អស្ចារ្យៗ! កែវយឺត​អវកាស​បីរួមគ្នា «ផ្តិតបាន​ទិដ្ឋភាព​បណ្តុំ Nebula ដែល​បានផ្ទុះ​តាំងពី​ឆ្នាំ​១០៥៤…»

0

 

(អាមេរិក)៖ ទីភ្នាក់ងារ​អវកាសអាមេរិក NASA បានបញ្ចេញរូបភាព​ដ៏អស្ចារ្យថ្មីមួយ​ទៀតនៃ តំបន់ចាប់កំណើតរបស់ផ្កាយ​ដែលស្ថិតនៅសែនឆ្ងាយពីយើង​ហៅ​ថា Crab Nebula។ រូបភាពនោះត្រូវ​ថតយកបានដោយកែវយឺតអវកាសបីខុសគ្នា​របស់ NASA រួមមាន Hubble, Chandra, និង Spitzer។ នេះបើ​តាមការ​ដកស្រង់​ការផ្សាយ ចេញពីវែបសាយអង់គ្លេស Express UK នៅព្រឹក​ថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។

Nebula គឺជាបណ្តុំពពក​នៃធូលី និងឧស្ម័នអវកាស ដែលមានទំហំធំៗ​មហិមា​ រហូតដល់ទៅរាប់ឆ្នាំពន្លឺ​ឯណោះ និងរសាត់អណ្តែត​គ្មានកោះ​គ្មានត្រើយ​នៅក្នុងទីអវកាស​ដ៏ធំល្វឹង​ល្វើយ។ Crab Nebula ត្រូវអ្នកវិទ្យាសាស្រ្ត​ជឿជាក់ថា គឺជាអ្វីដែលត្រូវបាន​បន្សល់ទុកពីបន្ទុះ​សូភើណូវ៉ា (Supernova) ដ៏មហាខ្លាំងក្លា​មួយ ដែលត្រូវបាន​គេកត់ត្រាទុកតាំងតែ​ពីឆ្នាំ១០៥៤ មកម្ល៉េះ។

គួរជម្រាបថា នៅចំកណ្តាល​នៃដុំពពកអវកាសនេះ គឺជាផ្កាយ Pulsar មួយ ដែលជាផ្កាយណឺត្រុង​ពណ៌ស មានរង្វិលជុំលឿន​ខ្លាំងបំផុត។ NASA បានធ្វើការប៉ាន់​ប្រមាណថា តំបន់ Crab Nebula មានទំហំប្រហែល ១០ឆ្នាំពន្លឺ។

រំលឹកព័ត៌មាន៖ អង្គការ NASA កាលពីពាក់កណ្តាលឆ្នាំ២០១៨ បានធ្វើការច្នៃ និងផលិតឡើង​នូវកែវយឺតអវកាស​ដ៏​ធំមហិមាជំនាន់ថ្មី មានឈ្មោះថា WFIRST ទីភ្នាក់ងារនេះត្រូវការបញ្ជូនគំរោងរបស់ខ្លួន ទៅកាន់ក្រុមអ្នក​ត្រួតពិនិត្យ​ឯករាជ្យជាមុន​សិន ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃអំពើវា។

កែវយឺតអវកាស​ដែលគ្រោងនឹង​ផលិតខាងលើនេះ នឹងមានទំហំចាប់សញ្ញា ១០០ដង​ ធំជាងគេកែវយឺតអវកាស Hubble ដោយអ្នក​វិទ្យាសាស្ត្រ​ប្រើប្រាស់វា​ ដើម្បីធ្វើការសិក្សា​អំពីបញ្ហាជាច្រើន​នៅក្នុងចក្រវាឡ ដូចទៅនឹង​បេសកកម្មរបស់ Hubble ដែរ ប៉ុន្តែនឹងត្រូវ​បំពាក់សមត្ថភាព​បន្ថែមទៀត នោះគឺការស្វែងរក​អំពីកម្លាំង​ដ៏អាថ៌កំបាំង ដែលជួយជម្រុញ​ឲ្យចក្រវាឡពង្រីក​ខ្លួនបាន។ WFIRST ត្រូវបានរៀបចំ​គំរោងរួចរាល់​ដោយទីភ្នាក់ងារ​អវកាស NASA កាលពី​ឆ្នាំ២០១៦។

គួរបញ្ជាក់ថា WFIRST នឹងជាក្លាយជា​កែវយឺតអវកាស​ធំបំផុត ក្នុងចំណោម​កែវយឺតអវកាស​នានា​របស់ NASA ដូចជា Hubble, Chandra, Spitzer និង James Webb ផងដែរ ដែលពីដំបូង​ឡើយវាគ្រោង​សាងសង់​នៅឆ្នាំ២០១៨។ វានឹងមាន​សមត្ថភាព​ថតយកពន្លឺ infrared ដែលមាន​រលកសំឡេង វែងជាង​ពន្លឺអុបទិក ដែលភ្នែកមនុស្សមិនអាចមើលឃើញឡើយ។ វានឹងធ្វើការ​សិក្សាអំពីវត្ថុឆ្ងាយៗ ដែលចល័ត​ចេញបន្តិចម្តងៗ ឆ្ងាយពីភពផែនដី នៅពេលដែល​ចក្រវាឡ​ពង្រីកខ្លួន៕

ចែករំលែក