OMG! បន្ទប់ស្ថានីយ​អវកាសចិន «Tiangong-1 នឹងធ្លាក់ចុះមកផែនដី នៅដើមខែមេសា» ប៉ុន្តែ​វិទ្យាសាស្ត្រ​ថា កុំព្រួយ…

0

 

(អាមេរិក)៖ នៅចុង​សប្តាហ៍នេះ បន្ទប់នៃមន្ទីរពិសោធន៍​​អវកាសចិន Tiangong-1 ដែលមានន័យថា វិមានឋានសួគ៌នោះ ទីបំផុតនឹងធ្លាក់ចូល​មក​ដល់​បរិយា​កាស​ នៃភពផែនដី ហើយឆាបឆេះ​នៅក្នុងស្ថានភាព​ដែលអ្នកវិទ្យាសាស្រ្ត​ មិនអាចគ្រប់គ្រង​វាបាន​ឡើយ។ នេះបើតាមការ​ដកស្រង់​ការផ្សាយ​ចេញពី​វែបសាយ Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។

Tiangong-1 គឺជាមន្ទីរពិសោធន៍​អវកាស​ដំបូងបំផុត​របស់ចិន ដែលត្រូវបានបាញ់​បង្ហោះកាលពី​ឆ្នាំ២០១១ និងធ្លាប់បាន​ទទួល​អវកាសយានិក​០២នាក់ នៅទីនោះកាលពី​ឆ្នាំ២០១២ និងឆ្នាំ២០១៣ ស្ថិតនៅក្នុងគំរោងកសាង ស្ថានីយអវកាស​ផ្ទាល់ខ្លួន​របស់ចិន ដែលនឹង​ត្រូវសម្រេច​​ជោគជ័យ នៅឆ្នាំ២០២២។ វាបានបន្តដំណើរការ​ជាធម្មតា រហូតដល់​ឆ្នាំ២០១៦ ជាពេលដែល​ការទាក់ទង ជាមួយ​មន្ទីរពិសោធន៍អវកាស ​បានបាត់បង់ទៅ។

ខណៈពេលនេះ​ Tiangong-1 កំពុងសំយុងធ្លាក់ចុះមករកផ្ទៃ​ផែនដី ហើយភាគច្រើននៃ​តួខ្លួនវាត្រូវ​គេរំពឹងថា នឹងឆេះរលាយអស់​នៅក្នុងបរិយាកាស ខណៈបំណែក​ក៏ដូចជាកម្ទេចកម្ទីរ​ ដែលនៅសេសសល់របស់វា អាចនឹង​ធ្លាក់​មកដល់​ផ្ទៃ​ផែនដី (ភាគច្រើនត្រូវ​បានគេរំពឹងថា នឹងធ្លាក់​ចូលផ្ទៃ​សមុទ្រ​ច្រើនជាង)។

Tiangong-1 ដែលមាន​ទំហំប្រហាក់ប្រហែល​នឹងរថយន្តក្រុងមួយ​គ្រឿងនេះ មានទំហំតូច​ជាងឆ្ងាយបើធៀប​នឹង ស្ថានីយអវកាស Skylab របស់ ​អង្គការ NASA ដែលបានធ្លាក់​ទៅចំតំបន់​ដាច់ស្រយ៉ាល​ នៃប្រទេសអូស្រ្តាលី​កាលពី​ឆ្នាំ១៩៧៩។ មន្ទីរពិសោធន៍​អវកាសចិន​មួយនេះ មាន​ទម្ងន់​ត្រឹម ៩.៤តោនប៉ុណ្ណោះ ខណៈ Skylab មានទម្ងន់ដល់ទៅ ១០០តោន។

គួរជម្រាបថា សម្រាប់ទីតាំង​ដែលបំណែកមួយ​ចំនួនរបស់ Tiangong-1 ដែលអាចនៅ​សល់ពីការឆាបឆេះ​ក្នុងបរិយាកាស ប្រហែលជា​នឹង​ធ្លាក់ចំនោះ គឺនៅចន្លោះ​តំបន់ 43 Degrees North និង 43 Degrees South Latitudes (តំបន់ភាគ​ខាងជើង និងភាគខាងត្បូង​ខ្សែអេក្វាទ័រ​​បន្តិចៗម្ខាង ដូចរូប​ដែល​បង្ហាញ​ខាងក្រោម​អត្ថបទ) ខណៈលទ្ធភាព​ដែលថា មនុស្សម្នាក់នឹងត្រូវ​កម្ទីរកម្ទេចទាំងនោះ ធ្លាក់ចំនោះ​គឺវាតិចតួចជាទី​បំផុត៕

ចែករំលែក