ក្រោយការ​ពិសោធន៍ អវកាសយានិក​ម្នាក់ស្នាក់នៅទីអវកាស​មួយ​ឆ្នាំ​​ប៉ុណ្ណោះ មានការ​ប្រែប្រួល​ធំមួយកើត​​ឡើង…

0

(អាមេរិក)៖ ការធ្វើដំណើរ​ក្នុងទីអវកាស គឺជារឿងគ្រោះ​ថ្នាក់​ ដោយសារមូលហេតុជាក់​ស្តែងជាច្រើន តួយ៉ាងការ​ចាកចេញពីភពផែនដី​ដោយ​​គ្រាប់រ៉ុក្កែត មានហានិភ័យ​របស់វា ប៉ុន្តែសូម្បីតែ​នៅពេលដែល​អ្វីៗ ប្រព្រឹត្តទៅយ៉ាង​ប្រសើរក្តី ការស្នាក់​នៅមួយ​រយៈ​​ក្នុងទីអវកាស អាច​​ធ្វើ​​ឲ្យ DNA (វាផ្ទុក​ព័ត៌មាន​នៃហ្សែន) របស់មនុស្ស​យើងអាច​ប្រែប្រួលបាន។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញ ពីវែបសាយ BGR.com នៅ​រសៀលថ្ងៃសៅរ៍ ទី១០ ខែ​មីនា ឆ្នាំ២០១៨។

ខាងលើគឺជាការរកឃើញ នៅ​ក្នុងការសិក្សាស្រាវ​ជ្រាវរយៈពេលវែងមួយរបស់ ទីភ្នាក់ងារ​អវកាស​អាមេរិក NASA នៅលើ​អវកាសយានិក លោក Scott Kelly ហើយនិង​បងប្អូនប្រុសភ្លោះ​របស់លោក គឺលោក Mark Kelly ដើម្បីតាម​ដានថា តើ​ការរស់នៅក្នុង​ទីអវកាស អាចជះផល​ប៉ះ​ពាល់​បែបណា​ដល់ DNA របស់​មនុស្ស។

លោក Scott Kelly បានចំណាយពេល​សរុបជាង ៥០០ថ្ងៃ នៅក្នុង​លំហអវកាស ប៉ុន្តែភាគច្រើន​នៃពេលវេលា​ទាំងនោះ គឺបានមកពីបេសកកម្ម​​​​តែមួយគត់ ដែលបានតម្រូវ​ឲ្យលោក ស្ថិតនៅលើស្ថានីយ​អវកាស​អន្តរជាតិ ISS សម្រាប់រយៈពេល ៣៤២ថ្ងៃ។ បងប្អូនប្រុសភ្លោះ​​របស់​​លោក គឺលោក Mark Kelly ដែលជា​អវកាសយានិក​ចូលវិត្តន៍ មាន DNA ដូចគ្នាបេះបិទ​នឹងរូបលោក។

គួរជម្រាបថា ប្រការនេះ​បានផ្តល់ឲ្យ​អង្គការ NASA នូវឱកាសដែល​ពុំអាចទៅរួច​ពីមុនមក ដើម្បីសិក្សាស្វែង​យល់ថា តើ​ការស្នាក់នៅរយៈ​ពេលវែង​ក្នុងទីអវកាស អាចប៉ះពាល់​បែបណា ដល់រូបរាង​កាយមនុស្ស ព្រមទាំងហ្សែន​ដែលជាអត្តសញ្ញាណ​របស់យើង​ម្នាក់ៗ។ ជា​លទ្ធ​ផល​ លំហអវកាស ពិតជាផ្លាស់ប្តូរ​ពួកយើង ដោយនៅពេល​លោក Scott ត្រឡប់មកាន់ផែនដីវិញ គេបានរក​ឃើញថា DNA របស់លោក​មានការ​ប្រែប្រួលគួរ​ឲ្យកត់សម្គាល់ ខុសពីលោក Kelly ដែលធ្លាប់​តែមាន DNA ដូចគ្នា។

សម្រាប់ការ​សិក្សានៅទីអវកាស ពិតជារឿងមួយ​ដែលលំបាក​បំផុត ព្រោះ​ទីអវកាសគ្មាន​ទំនាញ និងបរិយាកាស ដូច្នេះតម្រូវ​ឲ្យមនុស្ស មាន​ខែលការពារយ៉ាង​ក្រាសក្រែល ហើយ​សកម្មភាព​នានា ត្រូវតែប្រព្រឹត្ត​ទៅយឺតៗ ដែលជាហេតុ​ធ្វើឲ្យសាច់ដុំ​របស់មនុស្ស​រងផល​ប៉ះពាល់​យ៉ាងខ្លាំង។ ដោយ​ហេតុនេះ​​ហើយ ទើបអវកាស​​យានិក​នានា មិនតម្រូវឲ្យ​ស្នាក់នៅទីអវកាស​យូរពេក​​នោះឡើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ​​ខាងលើនេះ ស្ថិតនៅក្នុង​ករណី​លើក​លែង ព្រោះលោក​បានស្នាក់​នៅ​ទីនោះយូរបំផុត ក្នុងន័យ​​ពិសោធន៍៕

ចែករំលែក