ហេតុអ្វីមនុស្ស​មួយចំនួននៅតែ​ព្រួយបារម្ភ ចំពោះ​ស្ថានីយ​អវកាស​ចិនដែលខូច និងត្រៀមធ្លាក់​ចុះមក​ផែនដីវិញ…?

0

 

(បរទេស)៖ អ្នកវិទ្យាសាស្ត្រជាច្រើន​ពិតជាមិនព្រួយ​បារម្ភនោះទេ ព្រោះពួកគេដឹងថា តួនៃស្ថានីយ​អវកាសចិន Tiangong-1 ដែលខូច និងត្រៀមធ្លាក់មក​លើផែនដីនោះ មានភាគរយ​តិចតួចជាទីបំផុត ដែលនឹងអាច​បង្កគ្រោះថ្នាក់​ដល់មនុស្ស​លោក ប៉ុន្តែភាព​ភ័យខ្លាចមិន​អាចលុបបំបាត់​នោះឡើយ ចំពោះ​សាមញ្ញជន ឬប្រជាជន​លើផែនដី ដែលជាអ្នកតាមដាន​ជាប់ជានិច្ច​ចំពោះរឿងនេះ។ នេះបើតាម​ការដកស្រង់ការផ្សាយ ពីវែបសាយ The Verge នាថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។

ចំពោះរឿងរ៉ាវនេះ​​មិនមែនជារឿងថ្មីនោះ​ឡើយ ដោយកាលពី​ឆ្នាំ២០១៦ ស្ថាប័ន​អវកាសចិន​បានអះអាងថា បន្ទប់មួយផ្នែកធំ នៃស្ថានីយ​អវកាសចិន Tiangong-1 ត្រូវបានផ្តាច់​ចេញហើយ ដោយសារ​តែវាខូច ហើយវានឹងធ្លាក់ចុះ​មកក្នុងបរិយាកាស​ផែនដី នៅពេលដែល​គន្លងរបស់វាគ្រប់គ្រង​លែងបាន។ អ្វីដែលគួរ​ឲ្យព្រឺព្រួចនោះ គឺសេចក្តី​ប្រកាស​ដែលថា «បំណែកដ៏ធំ​នៃយាន នឹងអាចធ្លាក់មក​លើដី» ប៉ុន្តែក្រោយ​មកមានការ​ធានាថា ភាគរយតិចតួច​បំផុត ដែលវានឹងបង្កការ​គំរាមដល់​សុវត្ថិភាព ឬជីវិតមនុស្ស។

ប្រការដែល​អ្នក​វិទ្យាសាស្ត្រចិន និងសូម្បី​អាមេរិក ដែលធ្លាប់មាន​បទ​ពិសោធន៍ក្នុង​បញ្ហា​ខាងលើ ហ៊ានធានាអះអាងបែបនេះ ក៏ព្រោះតែ​ផែនដី​ត្រូវបានគ្រប​ដណ្តប់ដោយ​ផ្ទៃ​មហាសមុទ្រ​ រហូតដល់ទៅ​ជាង ៧០ភាគរយ ហេតុដូច្នេះរាល់​​​វត្ថុអវកាស ឬសូម្បីដុំថ្មអវកាស​ជាច្រើន តែងតែបានធ្លាក់​​ទៅក្នុងផ្ទៃ​សមុទ្រ ជាជាងត្រូវធ្លាក់​លើផ្ទៃដី នៅកន្លែងដែល​​មានមនុស្ស​រស់នៅ។ ការអះអាងនេះ ក៏ជាការឆ្លើយតប​នឹងពាក្យចចាម​អារ៉ាមថា Tiangong-1 នឹងធ្លាក់លើ​ប្រទេសនូវែលសេឡង់​នោះផងដែរ។

ទោះបីជា​បែបនេះក្តី ពាក្យថាភាគរយតិចតួច​បំផុតនេះ មិនមែនមានន័យ​ថា អត់មានសុទ្ធ​នោះឡើយ ទោះបីជា ០.០១ភាគរយ ក៏វានៅតែជាលទ្ធភាព​ដែលអាចបង្កការ​គ្រោះថ្នាក់​នោះដែរ ហើយមនុស្ស​មួយចំនួន គឺនៅតែមានអារម្មណ៍​ភ័យខ្លាចបែបនេះ។ ពិតប្រាកដ​ណាស់ Tiangong-1 គឺធំជាងផ្កាយរណប​ជាច្រើន ដែលធ្លាប់ធ្លាក់​មកលើផែនដីវិញ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រ​នៅតែអះអាង​ដដែលជា​ដដែលថា វាពិតជាមិនងាយ​នោះទេថា Tiangong-1 អាចធ្លាក់​ចំមនុស្ស និងបង្កគ្រោះថ្នាក់​ដល់ជីវិតណាមួយ។

គួរបញ្ជាក់ថា ការព្រួយបារម្ភនោះ គឺទំនងជាការបញ្ចេញ​ព័ត៌មានកាលពី​ឆ្នាំ២០១៦ដំបូង ដែលបាន​អះអាងថា ចិនមិនអាច​គ្រប់គ្រង Tiangong-1 បានតទៅទៀត​នោះទេ ហើយគន្លងគោចរ​​របស់វា​លើផែនដី នឹងកាន់តែ​យឺតទៅៗ រហូតដល់ចុង​ក្រោយ វា​នឹងធ្លាក់ចុះមកផែនដី​​វិញតែម្តង។ បើនិយាយ​ពីការពិត​ជាក់ស្តែង ការដែលអ្នក​វិទ្យាសាស្ត្រហ៊ាន​អះអាងថា Tiangong-1 នឹងមិនបង្ក​ផលប៉ះពាល់នោះ ក៏ព្រោះតែបទពិសោធន៍​កន្លងមក គឺបែបនេះ ដែលមិនធ្លាប់​មានយាន ផ្កាយរណប និងបំណែក​រ៉ុក្កែតណាមួយ ធ្លាក់ចំមនុស្ស​ឡើយ។

រំលឹកព័ត៌មាន៖ បំណែកនៃស្ថានីយ​អវកាសចិន Tiangong-1 នឹងធ្លាក់មកលើផ្ទៃផែនដី ​នៅអំឡុង​ពាក់កណ្តាលឆ្នាំ២០១៨ នេះហើយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រចិន បានចេញមុខមកធានា​យ៉ាង​ច្បាស់លាស់ថា វានឹងមិនបង្កផលប៉ះពាល់ដល់សុវត្ថិភាព របស់មនុស្សលោកនោះឡើយ។ នេះបើតាមការចេញផ្សាយ​ដោយ Daily Mail របស់អង់គ្លេស នារសៀលថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។

បំណែក​យានឈ្មោះ Tiangong-1 ឬមានន័យថា Heavenly Palace 1 (រាជវាំងឋានសួគ៌) ត្រូវបានបាញ់​បង្ហោះទៅកាន់​ទីអវកាស កាលពី​ឆ្នាំ២០១១ ដែលវាត្រូវបាន​ចាត់ទុក​ជាមន្ទីរ​ពិសោធន៍​អវកាសលើកដំបូង​បំផុត​របស់មហាយក្សចិន ដោយបាន​នាំយក​នូវឧបករណ៍​សម្រាប់ត​ភ្ជាប់បណ្តាញ និងរក្សា​គន្លងគោចរ។ វាស្ថិតនៅក្នុង​មហិច្ឆតាដ៏ធំរបស់ចិន ក្នុងការ​បង្កើតស្ថានីយ​អវកាសអចិន្ត្រៃយ៍ដោយខ្លួនឯង នៅទីអវកាស​នៅក្នុងឆ្នាំ២០២៣៕

ចែករំលែក