HOT NEWS: ទៀតហើយ! អង្គការ NASA «លើក​ថ្ងៃបង្ហោះ​កែវយឺតអវកាស James Webb» ដោយសារ​បញ្ហា​ធំ​មួយ…

0

 

(អាមេរិក)៖ ជាថ្មីម្តងទៀត​អង្គការ NASA បានសម្រេច​ពន្យាពេលការ​បាញ់បង្ហោះ ​កែវយឺតអវកាស​ជំនាន់ថ្មីរបស់ខ្លួន គឺ James Webb ដោយ​លើកទៅ​មិនឲ្យនៅមុន​ ខែឧសភា ឆ្នាំ២០២០ឡើយ ពោលគឺខុស​កាលកំណត់ចាស់​ដល់ទៅជិត០១ឆ្នាំ ដោយសារតែ​ការចាំបាច់ ត្រូវធ្វើតេស្ត​សាកល្បង​ទៅលើប្រព័ន្ធរបស់វា​បន្ថែមទៀត ព្រមទាំងបញ្ហា​មួយចំនួន​ទៀត។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី វែបសាយ Space.com នៅព្រឹក​ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។

បើតាមសេចក្តី​ប្រកាសរបស់ NASA ដោយសារតែ​ការពន្យាពេល​បាញ់បង្ហោះ កែវយឺតអវកាស​ដែលមានតម្លៃអភិវឌ្ឍន៍ ៨.៨ពាន់លានដុល្លារ អាចនឹងឡើង​ខ្ពស់ជាងនេះទៅ​ទៀត​ផងដែរ។ ដោយត្រូវគេ​ចាត់ទុកថា ជាអ្នកស្នង​តំណែងរបស់កែវយឺត​អវកាស Hubble កែវយឺត​អវកាស James Webb គឺជាឧបករណ៍​ឃ្លាំមើលប្រើប្រាស់​បច្ចេកវិទ្យា Infrared រចនាឡើង​ដើម្បីមើលឆ្លុះ​យ៉ាងជ្រៅ​ទៅក្នុង​ទីអវកាស និងសិក្សាទៅ​លើពពួកផ្កាយព្រមទាំងកាឡាក់ស៊ីចាស់ៗ ហើយរុករកភពប្លែកៗថ្មី នៅជុំវិញដួងតារាឆ្ងាយៗពីយើង។

ទីភ្នាក់ងារ​អវកាស NASA បានកសាងកែវយឺត​យក្ស James Webb ឡើង ដោយរួមមាន​​ពីរផ្នែក, ដោយផ្នែក​ទីមួយនោះ គឺកែវយឺតផ្ទាល់​រួម​ជាមួយ​និងខែលព្រះអាទិត្យ​ដ៏ធំមួយ ដែលនឹងការពារ​ឧបករណ៍ផ្សេងៗ​របស់វា។ នៅពេលដែល​ទីបំផុតវាត្រូវគេបាញ់​បង្ហោះនោះ James Webb នឹងក្លាយ​ជាកែវយឺតអវកាស​ដ៏ធំបំផុត ដែលមនុស្សលោក​យើងបានបញ្ជូន ទៅកាន់ទីលំហអាកាស។

គួរជម្រាបថា ពីដំបូងឡើយ NASA សង្ឃឹមថា នឹងអាចបង្ហោះ James Webb នៅក្នុងឆ្នាំ២០១៨នេះ ប៉ុន្តែបានសម្រេច​លើកទៅឆ្នាំ​ក្រោយវិញ។ សម្រាប់ការពន្យាពេល​នេះ មិនដឹងជាលើកទីប៉ុន្មានហើយទេ ប៉ុន្តែបើតាមដឹងនោះ James Webb និង TESS គឺជាក្រុមកែវយឺតអវកាស ដែលត្រូវទៅជំនួស Kepler ដែលជាកែវយឺត​អវកាស​បាន និងកំពុងធ្វើ​ប្រតិបត្តិការជិត ១០ឆ្នាំមកនេះ ហើយជិតអស់​ឥន្ធនៈ​ទៅហើយ។

ចំណុចពិសេស៖ ពិតប្រាកដ​ណាស់ ជីវិតក្រៅភព ឬជីវិតអេលៀន​នៅភពផ្សេង ក្រៅប្រព័ន្ធ​ព្រះអាទិត្យ​របស់យើងនេះ គឺជាក្តីចម្ងល់ជាប់​ជានិច្ចសម្រាប់មនុស្ស​ជាច្រើន ដែលរស់នៅ​លើ​ភពផែនដី ហើយអ្វីដែលនាំ​ឲ្យពួកគេជឿថា មានអេលៀន​យ៉ាងពិត​ប្រាកដ​នោះ គឺយោងទៅ​ការសិក្សាកន្លងមក អំពីភព​ទាំង ៨ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ និងការរកឃើញ​ភពរាប់ពាន់ទៀត នៅប្រព័ន្ធព្រះអាទិត្យ​ផ្សេងពីយើង ដែលខ្លះមានគន្លង​ត្រឹមត្រូវ​ដូចភពផែនដី។

​តាមអង្គការ NASA ឲ្យដឹងថា ដើម្បីឲ្យបាន​ដឹងថា ភពមួយមាន​បរិយាកាស​ដែលអាចទ្រទ្រង់​ជីវិត បាន ឬក៏អត់នោះ James Webb នឹង​បង្កើនរលកសញ្ញា​របស់ខ្លួន​ ជះទៅលើភពគោលដៅ ហើយវានឹងបានដឹងថា តើភពនោះ​មានទឹក មេតាន កាប៊ូម៉ូណូអុកស៊ី ឬក៏ឌីអុកស៊ីត និងអុកស៊ីសែន ដែរឬទេ។ បន្ទាប់មក​ទៀត ក្រុមអ្នក​វិទ្យាសាស្ត្រ នឹងគណនា​អំពីទំហំភព, គន្លងគោចររបស់វាពីផ្កាយរបស់វា និងរយៈពេល​នៃការគោចរផងដែរ ដើម្បីសរុបថា ជីវិតអាចកើតមាន​នៅលើវា ឬទេ៕

ចែករំលែក