NASA កំពុងដុតដៃ​ដុតជើងខ្លាំង​បំផុត ទៅលើគំរោងសាង​សង់​ ស្ថានីយចក្រ​ទ្វារ​អវកាស នៅជុំវិញ​ឋាន​ព្រះច័ន្ទ!

0

 

(អាមេរិក)៖ ទីភ្នាក់ងារអវកាស​កំពុងតែដុតដៃដុត​ជើង​ ជំរុញគម្រោង​ការកសាង​ស្ថានីយ​អវកាស Lunar Orbital Platform-Gateway ដែលជា​មូល​ដ្ឋាន​មួយដើរតួនាទី​សំខាន់បំផុត សម្រាប់ឲ្យក្រុមអវកាសយានិក បោះទីតាំងនៅ​ក្នុងទីអវកាស ក្បែរនឹងឋាន​ព្រះច័ន្ទ។ នេះបើតាម​ការចេញផ្សាយ​ដោយ​​វែបសាយ​អវកាស-វិទ្យាសាស្រ្ត Space.com នៅព្រឹក​ថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨។

បើតាម NASA ស្ថានីយ Gateway ដែលមាន​ឈ្មោះដើមថា Deep Space Gate នេះ នឹងមិនត្រឹមតែជា​កន្លែងដើម្បីស្នាក់នៅ រៀនសូត្រ និងបំពេញការងារ​នៅកៀកនឹងព្រះច័ន្ទ​ប៉ុណ្ណោះទេ វាក៏នឹងអាចជួយគាំទ្រ​ដល់បេសកកម្ម​ជាច្រើនផ្សេង​ទៀត​ផងដែរ ទៅកាន់ឋាន​ព្រះច័ន្ទ និង​​សូម្បី​តែទៅ​កាន់ភពអង្គារ (Mars) និងកន្លែងឆ្ងាយៗ​ដទៃទៀត ហើយ​ក្រុម​អ្នកវិទ្យាសាស្រ្ត អាច​ប្រើ​ប្រាស់​​ឧបករណ៍​ដ៏​សម្បូរ​​បែប​ និងទំនើបៗ​​នៅ​ក្នុងស្ថានីយ ដើម្បីសិក្សាតាមដាន​មើល​ភពផែនដី និងព្រះអាទិត្យ​​ព្រមពេលជាមួយគ្នា​ថែមទៀត។

គួរជម្រាបថា សេចក្តីស្នើកញ្ចប់​ថវិកាសម្រាប់ឆ្នាំសារពើពន្ធ២០១៩ របស់ NASA បានអំពាវនាវ​ឲ្យចាប់ផ្តើមបញ្ជូន​ ផ្នែកសំខាន់​ដំបូង​របស់​​ស្ថានីយ Gateway ទៅកាន់ទីអវកាស​នា​ឆ្នាំ២០២២។

 

ចំណុចសំខាន់៖ ថវិកាជាតិ​របស់ NASA គឺមានការផ្តោត​សំខាន់ច្រើន ទៅលើការ​ផលិត​យាន ដើម្បីធ្វើការចុះចត​នៅលើផ្ទៃ​ព្រះច័ន្ទ ដោយក្នុងនោះវា​អាចមាន​យានតូចៗ សម្រាប់​បម្រើក្នុងវិស័យ​ពាណិជ្ជកម្ម​ផងដែរ។ លោក Lightfoot បាន​និយាយថា «ការបញ្ជូនយាន​ទៅចុះលើ​ផ្ទៃព្រះច័ន្ទ គឺធ្វើទៅតាមការ​ស្នើសុំកាលពីមុន ហើយវានឹង​មានចម្លើយ​នៅក្នុងពេល​ឆាប់ៗខាង​មុខនេះ»។

បេសកកម្ម​របស់អង្គការ NASA នៅ​ថ្ងៃអនាគត នឹងមាន​ការតភ្ជាប់ជាច្រើន​ជាមួយនឹង​វិស័យឯកជន និងដៃគូក្នុង​ស្រុក​នានា ដោយ NASA ចង់ឲ្យការ​រុករកទីអវកាស​របស់ខ្លួន កាន់តែមាន​សក្តានុពល និងអាច​ប្រកួត​ប្រជែង​ជាមួយវិស័យ​អវកាស​ឯកជន ជា​ពិសេស SpaceX ជាដើម៕

ចែករំលែក