HOT NEWS: ជិតមែន​ទែន​ហើយ! បំណែក​ស្ថានីយ​អវកាសចិន នឹងធ្លាក់ចុះ​មក​ផែនដី​នៅអំឡុង​ចុងខែមីនា​នេះ ប៉ុន្តែ…

0

 

(អាមេរិក)​៖ មន្ទីរពិសោធន៍​អវកាសចិន Tiangong-1 ទំនងជានឹងធ្លាក់​មកដល់បរិយាកាស​ផែនដី​នៅចន្លោះថ្ងៃទី៣០ ខែមីនា និងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ បើតាម​ការព្យាករណ៍​ថ្មីចុងក្រោយគេ របស់​ការិយាល័យ​ផ្នែកកម្ទេចកម្ទីរ​អវកាស​ នៃទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA ដក​ស្រង់ដោយ​វែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។

មន្ទីរពិសោធន៍ Tiangong-1 ត្រូវបានគេបាញ់​បង្ហោះទៅកាន់ទីអវកាស​កាលពី​ចុងខែកញ្ញា ឆ្នាំ២០១១ ដើម្បីជួយធ្វើតេស្ត​សាកល្បង​ ​ចំពោះ​បច្ចេកវិទ្យា​ចាំបាច់ផ្សេងៗ ដែលជាតម្រូវការក្នុង​ការកសាង ស្ថានីយ​អវកាសប្រាកដជាក់លាក់មួយ ដែលចិន មានមហិច្ឆតា​គ្រោងនឹងធ្វើឲ្យ​​បាន នៅអំឡុងពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ២០២០។

កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១១ យាន​អវកាស Shenzhou ដែលពុំមានផ្ទុក​អវកាសយានិក​ឡើយ បានឡើងទៅដល់ Tiangong-1 ហើយ​បន្ទាប់មកទៀត​បេសកកម្មមាន​ផ្ទុកអវកាសយានិក​ចំនួន ០២លើក គឺ Shenzhou-9 (ខែមិថុនា ឆ្នាំ២០១២) និង Shenzhou-10 (ខែមិថុនា ឆ្នាំ​២០១៣) ក៏បានឡើង​ទៅដល់មន្ទីរពិសោធន៍​នោះផងដែរ។

ជុំវិញការធ្លាក់ត្រឡប់ចុះ​មកផែនដី​វិញរបស់ Tiangong-1 ទីភ្នាក់ងារ ESA នឹងធ្វើជាម្ចាស់ផ្ទះ និងជាប្រធានគ្រប់គ្រង​នៃយុទ្ធការ​​សាកល្បង​មួយ ដែលធ្វើឡើង​ដោយគណៈកម្មាធិការ​សម្របសម្រួល​ អន្តរទីភ្នាក់ងារ ដែលទទួលបន្ទុក​ខាងឃ្លាំមើល​កម្ទេចកម្ទីរ​អវកាស ហៅកាត់ថា IADC។ IADC រួមមាននូវក្រុម​អ្នកជំនាញ និង​អ្នក​ស្រាវជ្រាវ​ជាច្រើន មកពី​បណ្តាអង្គការ និងទីភ្នាក់ងារអវកាស​ចំនួន ១៣ ជុំវិញ​ពិភពលោក ដូចជា NASA របស់​អាមេរិក, ESA របស់អឺរ៉ុប, JAEA របស់ជប៉ុន, ISRO របស់​ឥណ្ឌា, KARI របស់​កូរ៉េខាងត្បូង, Roscosmos របស់​ឥណ្ឌា, CNSA របស់ចិន​ជាដើម។

ដោយឡែកទីតាំង​ជាក់លាក់​ដែលថា Tiangon-1 នឹងធ្លាក់ចុះ​មកផែនដីវិញនោះ នៅមិនទាន់ដឹង​ច្បាស់ឡើយ ប៉ុន្តែបើតាម​ទំនោរនៃការ​ធ្លាក់​ចុះ​របស់វា មន្ទីរពិសោធន៍នេះ​អាចនឹងធ្លាក់នៅ​ចន្លោះតំបន់ 43 Degrees North និង 43 Degrees South Latitudes (តំបន់ភាគខាងជើង និងភាគខាងត្បូងខ្សែអេក្វាទ័រ​បន្តិចៗម្ខាង ដូចរូបដែល​បង្ហាញ​ខាងក្រោមអត្ថបទ) ដែលប្រការនេះ​អាចឲ្យគេសន្និដ្ឋានថា ភាគរយដែលវាធ្លាក់ទៅក្នុងសមុទ្រ​គឺ ៧០ភាគរយ និងលើដី ៣០​ភាគរយ។

ម៉្យាងវិញទៀត​នោះ​ ដោយសារតែវត្ថុធាតុដើមនៃការសាងសង់​ ព្រមទាំងទម្ងន់​របស់មន្ទីរពិសោធន៍​អវកាសចិន​មួយនេះ វាអាចលទ្ធភាព​ខ្លះថា បំណែកមួយ​ចំនួន​របស់ Tiangong-1 នឹងមិនត្រូវ​ឆាបឆេះ​អស់ នៅក្នុងដំណើរ​ឆ្លងកាត់បរិយាកាសរបស់ផែនដី​ឡើយ ហើយពួកវាអាច​ធ្លាក់មកដល់ផ្ទៃ​របស់​ផែន​ដី ប៉ុន្តែសម្រាប់​ក្រុមអ្នក​វិទ្យាសាស្ត្រ​ទាំងចិន​ផ្ទាល់ និងបរទេស​ដូចជា​អាមេរិក ដែលធ្លាប់មាន​បទពិសោធន៍​​លើរឿងនេះ បានធានា​អះអាងថា ភាគរយ​​ដែលវាអាច​ធ្លាក់​មកលើ​ផ្ទៃដី និងបង្កគ្រោះថ្នាក់​ដល់មនុស្ស​នោះ គឺតិចតួចជា​​ទីបំផុតតែ​ម្តង និយាយរួមវា​អាចធ្លាក់ចូល​សមុទ្រច្រើនជាង ប្រសិនបើបំណែកវា​នៅសេសសល់៕

ចែករំលែក