ទីបំផុត «NASA បញ្ចេញ​ទិន្នន័យ Kepler ចូលក្នុង Google ដើម្បីឲ្យមនុស្ស​ស្វែង​រក​ភព​អេលៀន ដោយ​ខ្លួនឯង…»

0

 

(អាមេរិក)៖ នាពេលនេះអ្នក​ទាំងឡាយណា​ ដែលមាន​ចំណាប់អារម្មណ៍ គឺអាចធ្វើការ​តាមប្រមាញ់​រកភពអេលៀន នៅក្នុងទិន្នន័យ​​របស់​កែវ​យឺត​អវកាស​ Kepler បាន តាមរយៈការប្រើប្រាស់​កូដរបស់ Google ដែលទើបត្រូវ​បានបញ្ចេញជា​សាធារណៈ។ នេះបើតាមការ​ដកស្រង់​ការ​ផ្សាយចេញពី​ វែបសាយ​អវកាស-វិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។

កាលពីខែធ្នូឆ្នាំ​ទៅមិញ អ្នកស្រាវជ្រាវពីររូប បានប្រកាស​ឲ្យដឹងថា ពួកគេបានរកឃើញ​ភពអេលៀន (នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ) ចំនួនពីរ​ នៅ​ក្នុងកម្រង​ទិន្នន័យ​ដែលប្រមូលយក​បាន ដោយកែវយឺត​អវកាស Kepler តាមរយៈការប្រើប្រាស់​​វិធី​សាស្រ្ត​សិក្សា​​ ដោយ​ម៉ាស៊ីន​របស់​​​ក្រុម​ហ៊ុនបច្ចេក​វិទ្យាយក្ស Google ដោយ​ផ្អែកទៅ​លើ​សំណុំ​ នៃប្រព័ន្ធប្រសាទ​របស់ខួរក្បាល​មនុស្ស។

ឥឡូវនេះ វិធីសាស្រ្ត​ទាំងនោះ ត្រូវបានបញ្ចេញជា​សាធារណៈហើយ ដោយអ្នកទាំង​ឡាយណា ដែលមានចំណាប់​អារម្មណ៍ អាចស្វែង​រក​កូដ រួមជាមួយការ​ណែនាំ នៃរបៀបប្រើប្រាស់វា នៅក្នុងតំណភ្ជាប់​នេះបាន៖ https://github.com/tensorflow/models/tree/master/research/astronet។

គួរជម្រាបថា មកទល់​ពេលនេះ កែវយឺត​អវកាស Kepler បានរកឃើញ​ភពជាង ២,៥០០ហើយ ពោលគឺប្រហែល​ពីរភាគបី នៃភពអេលៀន​​ទាំងអស់ដែល​គេស្គាល់ ហើយការឃ្លាំមើល​របស់វា​បានបង្ហាញថា ភពផ្សំឡើងពីដុំថ្ម ដែលទំនងជា​អាចទ្រទ្រង់​ជីវិតបាន គឺសម្បូរខ្លាំង​ណាស់​នៅពាសពេញ​កាឡាក់ស៊ី Milky Way របស់យើង។

ជាមួយគ្នានេះ កែវយឺតអវកាសមួយ​ផ្សេងទៀត​​របស់ NASA នឹងត្រូវបាញ់បញ្ជូន​ទៅកាន់ទីអវកាស​ផងដែរ ដោយវាមាន​ឈ្មោះថា TESS ​និង​ត្រូវបាញ់បង្ហោះ​នៅខែក្រោយ​នេះ ហើយដូច​ទៅនឹង Kepler ដែរ TESS នឹងប្រើប្រាស់​វិធីសាស្រ្ត Transit (ឃ្លាំមើលការថយចុះ​ នៃពន្លឺនៅ​ពេលភព​មួយ​ ធ្វើគោចរឆ្លងកាត់​ផ្កាយមេ​របស់វា)។ ប៉ុន្តែបេសកកម្ម​ថ្មីនេះ នឹងផ្តោតសំខាន់​ទៅលើភព​នៅក្បែរបណ្តា​ផ្កាយ ដែលនៅជិត​ព្រះ​អាទិត្យ ខុសឆ្ងាយពីតំបន់​រុករកភព​ របស់កែវយឺត​អវកាស Kepler៕

ចែករំលែក