តើអង្គការ NASA នឹងប្រើប្រាស់អ្វី ដើម្បីបាញ់​កម្ទេចអាចម៍​ផ្កាយ ដែលហោះ​សំដៅ​មកបុក​ផែនដី?

0

(អាមេរិក)៖ គម្រោងដ៏អង់អាច​របស់ទីភ្នាក់ងារ​អវកាស NASA ដើម្បី​ជួយសង្រ្គោះ​​មនុស្សលោកយើង ពីការវិនាស​ហិនហោច ក្រោមស្នាដៃ​​នៃ​អាចម៍ផ្កាយ​ ដែលមានការ​គំរាមកំហែង​ខ្ពស់នោះ ទីបំផុតត្រូវបាន​លាតត្រដាងឲ្យ​ដឹងហើយ ប៉ុន្តែថាតើទីភ្នាក់ងារអវកាស​អាមេរិកមួយនេះ នឹង​ព្យាយាមកម្ទេច​អាចម៍ផ្កាយ ដែលហោះសំដៅមក​ផែនដីទាំងនោះ ដោយ​វិធីណា? នេះបើ​តាមការ​ដកស្រង់​ព័ត៌មានអង់គ្លេស នៅថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។

អាចម៍ផ្កាយ​ដែលមានគន្លង​ចំផែនដី ធ្លាប់បានបង្កឲ្យ​មានការផុតពូជ​ នៅជុំវិញពិភពលោកតែ​ម្តងកាលពី​អតីតកាល ដោយវាបាន​បណ្តាល​ឲ្យ​​​ពូជសត្វ​ដាយណូស័រ រលាយសាបសូន្យ​ពីភពផែនដី កាលពីប្រមាណជា ៦៥លានឆ្នាំមុន។ បើតាម​ប្រធានផ្នែកប្រមាញ់​អាចម៍ផ្កាយ​ ​របស់អង្គ​ការ NASA លោក Paul Chodas អាចម៍ផ្កាយ​ប្រភេទ NEO (នៅកៀកផែនដី) នៅតែកំពុងបន្តបង្ក​ការគំរាមកំហែង​ ចំពោះភពរបស់​យើងដដែល។

បច្ចុប្បន្ន អាចម៍ផ្កាយជាង ១,៨០០ដុំនៅក្នុងទីអវកាស ត្រូវបានគេចាត់​ថ្នាក់ថា ជាអាចម៍ផ្កាយ​គ្រោះថ្នាក់ ដែលបង្កជាក្តី​ព្រួយបារម្ភខ្លាំង ចំពោះ​សុវត្ថិភាព​នៃភពផែនដី ហើយជាងអាចម៍​ផ្កាយប្រភេទ NEO ជាង ១៦,០០០ដុំ ដែលមានគ្រប់​ទំហំទាំងអស់ ត្រូវបានគេ​ប្រទះឃើញ​គិត​មក​ទល់ពេលនេះ។ ទោះបីជា NEO ទាំងនេះភាគ​ច្រើននឹងត្រូវឆេះ​រលាយអស់ នៅក្នុងបរិយាកាស​ផែនដីក៏ដោយ ពួកវាប្រហែល ១២,០០០ដុំ​ មានមុខកាត់ទំហំវែងជាង ៥០ម៉ែត្រឯណោះ។

ដូច្នេះហើយ តើទីភ្នាក់ងារអវកាស​ឈានមុខគេលើ​ពិភពលោក NASA បានរៀបចំខ្លួន​យ៉ាងដូចម្តេច ដើម្បីដោះស្រាយ​ការគំរាមកំហែង​ដ៏​ខ្ពស់​​របស់អាចម៍ផ្កាយ? ចម្លើយគឺអាចអាស្រ័យ​ទៅលើ ការប្រើប្រាស់​អាវុធនុយក្លេអ៊ែរ។ ពេលក្រោយ​ដែលដុំថ្មអវកាស​បិសាច ហោះសំដៅមក​​រក​ភពរបស់យើង NASA អាចប្រើអាវុធនុយក្លេអ៊ែរ​ ដើម្បីកម្ទេចវាចោល។

គម្រោងដែលត្រូវ​លាតត្រដាង​ថ្មីៗនេះ បានបង្ហើបឲ្យដឹងពីយានអវកាស​ប្រភេទថ្មីមួយ ដែលរចនាឡើង​ដើម្បីដឹកជញ្ជូន​ក្បាល​គ្រាប់នុយក្លេ​អ៊ែរ​​ ទៅកាន់អាចម៍ផ្កាយ​ទាំងឡាយ ដែលសំដៅចំ​មកផែនដី។ យានអវកាសនោះ​មានឈ្មោះថា HAMMER ដែលត្រូវបានរចនា​ឡើង​ដោយ​ NASA, រដ្ឋបាលសន្តិសុខជាតិ​នុយក្លេអ៊ែរអាមេរិក, និងក្រសួង​ថាមពលរបស់​សហរដ្ឋអាមេរិក។ យ៉ាងណាមិញ សម្រាប់ពេល​នេះ HAMMER គ្រាន់តែជាគោលគំនិត​មួយប៉ុណ្ណោះ ដោយវាពុំទាន់មាន​ផែនការជាក់លាក់​ណាមួយ ដើម្បីផលិតវាឲ្យ​ចេញជារូបរាងឡើងមែនទែន​នៅ​ឡើយទេ។

គួរជម្រាបថា បើតាម NASA ជារៀងរាល់ ២,០០០ឆ្នាំម្តង អាចម៍ទំហំប៉ុន​ទីលានកីឡា​បាល់ឱប តែងតែហោះមក​ទង្គិចផែនដី ហើយ​បង្ក​ការ​​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ នៅក្នុងតំបន់ដែល​វាធ្លាក់ចំ ខណៈដែលជារៀងរាល់​ប៉ុន្មានលានឆ្នាំម្តង ដុំថ្មីអវកាសដ៏ធំ​មហាសាលមួយ ដែលអាច​គំរាម​​ដល់មនុស្សលោកទាំងមូល​នៅលើផែនដី នឹងមកដល់ភព​របស់យើង៕

ចែករំលែក