OMG! ប្រហោងខ្មៅដ៏ស្រែកឃ្លាន «ស្រូបយកផ្កាយមួយដួង ដែលនៅជិតវា» ធ្វើឲ្យក្រុម​អ្នក​វិទ្យាសាស្ត្រ…

0

 

(អាមេរិក)៖ ប្រហោងខ្មៅដ៏​ស្រែកឃ្លានមួយ ដែលបានលេប​​ត្របាក់​យកតារាមួយ​ដួង​ជាអាហារនោះ កំពុងផ្តល់​ឱកាស​ឲ្យ​ក្រុមអ្នកវិទ្យា​សាស្រ្ត ​​ស្វែងយល់​កាន់តែច្បាស់​បន្ថែម ជុំវិញការងឿង​ឆ្ងល់ថា តើ​ពពួកបាតុភូត​ដ៏ចម្លែកនៅក្នុង​អវកាសនេះ អាច​ស្រូប​រូប​ធាតុ​​នា​នា​ចូល​ទៅ​ក្នុង​​ពួក​វា​ដោយ​របៀប​​ណា​​ ហើយប្រការនេះ​មានឥទ្ធិពលយ៉ាង​ណា ទៅលើ​ការវិវត្តន៍​នៃកាឡាក់ស៊ី​ទាំងឡាយ។ នេះបើតាម​ការ​ដក​ស្រង់​​ការ​ផ្សាយ​ចេញ​ពី​វែប​សាយ​ Space.com នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។

កាលពីឆ្នាំ២០១៤ បណ្តាញចានផ្កាយរណប ដែលដាក់ពង្រាយ​នៅពាសពេញ​ពិភពលោក ទទួលបានសញ្ញា​មួយចំនួន ដែលមានប្រភព​មកពី ​៣០០លានឆ្នាំពន្លឺឯណោះ។ រលកសញ្ញា​ទាំងនោះ បានបង្កឡើង​ដោយសារតែ ព្រឹត្តិការណ៍​ដ៏អស្ចារ្យមួយ មានឈ្មោះថា ASASSN-14li ដែល​បាន​កើតឡើង ពីព្រោះតែផ្កាយ​មួយដួង ​ក្រោយពីបានធ្វើគោចរ​ទៅកៀកនឹងប្រហោងខ្មៅ​មួយខ្លាំងពេក ក៏ត្រូវបាន​វាទាញឲ្យ​ទៅជាផេះផង់។

នៅពេលផ្កាយ​មួយដួង ធ្វើដំណើរទៅជិតនឹង​ប្រហោងខ្មៅ​ជ្រុលពេក (ឬអាចថា ប្រហោងខ្មៅចល័តទៅកៀកនឹងតារា) ទម្ងន់ដ៏មហិមា​របស់ប្រហោង​ខ្មៅនោះ នឹងប្រឆាំងជាមួយ​ទំនាញ​របស់​ផ្កាយ ហើយកម្លាំងប្រទាញ​​គ្នា​ដ៏ខ្លាំងនេះ អាចបណ្តាល​ឲ្យតារា​មួយនោះ ទៅជាលាតសន្ធឹង​ហើយរាបស្មើបាន ដោយជាចុងក្រោយ​​គឺ​ក្លាយ​ទៅជាបំណែក​តូចៗតែម្តង។

ក្រោយមកទៀត កម្ទេចកម្ទីរទាំងឡាយនៃ​ផ្កាយនោះ ក៏បានធ្លាក់សំដៅ​ទៅរកប្រហោងខ្មៅ ជាទីដែលពួកវា​ត្រូវ​ប្រមូលផ្តុំ​នៅក្នុងតំបន់ Accretion Disk ជាតំបន់ប្រជុំ​ដោយរូបធាតុ​ផ្សេងៗ ដែលចិញ្ចឹម​ប្រហោងខ្មៅ។ ដំណើរការ​នេះហើយ គឺជាអ្វីដែល​បាន​​កើតឡើងនៅក្នុង​ព្រឹត្តិការណ៍ ASASSN-14li ដែលពិតជាដូចទាំង​ស្រុង ទៅនឹង​ការវិភាគ អំពីឥទ្ធិពល​នៃចលនា​ប្រហោងខ្មៅ ដោយក្រុមអ្នក​វិទ្យាសាស្ត្រ។

គួរជម្រាបថា ការឃ្លាំមើលថ្មីៗ​ទៅលើបាតុភូតនេះ ក៏អាចជួយបង្កើន​ការយល់ដឹង​របស់ក្រុមអ្នក​ស្រាវជ្រាវ ជុំវិញដំណើរ​វិវត្តន៍​នៃកាឡាក់ស៊ី​នៅក្នុងចក្រវាឡ​ផងដែរ ពីព្រោះថា​កាឡាក់ស៊ីរីក​ដុះដាលឡើយ តាមរយៈការផ្តល់​កំណើតឲ្យផ្កាយ​ថ្មីៗ ប៉ុន្តែពួកវាអាច​បែបនេះបាន លុះត្រា​តែ​នៅក្រោមសីតុណ្ហភាព​ចុះត្រជាក់ខ្លាំង ប៉ុន្តែកាំរស្មី និងរលកវិទ្យុ​សញ្ញា ដែលបញ្ចេញ​ដោយ​ប្រហោងខ្មៅ តែងធ្វើឲ្យតំបន់មួយចំនួនក្នុង​កាឡាក់ស៊ី​ជាទូទៅ​កើនឡើងកម្តៅ ជាហេតុបង្ក​ភាពរាំងស្ទះជា​បណ្តោះអាសន្ន​ ដល់ការចាប់កំណើត​នៃដួងតារា៕​​

ចែករំលែក