តោះៗ! អង្គការ NASA បើកដៃ​ឲ្យចុះឈ្មោះ​​ចូលយាន Parker រួច​បញ្ជូន​ទៅហោះ​ជុំវិញ​​ព្រះអាទិត្យ…

0

(អាមេរិក)៖ នាពេលនេះ​ឱកាស សម្រាប់អ្នក​ដែលមានបំណងចង់ផ្ញើឈ្មោះ​របស់ខ្លួន​ ទៅកាន់ទីអវកាស បានមកដល់ទៀតហើយ ដោយលើកនេះអ្នក​ទាំងអស់គ្នា អាចចារនាម​ចូលទៅក្នុងបន្ទះ​ឈីប ដែលនឹងត្រូវបញ្ជូន​តាម យានអវកាស​របស់អង្គការ NASA ទៅ​កាន់​ព្រះអាទិត្យនា​រដូវក្តៅឆ្នាំនេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ វែបសាយ​អវកាស-វិទ្យាសាស្រ្ត Space.com នៅ​រសៀល​​ថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។

Parker Solar Probe ដែលជាយាន​ដំបូងបំផុត នឹងធ្វើដំណើរ​ត្រង់ផ្ទាល់​ទៅកាន់​ព្រះអាទិត្យ របស់ទីភ្នាក់ងារ​អវកាស NASA នឹង​ចាប់​ផ្តើម​បេស​កកម្មនាអំឡុង​ពាក់កណ្តាលឆ្នាំនេះ ដើម្បីធ្វើដំណើរ​គោចរឆ្លងកាត់​តំបន់ដ៏សែនក្តៅ​នៃផ្កាយរបស់យើង ពោល​គឺ​ជាង​រាប់​លាន​​អង្សា​​សេ ហើយយាននេះ នឹងនាំយកនូវឈ្មោះ​របស់អ្នករាល់គ្នា ដែលចង់ចូលរួម​ក្នុងដំណើរផ្សងព្រេង​ដ៏អស្ចារ្យនេះ។ អ្នក​អាច​ផ្ញើ​ឈ្មោះ​​​​របស់​​អ្នក ​នៅលើបន្ទះ​ឈីប​ខាងលើដោយឥត​គិតថ្លៃ ដោយចូល​ទៅវែប​សាយ

http://parkersolarprobe.jhuapl.edu/The-Mission/Name-to-Sun/ រហូតដល់ថ្ងៃទី២៧ ខែមេសា។

 

គួរជម្រាបថា បេសកកម្ម Parker Solar Probe ដែលមានតម្លៃ ១.៥ពាន់លានដុល្លារ នឹងត្រូវបាញ់​បង្ហោះចេញពី​មជ្ឈមណ្ឌល​អវកាស Kennedy ក្នុងរដ្ឋផ្លូរីដា​របស់ NASA នៅថ្ងៃទី៣១ ខែកក្កដា​ខាងមុខ។

ប្រសិនបើអ្វីៗ​ប្រព្រឹត្តទៅតាម​ការគ្រោងទុក យានអវកាស​នោះ នឹងធ្វើការ​ហោះឆ្វែល Flyby យ៉ាងកៀកចំនួន ២៤លើក​ជុំវិញព្រះអាទិត្យ សម្រាប់អំឡុងពេល ០៧ឆ្នាំបន្ទាប់ ក្នុងរយៈពេល​ចម្ងាយ​ត្រឹម ​៦.២លានគីឡូម៉ែត្រ​ប៉ុណ្ណោះ ពីផ្ទៃ​នៃដុំបាល់ភ្លើង​ដ៏មហិមានេះ ដែល​ចម្ងាយនេះ​គឺកៀកជាងគ្រឿងយន្តអវកាស​នានាដល់ទៅ ០៧ដង ដែល​ធ្លាប់បាន​មកដល់​ក្បែរ​ព្រះអាទិត្យ។

ហេតុដូច្នេះហើយ យាន​អវកាស Parker Solar Probe ត្រូវហ៊ុមព័ទ្ធដោយ​​​ខែលពិសេស​មានកម្រាស់ ១១.៤សង់ទីម៉ែត្រ ដែល​នឹង​​ការ​ពារ​យាន ពីកម្រិតវិទ្យុសកម្ម​ដែលខ្លាំងជាង​អ្វីយើងធ្លាប់ទទួល​រង នៅលើ​ផែនដីដល់ទៅ ៤៧៥ដង និងសីតុណ្ហភាព​ដែល​អាច​កើន​​ដល់ ​១,៣៧០អង្សាសេបាន។ ម៉្យាងវិញទៀត ឧបករណ៍​នានា នៅលើ Parker Solar Probe នឹងអាចធ្វើប្រតិបត្តិការ​តាមធម្មតាបាន នៅ​ក្នុង​លក្ខខណ្ឌ​​ដ៏លំបាកក្បែរ​ព្រះអាទិត្យ៕

ចែករំលែក