(អាមេរិក)៖ អ្នកវិទ្យាសាស្រ្តជាជនសាមញ្ញមួយក្រុម បានជួយរកឃើញប្រភេទពន្លឺ Aurora ថ្មីមួយដែលពួកគេបានដាក់ឈ្មោះថា «ស្ទេវ (Steve)» ហើយឥឡូវនេះអង្គការ NASA ចង់បានជំនួយពីមជ្ឈដ្ឋានសាធារណៈថែមទៀត ក្នុងការផ្តិតយករូបភាព នៃបាតុភូតដ៏ចម្លែកនោះ។ នេះបើតាមការចដកស្រង់ការផ្សាយចេញពីវែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨។
សមាជិករបស់ Facebook Page មួយ ដែលមានឈ្មោះថា Alberta Aurora Chasers បានធ្វើកំណត់នូវពន្លឺម៉្យាងដូចទៅនឹងពន្លឺ Aurora ដែលមានវត្តមាននៅប៉ូលខាងជើង (ហៅថា Northern Light ឬ Aurora Borealis) និងនៅប៉ូលខាងត្បូង (ហៅថា Southern Light ឬ Aurora Australis) ដោយពន្លឺចម្លែកត្រូវបានគេប្រទះឃើញ នៅលើផ្ទៃមេឃនៃតំបន់ភាគខាងលិចប្រទេសកាណាដា។
មិនដូចទៅនឹងពន្លឺ Aurora ដទៃទៀតឡើយ បាតុភូតនេះដែលក្រុមអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះកាត់ឲ្យថា STEVE មើលទៅគឺមានពន្លឺមានឆ្នូតពណ៌ស្វាយលាយបៃតងខុសប្លែកពីធម្មតា ហើយបើតាម NASA វាកើតមានឡើងនៅទាបជាងពន្លឺ Aurora ភាគច្រើន។
គួរជម្រាបនេះ នាពេលនេះគម្រោងវិទ្យាសាស្រ្តមួយ សម្រាប់ជនសាមញ្ញទាំងឡាយ ដែលមានចំណាប់អារម្មណ៍ ហៅថា Aurorasaurus ដែលទទួលការឧបត្ថម្ភថវិកាពី NASA និងពីមូលនិធិវិទ្យាសាស្រ្តជាតិអាមេរិក កំពុងអំពាវនាវរកជំនួយពីមហាជននានា ក្នុងការស្វែងយល់បន្ថែមពីពន្លឺ STEVE។ មនុស្សម្នាមកពីគ្រប់ទិសទីជុំវិញពិភពលោក អាចរាយការណ៍ឲ្យ NASA បានដឹងពីទីតាំងដែលពួកគេ បានឃើញពន្លឺ Aurora ដោយរួមបញ្ជូលទាំង STEVE និងបង្ហោះរូបភាពរបស់ពួកវាលើបណ្តាញអ៊ីនធើណែត ឬប្រើកម្មវិធី Aurorasaurus លើទូរស័ព្ទដៃក៏បាន។
ចាប់តាំងពីការរកឃើញរបស់វា ពន្លឺ STEVE ត្រូវបានគេប្រទះឃើញនៅចក្រភពអង់គ្លេស កាណាដា រដ្ឋអាឡាស្កា តំបន់ភាគខាងជើងអាមេរិក ព្រមទាំងនូវែលសេឡង់។ ប្រសិនបើការកកើតពន្លឺស្ទេវ មិនដូចជាពន្លឺ Aurora ទេនោះ អ្នកវិទ្យាសាស្ត្រនឹងប្រកាសប្រាប់របកគំហើញថ្មីនេះ ដូច្នេះភាពពន្លឺនៃពន្លឺស្ទេវ នឹងត្រូវរង់ចាំពេកបកស្រាយបន្ថែម៕