តើបងប្អូនគិតដូច្នេះទេ? នេះជា​ការយល់ខុសមួយ​​ចំនួន ចំពោះផែនដី និង​ផ្កាយរណប…

0

 

(ភ្នំពេញ)៖ ជាក់ស្តែងការ​វិវឌ្ឍន៍ចំណេះដឹង និងការយល់ឃើញ គឺមានការប្រែប្រួល​ពីមួយ​សម័យកាលទៅ​មួយសម័យកាលមួយទៀត ដោយវាមិនមែន​មានន័យថា មនុស្សសម័យមុន​ជាអ្នក​ខុសនោះ​ឡើយ ប៉ុន្តែដោយសារ​តែរបកគំហើញថ្មីៗរបស់មនុស្ស​ជំនាន់ក្រោយ ដែលត្រូវបាន​ទទួលស្គាល់​​ជា​លក្ខណៈ​​អន្តរជាតិ ទើបការយល់ច្រឡំ​កាលពី​សម័យមុនៗ ត្រូវបាន​កែសម្រួល ដើម្បីឲ្យក្មេងៗ​ជំនាន់ក្រោយ​ទៀត បានសិក្សាអំពីអ្វី​ដែលជាការពិត​ និងត្រឹមត្រូវ។

ខាងក្រោមនេះ គឺជាពាក្យរបស់ខ្មែរ​យើងពីសម័យមុន ដែលបាន​ប្រើប្រាស់ ដើម្បីឲ្យកូន​ខ្មែរមានការយល់ដឹង​អំពីវិស័យវិទ្យាសាស្ត្រ និងផែនដីវិទ្យា ប៉ុន្តែសម្រាប់​ការវែកញែក​អំពីអត្ថន័យ​ក្នុងពាក្យប្រមូលផ្តុំ​ទាំងនោះ គឺមិនបានបង្ហាញ​អំពីការពិត ដែលត្រូវបាន​ទទួលស្គាល់​ដោយអន្តរជាតិនោះ​ឡើយ។ ពាក្យមួយ​ចំនួន ដែលជាការស្វែងយល់​​ឡើង​វិញ ដោយ Cambo Space ផ្ទាល់ និងបងប្អូនមួយចំនួននោះមានដូចជា៖

១. ផែនដី៖ បើនិយាយ​​ពីពាក្យថា «ផែន» គឺសំដៅទៅដល់វត្ថុ​​គ្រប់យ៉ាង ដែលមាន​លក្ខណៈ​សំប៉ែតៗ ឧទាហរណ៍៖ ស្ករផែន ឬផែនស្វាយ ដែលធ្វើជា​​ចេញជាង​រាងបន្ទះ​សំប៉ែតៗ ក្រាស ឬស្តើង តែមិនមែន​​ជារាងដុំ​មូលនោះ​ឡើយ។ ដោយសារតែ​ខ្មែរ​យើងពីបុរាណ​​គិតថា ផែនដីមាន​រាង​សំប៉ែត​រាបស្មើ និងស្ថិត​នៅនឹងមួយ​កន្លែងប៉ុណ្ណោះ ហើយមានតែ​ព្រះអាទិត្យទេ ដែលគោចរជុំវិញផែនដី​​ទៅវិញ ហេតុដូច្នេះទើបដូនតា ហៅជម្រករបស់យើងថា «ផែនដី»។ ចំណេរកាល​​តមក ការប្រើប្រាស់​​​ឈ្មោះ «ផែនដី» គឺមិនមាន​ការ​ប្រែនោះឡើយ ទោះបីជាយើងវិភាគ​​មើលទៅ គឺវាមាន​​លក្ខណៈ​ខុស​ពីការពិត​​ក៏ដោយ។

២. ផ្កាយរណប៖ បើឲ្យនិយមន័យ​ទៅលើពាក្យ «ផ្កាយ» គឺសំដៅទៅលើវត្ថុ​ដែល​មានពន្លឺ​ភ្លឺព្រិចៗនៅលើផ្ទៃមេឃ​ពេលរាត្រី ហើយ «រណប» វិញនោះ គឺសំដៅភាព​អែបអប ឬកៀក​នឹងអ្វីមួយ ដើម្បីសម្រល​ទៅនឹងវត្ថុមួយនោះ។ បូកចូលគ្នា​នៃពាក្យ «ផ្កាយ+រណប» មានន័យថា ជាវត្ថុដែលហោះ​ទៅទីអវកាស ដើម្បីសម្រល​ខ្លួននៅជិតដួង​ផ្កាយនានា នៅលើផ្ទៃមេឃ​​ទៅវិញ ដែលតាម​ពិតទៅ​វាគ្រាន់តែជាគ្រឿង​​យន្ត ឬឧបករណ៍​វិទ្យាសាស្ត្រ ហោះគោចរនៅ​រយៈកម្ពស់ទាប នៃគន្លងគោចរភព​ផែនដីប៉ុណ្ណោះ ដោយមិនបាន​ទៅ​នៅជិតផ្កាយ​អ្វី​ជាក់ស្តែងនោះ​​ឡើយ។ តែយើង​អាចសន្និដ្ឋានថា វាជាឧបករណ៍​ដែលត្រូវបានអ្នកវិទ្យាសាស្ត្របង្ហោះ ឲ្យទៅឡូកឡំជាមួយនឹងពន្លឺផ្កាយ នៅលើផ្ទៃមេឃបាន។

ខ្ញុំបាទសូមអភ័យ​ទោសផង ប្រសិនបើមាន​ការឆ្គាំឆ្គង ព្រោះនេះ​ជាអ្វីដែលខ្ញុំបាន​វិភាគឃើញ តាមរយៈការសិក្សា​ច្រើនគួរសម​កន្លងមករបស់ខ្ញុំ ដោយខ្ញុំមិនមាន​បំណងបន្ទុចបង្អាក់​អ្នកសិក្សា និងចងក្រង​ឯកសារជំនាន់មុននោះ​ឡើយ ព្រោះពួកគាត់​បានហត់នឿយ​ច្រើន ក៏ដើម្បីតែកូនខ្មែរ​មានចំណេះដឹង​ដូចសាសន៍គេដែរ គ្រាន់តែសម័យ​កាលមាន​ការវិវឌ្ឍន៍ ដូច្នេះការរុករក​ឃើញជំនាន់ថ្មី អាចជា​ការបកស្រាយ​ការពិត ចំពោះអ្វីដែលធ្លាប់យល់ខុសដោយ​មនុស្សជំនាន់មុន ហើយវាមិនមែន​មានតែនៅ​ស្រុក​ខ្មែរយើងនោះឡើយ ដូច្នេះ​សង្ឃឹមថា ថ្ងៃមុខអាចនឹង​មានការ​កែប្រែ​ ដើម្បីឲ្យចំណេះដឹងរបស់កូន​ខ្មែរ កាន់តែទូលំទូលាយ និងស្រឡាញ់​នូវជាតិសាសន៍​​របស់ខ្លួន ​រឹតតែខ្លាំងថែមទៀត។

ជាចុងក្រោយ​បើសិនជាងបងប្អូន មានចម្ងល់អ្វី​ពាក់ព័ន្ធរឿង​នេះ Cambo Space រីករាយនឹង​ទទួលយកនូវ​មតិរបស់ប្អូន។ សូមអរគុណ៕

ចែករំលែក