ចង់បញ្ជូនមនុស្សទៅ «ផ្កាយ Apha Centauri ដែលនៅជិតផែនដី​» ត្រូវដឹងពី​ចំណុចធំៗ​ទាំងនេះ​សិន…

0

(ភ្នំពេញ)៖ វាមិនមែនជារឿង​ងាយសោះ​ឡើយ ក្នុងការបញ្ជូនយាន​ផ្ទុកមនុស្ស ទៅភពផ្កាយ​ផ្សេង ឬសូម្បីទៅកាន់ភពនានាក្នុងប្រព័ន្ធ​ព្រះអាទិត្យយើង ប៉ុន្តែ​ឧទាហរណ៍ថា នៅប៉ុន្មាន​ទសវត្សរ៍ខាង​មុននេះ មនុស្សអាចរកឃើញ​បច្ចេកវិទ្យា​ណាមួយ ដែលអាច​ផលិតយាន និងផ្ទុកមនុស្ស​ទៅកាន់ភពផ្សេងៗ​ឆ្ងាយៗ ឬទៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ​បានយ៉ាងពិតប្រាកដនោះ តើវានឹងមាន​លក្ខណៈពិសេសចាំ​បាច់អ្វីខ្លះ ត្រូវបង្កប់នៅ​ក្នុងបេសកកម្ម​?

ទោះបីជាអនាគត​ដ៏វែងឆ្ងាយនោះ ពិបាកឲ្យមនុស្ស​ស្រមៃថា ពេលណានឹង​ទៅដល់​ក៏ដោយ​ ប៉ុន្តែគំនិតរបស់​មនុស្ស គឺគ្មានព្រំដែននោះ​ឡើយ ហើយសម្រាប់បច្ចេកវិទ្យា​មួយចំនួន មិនមែនមនុស្ស​គ្មានសមត្ថភាព​បង្កើតនោះទេ គ្រាន់តែវាត្រូវការចំណាយ​ហិរញ្ញវត្ថុច្រើន និងគ្មាន​ប្រទេសណា ឬអង្គការ​ណាមួយ អាចមានលទ្ធភាព​ក្នុងការទ្រទ្រង់​នោះឡើយ ដូច្នេះវាអាចត្រឹមគិតក្នុងខួរក្បាល និងសរសេរលើក្រដាសប៉ុណ្ណោះ។

ប៉ុន្តែ​សូមកុំបោះបង់​ការគិតរបស់អ្នកចោលអី ព្រោះមនុស្សគ្រប់គ្នា​មានសិទ្ធិក្នុងការគិត និងបញ្ចេញមតិ ទៅតាមការយល់ឃើញ ប្រកបដោយទស្សនវិស័យរៀងៗខ្លួន។ ខាងក្រោមនេះ គឺជាឧទាហរណ៍ និងចំណុចធំៗ​ដែលត្រូវគិតគូរ នៅពេលមនុស្ស​ពិតជា​ត្រូវបញ្ជូន​យានផ្ទុក​អវកាសយានិក ទៅកាន់​ប្រព័ន្ធផ្កាយភ្លោះ Alpha Centauri ដែលមាន​​ចម្ងាយ ៤.៣ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់​លាន​គីឡូម៉ែត្រ) ពីភព​ផែនដី​ និងជាផ្កាយដែល​នៅជិតយើង​បំផុតមែននោះ៖

១. លក្ខណៈពិសេស​នៃយាន៖ យាននោះត្រូវតែយាន​ឆ្លងកាត់ពេល​វេលា មានន័យថា ជាម៉ាស៊ីននៃ​ពេលវេលា ដែលអាច​បង្កើនល្បឿន ដល់កៀក​នៃល្បឿនពន្លឺ ឬក៏អាច​ប្រៀបធៀបវានឹង​យានក្នុងរឿង Avatar ដែលអាច​ដឹកនាំមនុស្ស ទៅកាន់ទីនោះ ដោយប្រើពេល​តែ ០៥ឆ្នាំ ទៅ ០៦ឆ្នាំប៉ុណ្ណោះ (ប្រើល្បឿន​ក្បែរល្បឿនពន្លឺ)។ នេះបើ​តាម​ការវិភាគ នៃក្រុមអ្នកវិទ្យាសាស្ត្រ​អង្គការ NASA នាពេល​កន្លងមក។

ចំណុចពិសេស​នៅក្នុងនោះ បើយានអាចហោះ​ដល់កៀកល្បឿន​នៃពន្លឺ នោះបរិស្ថាន​នៅក្នុងយាន​គឺនឹងផ្លាស់ប្តូរទៅតាមនោះ ដោយអវកាសយានិក​នៅក្នុងយាន នឹងឆ្លងកាត់​ពេលវេលា​តិចជាង មនុស្សនៅលើផែនដី​ឆ្លងកាត់។ ឧទាហរណ៍​ បើយានហោះទៅ Alpha Centuari មនុស្សនៅលើផែនដី​ត្រូវអង្គុយចាំ​មើល ០៥ឆ្នាំ ទើបឃើញយាននោះទៅ​ដល់ ផ្កាយនោះ តែសម្រាប់អ្នកនៅលើ​យាននោះផ្ទាល់ ពួកគេបានឆ្លងកាត់ពេលវេលាតែជាង ៤០ថ្ងៃប៉ុណ្ណោះ។

២. ត្រូវប្រាកដថា ទីនោះពិតជា​មានភព៖ ជាក់ស្តែងប្រព័ន្ធ​ផ្កាយភ្លោះបី Alpha Centauri មិនទាន់ឲ្យ​សញ្ញាថា មានភពវិលជុំវិញ​ផ្កាយណាមួយ នៅក្នុងចំណោមផ្កាយ​ទាំងនេះឡើយ ដោយក្រុមតារាវិទូកំពុង​តែអង្កេតជាប់ជានិច្ច។ ទោះបីជាត្រូវ​រកឃើញថា មានភពនៅទី​នោះក៏ដោយ យើងក៏ត្រូវតែប្រាកដច្បាស់ថា វាជា​ភពមានគន្លងត្រឹមត្រូវ​ដូចភពផែនដី និងអាចមាន​បរិយាកាស ឬក៏ជីវិតផង​ក៏ថាបាន។

៣. បេសកកម្មទៅ Alpha Centauri ជារួម៖ វាត្រូវតែជាបេសកកម្ម​​សម្រាប់​មនុស្សជាតិ​ជារួមតែម្តង ដើម្បីរក្សា​ផលប្រយោជន៍ និងពូជពង្សមនុស្ស​នៅក្នុងចក្រវាឡ។ បើនិយាយឲ្យជ្រាលជ្រៅ​ជាងនេះ វាមិនត្រូវក្លាយជា​បេសកកម្មបែប​អាណានិគម ដូចក្នុង​ភាពយន្ត Avatar ជាដាច់ខាត។ ទោះបី Avatar គ្រាន់តែជា​​សាច់រឿងប្រឌិតក្តី តែបើមនុស្សមិនទប់​ទល់​​មហិច្ឆតា​របស់ខ្លួន​ទេនោះ ភពស្លូតត្រង់​ណាមួយ អាចនឹងត្រូវ​ទន្ទ្រានយក​មកគ្រប់គ្រង ហើយជីវិត​ដើមដ៏ស្លូតត្រង់​នៅទីនោះ នឹងក្លាយជា​ជនរងគ្រោះជាក់ជាមិនខាន៕

ចែករំលែក