យាន Curiosity គំរប់​ខួប ២,០០០ថ្ងៃ លើ​ភពអង្គារ និងត្រៀម​ទៅកាន់តំបន់​ដ៏ពិសេស​មួយ…

0

 

(អាមេរិក)៖ ពិតជាថ្ងៃ​ដ៏រីករាយមួយ សម្រាប់​អង្គការ NASA ដែលត្រូវប្រារព្ធខួប ២,០០០ថ្ងៃ ជូនដល់យាន​រុករកភពអង្គារ Curiosity ដែលបាន​បំពេញបេសកកម្ម​​របស់វា ក្រោយពីបាន​ចុះចតលើភព​ក្រហមនោះដំបូង កាលពី​ឆ្នាំ២០១២។ នេះបើតាមការ​ចេញ​ផ្សាយ​ដោយ Space.com នារសៀលថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។

សម្រាប់​​រយៈពេល ២,០០០ថ្ងៃ ខាងលើនេះ គឺគិតតាម​​ពេលវេលា នៃភពអង្គារប៉ុណ្ណោះ ប៉ុន្តែវាមិនសូវ​ខុសជាមួយផែនដី​នោះឡើយ ដោយនៅលើ​ភព​អង្គារ​មួយថ្ងៃវាស្នើ​នឹង​ជាង ២៣ម៉ោង នៃពេលវេលា​​លើផែនដី។ ដើម្បីអបអរ​ថ្ងៃខួបដ៏ពិសេស​នេះ អង្គការ NASA បានបញ្ចេញ​រូបភាពមួយ ដែល Curiosity ជាអ្នកថតបាន កាលពី​ខែមករា ឆ្នាំ២០១៨ (ថ្ងៃទី ១,៩៣១ នៅលើ​ភពអង្គារ) ដែលបង្ហាញ​​ពី​តំបន់ភ្នំ Mount Sharp ដែល​មានដាន​នៃទឹក អាចជា​សញ្ញា​បញ្ជាក់ថា តំបន់នេះធ្លាប់​មាន​វត្តមានទឹក កាលពី​រាប់ពាន់​លានឆ្នាំមុន។

សម្រាប់​តំបន់ភ្នំ Mount Sharp ខាងលើនេះ គឺយាន Curiosity បានព្យាយាម​វាឡើង​ តាំងតែពី​ខែកញ្ញា ឆ្នាំ២០១៤ មកម្ល៉េះ ហើយសម្រាប់​តំបន់ចំណុចកណ្តាល នៃរូបភាព​ខាងលើនេះ គឺជាជំហានធំ​បន្ទាប់របស់ Curiosity ដែលត្រូវ​ទៅឲ្យដល់ ព្រោះវានឹងអាច​ឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ទម្លាយអាថ៌​កំបាំងបន្ថែម​ទៀត អំពីភពព្រះអង្គារ តាមរយៈការវិភាគ​សារធាតុរ៉ែ​សំខាន់ ដែលស្ថិតនៅក្នុង​កំហូងនោះ។

គួរបញ្ជាក់ថា តំបន់​កំហូងដីបែបនេះ គឺត្រូវការទឹក​ទើបអាចបង្កើតឡើង​បាន ហើយអ្នក​វិទ្យាសាស្ត្រ​បានដឹងរួចមក​ហើយថា តំបន់​ក្រោមៗ នៃភ្នំ Mount Sharp គឺជាអតីត​ផ្ទៃបាតបឹងក្រោម​បំផុត នៃតំបន់​បឹងយក្ស Gale Crater ដែល​យាន Curiosity បានធ្វើការចុះចត​កាលពី​ខែសីហា ឆ្នាំ២០១២។

ចំណុចសំខាន់៖ កាលពី​ឆ្នាំ២០១៣ បេសកកម្មរបស់​យានខាងលើនេះ បានរកឃើញ​ភស្តុតាងនៃវត្តមាន​ទឹក កាលពី​អតីតកាល ដែលជាបឹងផ្ទុក​ទឹកធម្មជាតិ ដែលវាអាច​ជា​សញ្ញាគ្រប់គ្រាន់ថា ជីវិតអាចធ្លាប់​កើតមាននៅក្នុង​បឹងនេះ។ ចាប់តាំងពី​ឆ្នាំ២០១៤ តមក​ទៀត Curiosity នៅតែព្យាយាមធ្វើ​ការបកស្រាយចម្ងល់ ដើម្បីឲ្យ​យើង​អាចយល់ដឹង​ពីបរិស្ថាន ដូចជាទឹក និងខ្យល់ ដែលអាចផ្តល់​ព័ត៌មានបន្ថែម ពីអតីតកាល​របស់ភព​អង្គារបាន៕

ចែករំលែក