កែវយឺតអវកាស Kepler ធ្លាប់តែឆ្លុះ​ភព​អេលៀន ចុះបើងាក​មកថតផែនដី​វិញ មើល​ទៅដូចម្តេច​ដែរ?

0

 

(អាមេរិក)៖ ភពរបស់​យើង មើលទៅហាក់ដូច​ជាប៉មបញ្ចេញពន្លឺ​ដ៏ចែងចាំងមួយ នៅក្នុងរូបភាព​មួយសន្លឹកថ្មី ដែល​ផ្តិតយកដោយ​​កែវយឺត​​​អវកាស Kepler ដែល​ជាឧបករណ៍​ប្រមាញ់រកឃើញ ភពអេលៀន​បានសរុបជាង ២,៥០០ភព​ហើយនោះ គិតមកទល់​ពេលនេះ។ នេះ​បើ​តាម​​ការ​ដក​ស្រង់​​​ការ​ផ្សាយ​​​ចេញ​ពី ​វែប​សាយ​អវកាស-វិទ្យាសាស្រ្ត Space.com នៅព្រឹក​ថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

រូបថតខាងលើត្រូវបាន​ទីភ្នាក់ងារអវកាស NASA បញ្ចេញជា​សាធារណៈ កាលពីថ្ងៃពុធ ទី០៧ ខែមីនា ដែលជាគម្រប់ខួប ០៩ឆ្នាំ នៃការ​ចាប់​ផ្តើមបេសកកម្ម Kepler ហើយវាត្រូវផ្តិតយក​បានកាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពី​កែវយឺតអវកាស Kepler បានធ្វើការសម្រួល​​កែវ​យឺតរបស់វា ដើម្បីក្រឡេក​ទៅកាន់តំបន់​ឃ្លាំមើលថ្មី។

ជាក់ស្តែងផែនដី​ត្រូវបានរំលេចឡើង ដោយមានពន្លឺ​ចែងចាំងខ្លាំងខុសប្លែក​ពីធម្មតា​បែបនេះ គឺដោយ​សារតែឧបករណ៍​រំញ៉ោច​នឹងពន្លឺ​​របស់ Kepler។ ឧបករណ៍មួយនេះ ត្រូវបាន​រចនាឡើង ដើម្បីអាចប្រទះឃើញ​ការចុះខ្សោយ​នៃពន្លឺដ៏តូចៗ ដែលបង្កឡើងដោយ​ភពអេលៀន (ភពនៅ​ក្រៅ​​ប្រព័ន្ធ​ព្រះអាទិត្យ​) ធ្វើគោចរឆ្លង​កាត់ពីមុខផ្កាយមេ​របស់ពួកវា។

កាលពីពេល​ដែលរូបភាពដ៏កម្រថ្មីនេះ ត្រូវបានថតយក កែវយឺតអវកាស Kepler បានស្ថិតនៅ​ចម្ងាយប្រហែល ១៥១លានគីឡូម៉ែត្រ​ ពីភព​របស់យើង​កំពុងគោចរ​ជុំវិញព្រះអាទិត្យ ដែលពិតជារូបភាព​មួយដ៏កម្រ ដែលត្រូវបាន​ថតក្នុងរយៈចម្ងាយ​ ស្មើនឹងចម្ងាយពី​ផែនដី ទៅព្រះអាទិត្យ​ទៅហើយ។

ដោយឡែក នាពេលឆាប់ៗ​ខាងមុខ កែវយឺតប្រមាញ់ភពថ្មីមួយផ្សេងទៀត នឹងចូលរួមបំពេញ​បេសកកម្ម​ជាមួយ Kepler ដែរ ដោយវាមាន​ឈ្មោះថា TESS ហើយនឹងត្រូវបាញ់​បង្ហោះនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។ ភពមួយចំនួន ដែលត្រូវរក​ឃើញដោយ TESS ទំនងជានឹង​ត្រូវសិក្សាលម្អិត​ ដោយកែវយឺត​អវកាសតម្លៃ ៨.៩ពាន់លានដុល្លារ James Webb របស់ NASA ដែលនឹងត្រូវធ្វើ​ដំណើរទៅទីអវកាស​នៅ​ក្នុង​ឆ្នាំ២០១៩ ក្រោយពីមាន​ការពន្យាពេល ​អស់ជាច្រើនលើក​មកនោះ៕

ចែករំលែក