ស្រង់មតិ៖ តើអង្គការ NASA គួរបាញ់​យានទៅព្រះច័ន្ទ Titan ឬក៏បញ្ជូន​យាន​ទៅខួងផ្កាយ​ដុះកន្ទុយ? រើស​យកតែ ១ ប៉ុណ្ណោះ…

0

 

(តិចសាស់)៖ ពិតជាការសម្រេចចិត្ត​ដ៏លំបាកបំផុតមួយ​ទៀតហើយ សម្រាប់អង្គការ NASA នាពេលនេះ គឺការបាញ់​យាន-ដ្រូន ទៅព្រះច័ន្ទ​ទីតាន​នៃភពសៅរ៍ ឬក៏បាញ់​យានទៅខួង​យកគំរូពីអាចម៍ផ្កាយ​រាងដូចសត្វទា ហើយអ្វី​តែមួយគត់​ដែលបង្ករឿង​នេះ​ឡើយ គឺថវិកាជាតិ​​សម្រាប់​ទ្រទ្រង់​អង្គការអវកាស​​អាមេរិក​មួយនេះ ដែលកាន់តែ​មានកម្រិត​ឡើង​ ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ។ នេះ​បើតាម​ការចេញផ្សាយដោយ សារព័ត៌មាន Space.com នារសៀលថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨។

សម្រាប់គំរោង​ធំៗ​ទាំង ២ ខាងលើនេះ ត្រូវបានជ្រើសរើស​​ចេញពីគំរោងព្រាង​​​សរុប​ចំនួន ១២ ចុងក្រោយ​នៃកម្មវិធី New Frontiers របស់​​អង្គការ NASA ជាកម្មវិធី​​បង្កើតឡើង ដើម្បីឲ្យក្រុម​អ្នក​ស្រាវជ្រាវ បញ្ចេញទស្សនៈ និងរៀបចំ​ផែនការ​ព្រាង សម្រាប់ទីភ្នាក់​ងារអវកាស​នេះ ធ្វើការ​ពិនិត្យ និងវាយតម្លៃថា តើគំរោងមួយ​ណា​ដែលសមស្រប និងមានអត្ថប្រយោជន៍​​ខ្ពស់ជាងគេ នឹងត្រូវលើកយក​​មកអភិវឌ្ឍន៍​​ជាផ្លូវការ?

សម្រាប់គំរោងធំៗ​ទាំង ២ គឺត្រូវចម្រាញ់​យកតែ ១ ប៉ុណ្ណោះ ដើម្បីធ្វើ​ការអភិវឌ្ឍ​ដោយវា​ត្រូវបានចាត់ទុក​ជាបេសកកម្មផលិត និងបាញ់បង្ហោះយាន​កម្រិត​មធ្យម ដែលទទួលបាន​ថវិកាឧបត្ថម្ភ ប្រមាណជា ១ពាន់លានដុល្លារអាមេរិក មិនខុសពី​គំរោង​ផលិតយាន​អវកាស Juno ភពព្រហស្បតិ៍ និង New Horizons ទៅកាន់ភពភ្លុយ​តូចនោះឡើយ ដោយទាំងពីរគំរោងមុននេះ គឺចាត់ទុកថា ទទួលបាន​ជោគជ័យយ៉ាងធំធេង​ទៅហើយ។

គួរបញ្ជាក់ថា ផែនការស្រាវជ្រាវ​បន្ថែមនៅព្រះច័ន្ទទីតាន (មិនមែន​ជានាវាមុជចូលសមុទ្រ Titan) និងផែនការ​ផលិតយានទៅខួង​យកគំរូអាចម៍ផ្កាយ នៅអំឡុង​ទសវត្សរ៍ឆ្នាំ២០២០ ខាងមុខនេះ គឺត្រូវបានប្រកាស​តាំងពីចុង​ឆ្នាំ២០១៧ មកម្ល៉េះ ហើយមកទល់​នឹង​បច្ចុប្បន្ននេះ ក្រុមសិក្សា​គំរោង​ទាំងពីរ កំពុងតែដុត​ដៃដុតជើង ដើម្បីអភិវឌ្ឍន៍​គំនិត ព្រមបង្ហាញ​​ពីសារៈសំខាន់ នៃបេសកកម្ម​រៀងៗខ្លួន ជាពិសេសការ​គ្រប់គ្រងការចំណាយ ដើម្បី​ឲ្យ​គណៈកម្មការ​ធ្វើការពិនិត្យ និងវិនិច្ឆ័យ​យក ១ ជាចុងក្រោយ។

ចំណុចពិសេស៖ បើតាម​ការចេញផ្សាយ​ដោយ New York Times កាលពីទី២១ ខែធ្នូ ឆ្នាំ២០១៧ អង្គការ NASA ត្រូវ​ជ្រើស​យក​បេសកកម្ម​តែមួយ ក្នុងការ​អភិវឌ្ឍ​ក្នុងចំណោម​ជម្រើស​បេសកកម្ម ដ៏សំខាន់ៗពីរបែប​នេះ ដែល​ទី១ គឺ​ការបញ្ជូន​យន្តហោះ​ដ្រូ​ន ដើម្បី​ហោះហើរ​ក្នុង​បរិយាកាស​ដ៏​ក្រាស់ នៃ​ព្រះ​ច័ន្ទ Titan របស់​ភព​សៅរ៍ ខណៈ​ទី ២ គឺ​ការបញ្ជូន​យាន​ចុះចត​លើ​អាចម៍ផ្កាយ Comet 67P ដែលមាន​រាង​ដូច​សត្វ​ទា​មួយ​ក្បាល។​

ដោយឡែក​សម្រាប់​បេស​សកម្ម ផលិត​យន្តហោះ​ដ្រូ​ន Dragonfly ដែល​អាច​តស៊ូ​នឹង​បរិយាកាស ដែល​ខាប់​ជាង​ផែនដី ៥០% និង​ស្ថិតនៅ​រាប់ពាន់​លាន​គីឡូម៉ែត្រ នោះ​គឺ​ព្រះ​ច័ន្ទ Titan ដ៏​ធំ​បំផុត​នៃ​ភព​សៅរ៍ ពិតជា​កាន់តែ​ធំធេង និង​រំភើប​ខ្លាំង​ទៅទៀត ប៉ុន្តែ​អត្ថន័យ​នៃ​ការសិក្សា​គឺ​ស្រដៀង​គ្នា ដោយ​សំដៅ​ទៅលើ​ការរុករក​ជីវិត និង​ប្រវត្តិ​នៃ​ការកកើត​ប្រព័ន្ធ​ព្រះអាទិត្យ​យើង​នេះ។

បើសិនជា​ក្រុមការងារ​របស់ NASA សម្រេចចិត្ត​រួចហើយ​ថា នឹង​រើសយក​មួយណា​នោះ​ពួកគេ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ០៤លាន​ដុល្លារ ភ្លាមៗតែម្តង ដើម្បី​យកទៅ​សិក្សា និង​បង្កើតជា​គំរោង​លើ​ក្រដាស​ចេញមក ហើយ​ចុងក្រោយ​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៩ NASA នឹងធ្វើ​ការសម្រេចចិត្ត​ជាថ្មី​ឡើងវិញ​ថា តើ​បេសកកម្ម​ពីរ​នេះ មួយណា​គួរ​ចាប់ផ្តើម​អភិវឌ្ឍន៍​មុន ហើយ​បេស​សកម្ម​បាញ់​បង្ហោះ អាច​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ឆ្នាំ២០២៥។

រឿង​បែបនេះ​ក៏​ធ្លាប់បាន​កើតមានឡើង​ម្តង​ដែរ ដោយ​កាលពី​សម័យ NASA ត្រូវបាន​ឲ្យ​ជ្រើសរើស​ធ្វើការ​សិក្សា​អំពី​ការបញ្ជូន​យាន Curiosity ទៅ​ចុះចត​លើ​ភព​អង្គារ និង​យានអវកាស ទៅ​ចុះ​លើ Europa ព្រះ​ច័ន្ទ​ភព​ព្រហស្បតិ៍​នោះ គឺ​ចុងក្រោយ​ក្រុមការងារ NASA បាន​រើសយក Curiosity មក​ធ្វើការ​សិក្សា និង​សម្រេច​ការងារ​មុន ដោយ​ទទួលបាន​ជោគជ័យ ប៉ុន្តែ​បេសកកម្ម​ទៅ Europa ក៏ត្រូវ​បានធ្វើ​ឲ្យ​យឺតយ៉ាវ​មកទល់ពេលនេះ។ ចុះ​តើ​បងប្អូន ចង់បាន​បេសកកម្ម​មួយណា​មុន?

ចែករំលែក