អស្ចារ្យមែន! តេឡេស្កូបយក្សរបស់ចិន រកឃើញតារា Pulsars ចំនួន ១១ បន្ថែមទៀត!

0

 

(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្ត្រ​ចិនបាន​អះអាងថា ចានតេឡេស្កូបយក្ស​ដែលមាន​ប្រវែង​រហូតដល់​ទៅ ៥០០ម៉ែត្រ ធំជាងគេបង្អស់​នៅលើពិភពលោក​នោះ (FAST) បានរកឃើញ​តារា Pulsars ចំនួន ១១ ថ្មីបន្ថែម​ទៀត។ នេះបើតាមសារព័ត៌មាន ស៊ីនហួរ ដកស្រង់​សេចក្តីប្រកាស ពីក្រុមអ្នកឃ្លាំមើល​តារាសាស្ត្រជាតិ​ចិន (NAOC) នៅ​ថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។

គិតចាប់តាំង​ពីតេឡេស្កូប FAST ចាប់ដំណើរការកាលពី​ខែកញ្ញា ឆ្នាំ២០១៦ វាបាន​រុករក​ឃើញតារា Pulsars សរុបចំនួន ៥១ ហើយ ដែលត្រូវបាន​បញ្ជាក់ថា ជាតារា​ប្រភេទ Pulsars យ៉ាងពិត​ប្រាកដ ខណៈចំនួន ១១ ក្នុងចំណោមនេះ ត្រូវបានក្រុម​​អង្កេតនៅតាម​បណ្តាប្រទេស​នានា ទទួលស្គាល់​ផងដែរ។ Pulsars គឺជា​ពពួកតារា ឬផ្កាយ ដែល​បញ្ចេញថាមពល​ខ្លាំងបំផុត ដែលបញ្ចេញកាំរស្មី​អេឡិចត្រូម៉ាញេទិច ចេញ​ពីប៉ូលទាំងពី​រ​របស់វា (សកម្មភាពដូចគេ​គ្រវីខ្សែតី)។

 

យោងតាម​លោក Zhang Pei អ្នក​វិទ្យាសាស្ត្រនៃ NAOC តារា Pulsars ជាមួយនឹង​ដង់ស៊ីតេ និងថាមពល គឺត្រូវបានចាត់ទុក​ជាទីកន្លែងបញ្ចេញ​ថាមពល​ដ៏ខ្លាំងមហិមា ដែលគ្មានអ្វីអាច​ជំនួសបាន​នោះឡើយ រហូតដល់វា​អាចយកមកជំនួស​ជាថាមពល ដើម្បីបង្វែទិសដៅ​ផ្កាយរណប​ណាមួយ បានទៀត​ផង។

គួរបញ្ជាក់បន្ថែមទៀតថា ចានតេឡេស្កូបយក្ស FAST មានវិសាលភាព​ប៉ុនទីលាន​បាត់ទាត់ចំនួន ៣០ រួមបញ្ចូលគ្នា ដែលវាមាន​តួនាទីសំខាន់ នៅក្នុងការអង្កេត​រកតារា Pulsar នោះតែម្តង ស្ថិតនៅក្នុង​ខេត្តកួយចូវ ភាគនិរតី​ប្រទេសចិន។ FAST ពិតជាមាន​សមត្ថភាព​នៅក្នុងការរុករក​ម៉ូលេគុល​ឆ្លងប្រព័ន្ធផ្កាយ និងរលកសញ្ញា​នៃទំនាក់ទំនង​ឆ្លងកាត់ប្រព័ន្ធ​ផ្កាយ​ផងដែរ។

បញ្ជាក់ចំណុចសំខាន់៖ តារា Pulsar គឺជាពួកផ្កាយ​ណឺត្រុង ឬ កូនផ្កាយស ដែលមានទំនាញ​ខ្លាំង និងរង្វិលជុំយ៉ាងលឿន ព្រមទាំងមាន​បញ្ចេញកាំរស្មីវិទ្យុសកម្ម​ នៃ​អេឡិចត្រូម៉ាញេទិច ដ៏ខ្លាំងក្លាផងដែរ៕

ចែករំលែក