មហាយក្សចិន «​បាញ់​បង្ហោះ ផ្កាយរណប​ស្រាវជ្រាវផ្ទៃ​ផែនដី បានសម្រេច» និងត្រៀម​ធ្វើបេសកកម្ម​ធំមួយ…

0

 

(ប៉េកាំង)៖ ទីបំផុតប្រទេស​ចិន បានធ្វើការបាញ់បង្ហោះ​ផ្កាយរណប ដែលមានតួនាទី​អង្កេតផ្ទៃដីនៅ​ទូទាំងភពផែនដី ទៅកាន់គន្លងតារាវិថីប្រកបដោយ​ជោគជ័យ នៅក្នុង​ថ្ងៃអាទិត្យ​នេះតែម្តង ចេញពីស្ថានីយ​បាញ់បង្ហោះ លើវាល​ខ្សាច់ Gobi Desert។ នេះបើតាម​ការចេញផ្សាយ ដោយ​សារព័ត៌មានចិន CGTN នាយប់​ថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨។

តាមពិតទៅផ្កាយរណប​ដែលមាន​ឈ្មោះថា Jiuquan ខាងលើនេះ ត្រូវបាន​បាញ់​បង្ហោះ តាំងតែពីល្ងាច​ថ្ងៃសៅរ៍ មកម្ល៉េះ ប៉ុន្តែនៅ​ថ្ងៃអាទិត្យនេះ ទើបក្រុមស្រាវជ្រាវ​ទីអវកាស​ចិនអះអាង​ថា វាបានទៅដល់គន្លង​តារាវិថីប្រកបដោយ​ជោគជ័យ ហើយ​បេសកកម្ម​របស់វា នឹងធ្វើការអង្កេត​ធនធានផ្ទៃដី តាមរយៈការ​ប្រើប្រាស់ប្រព័ន្ធ​សេនស័រ បាញ់ចេញពីខ្លួន​វាតែម្តង។

គួរបញ្ជាក់ថា នេះជាបេសកកម្ម​បាញ់បង្ហោះ​លើកទី ២៦៨ ហើយ ដោយប្រើប្រាស់​គ្រាប់រ៉ុក្កែតស៊េរី Long March របស់ចិនផ្ទាល់។ សម្រាប់​នៅឆ្នាំ២០១៩ ខាងមុខនេះ ប្រទេសចិននឹង​ធ្វើការបាញ់បង្ហោះ​ «រ៉ុក្កែតដឹកទំនិញប្រភេទ​ថ្មី Long March-5B» ទៅកាន់​ទីអវកាស ដែលជាការបំពេញ​វិស្វកម្មកសាងស្ថានីយ​អវកាសចិន​ផ្ទាល់ខ្លួន ជាលើក​ដំបូង ដែលនឹងបញ្ចប់​នៅអំឡុង​ឆ្នាំ២០២២។

ចំណុចពិសេស៖ ប្រទេសចិន​កំពុងតែសកម្ម​យ៉ាងខ្លាំង នៅក្នុងការ​កសាងស្ថានីយ​អវកាសដោយ​ខ្លួនឯងផ្ទាល់ ព្រមទាំងបេសកកម្ម​រុករកនៅឋាន​ព្រះច័ន្ទ​ក្នុងពេល​ដ៏ឆាប់​ខាងមុខ ព្រមទាំងលើកទិសដៅ​ទៅរកពអង្គារផងដែរ។ ក្រៅពី​មានតេឡេស្កូបយក្ស​​ ដែល​ធំជាងគេ​លើលោក ប្រទេសចិននៅ​មានគំរោង​ជាច្រើនទៀត ដែលត្រៀម​ធ្វើការប្រកួត​ប្រជែងទៅ​នឹងមហាអំណាច​អវកាសកំពូលៗ ដូចជា​អាមេរិក រុស្ស៊ី អឺរ៉ុប និងឥណ្ឌា​ជាដើម៕

ចែករំលែក