សហរដ្ឋអាមេរិក «ត្រៀមបាញ់​​បង្ហោះ​​ផ្កាយរណប ០២» ទៅអង្កេត​​​តំបន់សមុទ្រ​ទឹកកក​​របស់​​ផែនដី ដែលកំពុង​ប្រែប្រួល​គួរឲ្យបារម្ភ…

0

 

(អាមេរិក)៖ ទីភ្នាក់ងារ​អវកាស NASA របស់​សហរដ្ឋអាមេរិក នឹងបង្កើន​ការដានតាមតំបន់​ទឹកកក​របស់ភពផែន តាមរយៈការ​បាញ់បង្ហោះ​​ផ្កាយរណប​ថ្មីចំនួនពីរ និងការ​សិក្សាស្រាវជ្រាវ​​ជាច្រើន​ផ្សេងទៀត នៅឆ្នាំ២០១៨នេះ។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។

តំបន់ដាច់​ស្រយ៉ាលភាគច្រើន​នៅលើផែនដី កំពុងឲ្យសញ្ញា​ពីការប្រែប្រួល​គួរឲ្យបារម្ភ ដែលអាចជះផល​ប៉ះពាល់ធ្ងន់ធ្ងរ នៅទូទាំងពិភព​លោក​តែម្តង។ ជារួម​អ្នកវិទ្យាសាស្រ្ត បានហៅតំបន់​ទឹកកកទាំងនេះ​ នៃភពរបស់យើង​ថាជា «Cryosphere»។

ខណៈការប្រែប្រួល​ជារឿយ​ៗ​​ កើតមាននៅតាមតំបន់​ឆ្ងាយៗដាច់ស្រយាល ការបន្តប្រព្រឹត្ត​ទៅឥតឈប់ឈរ និងថមថយ​បែបនេះនៃ Cryosphere អាចមានឥទ្ធិពល​ទៅលើ​មនុស្ស​ នៅជុំវិញពិភពលោក តួយ៉ាង​ការកើន​ឡើងនៃ​កម្រិតកម្ពស់​ទឹកសមុទ្រ ប៉ះពាល់ដល់​ឆ្នេរនានា ទូទាំងសកលលោក ហើយនិងការបាត់​បង់​ផ្ទាំងទឹកកកធំៗ ដែលគ្របដណ្តប់​មហាសមុទ្រអាក់ទិច ដើរតួយ៉ាង​សំខាន់ នៅក្នុងលំនាំនៃ​អាកាសធាតុ​របស់ផែនដី។

គួរជម្រាបថា ដើម្បីឆ្លើយតបនឹងប​ញ្ហាខាងលើ អង្គការ NASA បានគ្រោងនឹងបាញ់​បង្ហោះផ្កាយរណប​ថ្មីចំនួនពីរ មានឈ្មោះថា GRACE-FO និង ICESat-2 ដើម្បីតាម​ឃ្លាំមើល និងវាយតម្លៃ​ទៅលើការប្រែប្រួល​នៃតំបន់ Cryosphere របស់​ភពផែនដី។ ជាមួយគ្នានេះ យុទ្ធនាការ​ស្រាវ​ជ្រាវ​ចំនួនពីរទៀត ក៏បានចាប់ផ្តើម​ប្រព្រឹត្តទៅផងដែរ នៅឯកោះ​ទឹកកក Greenland របស់ប្រទេស​ដាណឺម៉ាក។

ការសិក្សា​ខាងលើនេះ នឹងផ្តល់ផលប្រយោជន៍​ដល់ក្រុមអ្នក​វិទ្យាសាស្ត្រ ធ្វើការវិភាគ​បន្ថែមពីមូលហេតុ​ចម្បង ដែលបានបង្កឲ្យ​តំបន់ខាងលើនេះ​ប្រែប្រួល រួចនឹងធ្វើការ​សិក្សា​រិះរក​វិធីស្រោចស្រង់ ទៅ​ថ្ងៃអនាគត។ តំបន់ជាច្រើន​នៅលើផែនដី​មានការ​ប្រែប្រួល គឺភាគច្រើន​ដោយសារតែកត្តា​មនុស្សតែម្តង ជាពិសេស​ការបញ្ចេញឧស្ម័ន​ពុលច្រើនឡើងៗ ទៅក្នុង​បរិយាកាស ដែលធ្វើឲ្យភពផែនដី​ឡើងកម្តៅពីមួយឆ្នាំ​ទៅមួយឆ្នាំ៕

ចែករំលែក