ភពចម្លែកអ៊ុយរ៉ាណុស «វិលក្រឡាប់ផ្កាប់ផ្ងា» ខុសពី​ភពទាំង ៧ ទៀត! តើមូល​ហេតុអ្វី?

0

 

(ភ្នំពេញ)៖ អ៊ុយរ៉ាណុស​ជាភពទី ៧ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានចម្ងាយ​ពីព្រះអាទិត្យ ២.៨៧១ពាន់លានគីឡូម៉ែត្រ។ វាមានទំហំតូច​ជាង​ភពព្រហស្បតិ៍ និងសៅរ៍ ប៉ុន្តែធំជាង​ភពចំនួន ០៥ ទៀតរួមទាំងភពផែនដី​ផងដែរ។ ភពអ៊ុយរ៉ាណុស មានមុខ​កាត់រហូតដល់ទៅ ៥០,៧២៤គីឡូម៉ែត្រ ដែលទំហំធំមែនទែនតែម្តង សម្រាប់ដុំមូលឧស្ម័ន​យក្សពណ៌ខៀវ ស្រដៀងនឹងភពណិបទូន​មួយនេះ។

មុខឆ្លើយ​សំនួរថា តើហេតុអ្វីបាន​ជាភពនេះ​វិលក្រឡាប់ផ្កាប់ផ្ងា ខុសពីភព​ឯទៀតៗនោះ Cambo Space សូមធ្វើការ​បញ្ជាក់ លក្ខណៈ​ទូទៅសំខាន់ៗ អំពីភពឧស្ម័ន​​យក្សមួយ​នេះសិន ដោយ​​អ៊ុយរ៉ាណុស​ប្រើប្រាស់​ពេល​វេលា ៨៤ឆ្នាំផែនដី នៅក្នុងការ​គោចរ​​មួយ​ជុំ​ព្រះអាទិត្យ ឬអាចនិយាយ​​បានថា ជាមួយឆ្នាំរបស់​ភពអ៊ុយរ៉ាណុស ខណៈមួយ​ថ្ងៃ​របស់​​វា​គឺស្មើនឹង ១៧ម៉ោង និង ១៤នាទី នៃភពផែនដី។

ភពអ៊ុយរ៉ាណុសក៏មាន​ព្រះច័ន្ទច្រើន​ផងដែរ គឺជាប់លេខ ៣ ក្នុងចំណោម​ភពចំនួន ៦ នៅក្នុងប្រព័ន្ធព្រះអាទិត្យ​យើងដែលមានព្រះច័ន្ទផ្ទាល់ខ្លួន គឺអ៊ុយរ៉ាណុសមានព្រះច័ន្ទ ២៧ ដែលព្រះច័ន្ទធំៗមានដូចជា Miranda, Ariel, Umbriel, Titania និង Oberon ក្នុងនោះ Titania គឺធំជាងគេ​បង្អស់មានមុខកាត់ ១,៥៧៨គីឡូម៉ែត្រ ខណៈភព​ព្រហស្បត៍ជាប់លេខ ១ មានព្រះច័ន្ទចំនួន ៦៩ (តួលេខថ្មី) ហើយ​ភពសៅរ៍​មានព្រះច័ន្ទ​ចំនួន ៦២ ជាប់​លេខ ២។

មនុស្សជាច្រើន​មានការងឿង​ឆ្ងល់ថា ហេតុ​អ្វីបានភព​អ៊ុយរ៉ាណុស និងណិបទូន​មើលទៅមាន​ពណ៌ខៀវ ខុសពីភពសៅរ៍ ឬព្រហស្បតិ៍ ដែលជាភព​ឧស្ម័នយក្ស​ដូចគ្នានោះ? ចម្លើយគឺ ភព​អ៊ុយរ៉ាណុស មានបរិយាកាស​ផ្ទុកទៅដោយ​ឧស្ម័ន អ៊ីដ្រូសែន អេល្យ៉ូម និងមេតាន ហើយនៅពេល​បរិយាកាស​ផ្នែក​ខាង​លើបំផុតរបស់វា​ សំយោគជា​មួយនឹងរស្មី​ព្រះអាទិត្យ វាក៏បង្ហាញ​ចេញជាពណ៌ខៀវ​បែបនេះតែម្តង។

ចម្ងល់​បន្ថែមទៀតនោះ តើយើងអាច​ចុះចតលើ​អ៊ុយរ៉ាណុស ឬទេ? ចម្លើយ គឺមិនអាច​នោះទេ ព្រោះភព​អ៊ុយរ៉ាណុស មិនមានស្រោប​ដោយផ្ទៃរឹង​នោះឡើយ ដោយវាមាន​តែស្នូលរឹង និងខ្លួនធំហ៊ុមព័ទ្ធដោយ​ឧស្ម័ន បូកថែមពពកយ៉ាង​ពុះកញ្ជ្រោល គ្មានដីឲ្យយើង​ឈរ ឬចុះចតយាន​អវកាសនោះ​ឡើយ ហើយបើទោះបី​ជាមានយាន​ធ្វើការហោះ​​សំកាំង​នៅក្នុងពពក​របស់វាក៏ដោយ ក៏ភពអ៊ុយរ៉ាណូស​​មានព្យុះ​ដែលអាច​បង្កើនល្បឿន​ដល់ជិត ១,០០០គីឡូម៉ែត្រ ក្នុង​មួយម៉ោង ដែលវាពិតជា​ខ្លាំងក្លា ជាង​ព្យុះលើផែនដី​ឆ្ងាយខ្លាំង​ណាស់។ លោកអ្នកប្រាកដ​ជាត្រូវព្យុះបោក​ពន្លិច​ ចូលក្នុងផ្ទៃ​ឧស្ម័ននោះ ដោយមិនអាចគេច​មិនរួច​ឡើយ។

វិលមកកាន់សំនួរធំរបស់យើងថា តើហេតុអ្វីភពអ៊ុយរ៉ាណុស វិលក្រឡាប់ចក្រ? ចម្លើយនោះ គឺយើងត្រូវពន្យល់​ពីស្ថានភាព​នេះសិន នោះគឺ ភពអ៊ុយរ៉ាណុស​មានលក្ខណៈលម្អៀង​ ជាងភពដទៃ​ឆ្ងាយណាស់ ចំពោះគោចរ​​ជុំវិញ​ព្រះអាទិត្យ ដោយតំបន់​ប៉ូលខាងជើង​របស់​របស់វា គឺទេទៅរកព្រះអាទិត្យ​​តែម្តង ក្នុងកមិ្រត​ល្អៀង​រហូតដល់ទៅ ៩៨ ដឺក្រេ ខណៈដែលភព​ផ្សេងៗ​ទៀត គឺល្អៀង​មិ​នដល់ ៣០ដឺក្រេនោះឡើយ (ឧ. ដូចជា​ផែនដី គឺតែ ២៣ដឺក្រេ ប៉ុណ្ណោះ ដែលល្អៀង​ទៅរកព្រះអាទិត្យ)។

ដូច្នេះវាមានន័យថា ប៉ូលរបស់​ភពអ៊ុយរ៉ាណុស គឺសំដៅទៅរកព្រះអាទិត្យ ហើយខ្សែក្រវាត់​របស់វា កឺសំយ៉ុងពីក្រោម​ឡើងលើ ខុសពីខ្សែក្រវាត់ភពសៅរ៍តែម្តង។ យើងអាច​​និយាយបានថា ភពអ៊ុយរ៉ាណុសរមៀលខ្លួនឯង ព័ទ្ធជុំវិញ​ព្រះអាទិត្យ ជាជាងគោចរ​ក្នុង​គន្លងរង្វិលបញ្ឈរធម្មតា ដូចភព​​ឯទៀតៗ។ កត្តាដែលបង្ក​រឿងនេះឡើង គឺទំនងជាស្ថិត​នៅក្នុង​អំឡុងពេល នៃការបង្កើតប្រព័ន្ធ​ព្រះអាទិត្យដំបូងៗ​មកម្ល៉េះ។

កាលពីការបង្កើតប្រព័ន្ធព្រះអាទិត្យដំបូងៗ គឺស្ថានភាពក្នុងប្រព័ន្ធទាំងមូល ពិតជាកោលាហលខ្លាំងបំផុត។ ភពនៅក្នុង​ប្រព័ន្ធយើងមាន​ទៅដល់ជាង ១០០ភពឯណោះ ប៉ុន្តែភពខ្លះ​​ត្រូវបានខ្ទាតចេញពី​ព្រះព័ន្ធព្រះអាទិត្យ​ បាត់ស្រមោល​តែម្តង និង​ភពខ្លះទៀត​ត្រូវបានរួមបញ្ចូល​​គ្នា​ក្លាយជា​ភពធំៗ។

ភព​មួយចំនួនទៀត​​ក៏ត្រូវបានភពតូច ឬធំ​បុកទង្គិច ធ្វើឲ្យគន្លង​របស់វា វិល​ខុសពីទម្រង់​ដើម​ដែលវា​បាន​​បង្កើតឡើង គឺដូចជាអ៊ុយរ៉ាណុស​​នេះឯង ដែលមានភាពល្អៀងខុសពីគេឯង។ ដូច្នេះ​នេះ​ជាចម្លើយ​សមស្របមួយ ដែលអ្នកសិក្សា​នានាបានឯកភាព​យក ហើយ Cambo Space ក៏សង្ឃឹមថា បងប្អូនអ្នកសិក្សាទាំងឡាយនៅប្រទេសកម្ពុជាយើង ក៏ទំនង​ជាអាចយល់ស្រប​ដូចគ្នាដែរ៕

សម្រង់​អត្ថបទ៖ Wikipedia និង វែបសាយ Universe Today
រៀបរៀង​ដោយ៖ Cambo Space

ចែករំលែក