អ្នករស់នៅតំបន់​​ប៉ូលខាងជើង​​ផែនដី «ត្រៀម​ទស្សនា​ពន្លឺ Aurora» នៅយប់​​ថ្ងៃពុធនេះ (ពេល​វេលា​នៅអាមេរិក)

0

(បរទេស)៖ ក្រុមអង្កេតសកម្មភាពព្យុះព្រះអាទិត្យបានឲ្យដឹងថា កម្សួល​នៃចំហាយ​ដែល​បំភាយចេញពីស្រទាប់​លើនៃព្រះអាទិត្យ​ ដែលគេ​ហៅថា Solar Storm (ព្យុះព្រះអាទិត្យ) នឹងមាន​ឥទ្ធិ​ពល​​មក​លើភពផែនដី នៅយប់​ថ្ងៃពុធនេះ (ពេលវេលាម៉ោងនៅអាមេរិក ឬ​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍​ពេល​វេលា​​នៅ​អាស៊ី​​ខាង​កើត​) ដែល​វា​អាច​បង្ក​​ទៅ​ជា​បន្សាយ​ពន្លឺអូរ៉ូរ៉ា (Aurora) នៅប៉ូលខាងជើង និងប៉ូលខាងត្បូង ដែលស្រស់​ស្អាត​មែនទែន​តែម្តង។ នេះបើតាម​ការចេញផ្សាយដោយ Space.com នារសៀលថ្ងៃ​ពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។

នៅភាគខាងជើង​ផែនដីសម្រាប់តំបន់​ ដែលអាចមើលឃើញ​ទិដ្ឋភាពនេះច្បាស់ នោះគឺបណ្តាប្រទេស និងដែនដី ​កោះ​ជាប់​នឹង​មហាសមុទ្រ​ទឹក​កក​​អាក់​ទិច ​ដូច​ជា ភាគខាងជើង​ប្រទេសកាណាដា រុស្ស៊ី អ៊ីស្លង់ កោះហ្គ្រីនឡេន រដ្ឋអាឡាស្កា ណ័រវេយ៍ និងប្រទេស​មួយចំនួនទៀត។

ប៉ុន្តែនាយប់​ថ្ងៃពុធនេះ ​​រដ្ឋមួយចំនួននៅភាគជើង​អាមេរិក​ ក៏អាចទស្សនាបានផងដែរ ខណៈនៅភាគខាងត្បូង​ មានតែនៅទ្វីបអង់តាកទិច​ប៉ុណ្ណោះដែលអាចមើល​ឃើញ។ ព្យុះកម្រិតមធ្យម​របស់​​ព្រះអាទិត្យ នឹង​មិន​បង្ក​ជា​ការ​គំរាម​កំហែង​ដល់ ប្រព័ន្ធ​ទូរ​គម​នា​គមន៍​នៅលើភពផែនដី​​នោះឡើយ ប៉ុន្តែ​ពន្លឺ​អូរ៉ូរ៉ា អាចនឹងកើតមាន​នៅប៉ូលិសជើង ច្រើនជាងប៉ូលខាងត្បូង​​នៃភពផែនដី​យើងនេះ។

Solar Storm មានប្រភពមកពីតំបន់ ដែលអ្នកវិទ្យាសាស្រ្ត​ហៅថា Coronal Hole ជាតំបន់នៅលើ​ស្រទាប់​ព្រះអាទិត្យ ដែលអនុញ្ញាតឲ្យ​​ភាគ​ល្អិត​មានល្បឿនលឿន​ផ្សេងៗ​ រសាត់ចេញទៅ​ក្នុងលំហអវកាស​ ក្នុងទម្រង់ជា Solar Wind ហើយភាគល្អិត​ទាំងនោះ ដែលមានផ្ទុក​​ចរន្ត​ថាម​ពល​ត្រូវគេរំពឹងថា នឹងមក​ដល់ផែនដី​នៅថ្ងៃពុធ​សប្តាហ៍នេះ ហើយបន្ថែម​ថាមពល​ទៅឲ្យ​ពន្លឺ Aurora នៅប៉ូលទាំងពីរ​របស់ផែនដី។

ចំណុចសំខាន់៖ គួរជម្រាបថា បាតុភូតពន្លឺ Aurora ទាំងពីរនេះ អាចកើតនៅ​ពេលដែល ដែនម៉ាញេទិច​ការពារផែនដី នាំផ្លូវភាគល្អិត​របស់ Solar Wind ពី​ព្រះ​អាទិត្យ​ទៅកាន់តំបន់ប៉ូល​ទាំងពីរ​របស់ផែនដី។

នៅពេល​ដែល Solar Wind មានប្រតិកម្ម​ជាមួយភាគល្អិត​ឯទៀត​ នៅ​ក្នុងបរិយាកាស​ផែនដី​ វាក៏បង្កើតចេញ​ពីពន្លឺដ៏អស្ចារ្យ។ ពន្លឺ Aurora នៅប៉ូលខាងជើង​ត្រូវគេហៅថា Northern Light ឬ Aurora Borealis ខណៈនៅប៉ូលិខាងត្បូង​​ត្រូវ​គេហៅថា​ Southern Light ឬ Aurora Australis៕

ចែករំលែក