្នុងចំណោមភពទាំងអស់ នៅក្នុង​ប្រព័ន្ធព្រះអាទិត្យ។

ប៉ុន្តែវាមិនទាន់ចប់នោះទេ កែវយឺតអវកាសនានា បាន​និងកំពុងស្វែងរក​ចម្លើយថ្មីទៀត តាមរយៈការស្វែងរកភពផ្សេងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលបានចេញ​ជាលទ្ធផលជាច្រើន​រួចមក​ហើយ ប៉ុន្តែសម្រាប់ជីវិតដែលអាចកំពុងមានវត្តមាន ​នៅលើភពទាំង​អស់នោះ គឺពុំទាន់មាន​ការអះអាងថា ត្រូវបានរកឃើញ​នៅឡើយ​ទេ៕

ចែករំលែក