គោលដៅធំនៃ SpaceX គឺនាំមនុស្ស​ទៅភពផ្សេង ព្រោះផែនដី​អាចរងគ្រោះ​​ដោយ​ អាចម៍ផ្កាយ សង្គ្រាម និងអ្វីៗ​ផ្សេង​ទៀត…

0

 

(អាមេរិក)៖ អតីតកាល​អាក្រក់របស់មនុស្ស​លោក អាចផ្តល់ហេតុផល​យ៉ាងសាកសម សម្រាប់ការព្យាយាម​កសាងអរិយធម៌ថ្មី នៅលើឋាន​ព្រះច័ន្ទ ឬក៏ភពព្រះអង្គារ (Mars)។ នេះបើតាមសម្តី​របស់ស្ថាបនិក​ក្រុមហ៊ុន SpaceX លោក អេឡន ម៉ាសក៍ (Elon Musk) ដកស្រង់​ដោយវែបសាយ Space.com នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។

សហគ្រិន​ដែលមានទ្រព្យសម្បត្តិ​រាប់ពាន់លានរូបនេះ ធ្លាប់បានគូស​បញ្ជាក់តាំងតែ​ពីយូរណាស់​មកហើយថា លោកបាន​បង្កើត​​ SpaceX ឡើង កាលពីឆ្នាំ២០០២ ក្រោមគោលដៅ​ចម្បង គឺជួយមនុស្សលោក​ឲ្យមានវត្តមាន​នៅភព​ឯទៀតៗ មិនត្រឹមតែ​នៅលើភព​ផែនដីមួយឡើយ ដើម្បីបង្ការ​មិនឲ្យពួកយើង​ងាយប្រឈម​នឹងការ​ផុតពូជ។

សម្រាប់ពេល​អនាគត មនុស្សលោក នឹងប្រឈមមុខ​ជាមួយការគំរាមកំហែង​ធំៗជាច្រើន មានតាំងពីការវាយប្រហារ​ដោយ​អាចម៍ផ្កាយ និង​​បញ្ហាបម្រែបម្រួល​អាកាសធាតុ រហូតដល់ការ​បាត់ម្ចាស់ការ​ទៅលើបច្ចេក​វិទ្យាវ័យឆ្លាត AI បើតាមការ​ព្រមានរបស់ លោក Musk ក្នុងអំឡុង​ពេល​ប៉ុន្មានឆ្នាំកន្លង​ទៅនេះ ហើយថ្មីៗ​មហាសេដ្ឋី​រូបនេះ ក៏បានសង្កត់ធ្ងន់​ អំពីបញ្ហា​អសមត្ថភាព​ជាក់ស្តែង​របស់យើង ក្នុងការចុះ​សម្រុង​ជា​មួយគ្នា ជាកត្តាគួរឲ្យ​កង្វល់មួយផ្សេង​ទៀត​ផងដែរ។

កាលពីដើម​ខែមីនានេះ លោក Elon Musk បាននិយាយ​យ៉ាងដូចច្នេះថា «កាលពីសតវត្សរ៍មុន យើងធ្លាប់មាន​សង្រ្គាមធំៗចំនួន ០២ មកហើយ… បីប្រសិន​បើយើងរាប់​បញ្ចូលទាំង​សង្រ្គាម។ ខ្ញុំគិតថា យើងអាចនឹងជួប​ប្រទះសង្រ្គាម​ទ្រង់ទ្រាយធំ​មួយផ្សេងទៀត»។ លោក Musk បានបញ្ជាក់​ថា លោក​ពុំមែនកំពុង​ទស្សន៍ទាយ​អំពីសង្រ្គាមពិភពលោក​នោះទេ ប៉ុន្តែគ្រាន់​តែចង់​លើកឡើងថា វាទំនងជាអាច​កើតឡើងនា​ថ្ងៃអនាគត ដោយមើល​ទៅលើកំណត់​ត្រា​ប្រវត្តិសាស្រ្ត​របស់មនុស្ស​លោក។ លោក Musk បន្ថែមថា ប្រសិនបើ ឬក៏នៅពេលដែល សង្រ្គាមធំ​នោះ​កើត​ឡើង វាអាចបង្ក​ទៅជាសម័យកាល​ដ៏ខ្មៅងងឹត​ នៅទូទាំងពិភពលោក​តែម្តង។

«ដូច្នេះហើយ យើងចង់ធានាថា នឹងមានគ្រាប់ពូជ​នៃអរិយធម៌មនុស្ស​គ្រប់គ្រាន់ នៅទីកន្លែង​ផ្សេង ដើម្បីនាំអរិយធម៌​ទាំងនោះ ត្រឡប់មក​វិញ ឬក៏កាត់បន្ថយ​រយៈពេល​ នៃសម័យកាល​ខ្មៅងងឹត។ ខ្ញុំគិតថា មូលដ្ឋាននៅឋាន​ព្រះច័ន្ទ និងមូលដ្ឋាន​នៅភពអង្គារ ដែលអាចជួយ​ស្រោច​ស្រង់​ជីវិតឡើងវិញនៅលើ​ផែនដី នឹងមានសារៈសំខាន់​ខ្លាំងណាស់ និងដើម្បីធ្វើយ៉ាង​ដូច្នោះបាន នៅមុនការផ្ទុះ​សង្រ្គាមលោក​លើកទីបី»។

គួរជម្រាបថា លោក Elon Musk មិនមែនបាន​តែនិយាយចោលទាំង​ស្រុងឡើយ។ បច្ចុប្បន្ន SpaceX កំពុងអភិវឌ្ឍន៍​​យានអវកាសកាត់គ្រាប់​​រ៉ុក្តែតដ៏ធំមួយ ហៅថា BFR ដែលមានគោលដៅ​ចម្បងធ្វើយ៉ាងណា​ ឲ្យការដាក់អាណានិគមនៅ Mars អាចធ្វើ​ទៅ​បាន​បើនិយាយពីរឿង​​​សេដ្ឋកិច្ច។ បន្ថែមពីនេះ បច្ចុប្បន្នមានតែ SpaceX ប៉ុណ្ណោះ ដែល​គិតគូរខ្លាំងពីការ​នាំមនុស្ស​ទៅភពអង្គារ នៅអំឡុង​ទសវត្សរ៍​ឆ្នាំ២០២០ ខណៈដែល NASA ហាក់​ដូចជា​រារែក៕

ចែករំលែក