ធ្លាប់ឃើញទេ? នេះជារូបភាព «​មហាប្រាសាទ​​ពីរ៉ាមីដ ថតពី​ទី​អវកាស» ក្នុង​ចំណោម​រូបពិសេសៗ​ទាំង ០៨…

0

(បរទេស)៖ សម្រាប់​សប្តាហ៍កន្លងទៅនេះ ទីភ្នាក់អវកាស​អាមេរិក និងអឺរ៉ុប បានបញ្ចេញ​រូបភាពដ៏អស្ចារ្យៗ​ជាច្រើនសន្លឹក ទាក់ទង​នឹង​​​វិស័យ​អវកាស ដើម្បី​ចែកជូនអ្នក​រាល់គ្នាបាន​ទស្សនា។ ខាងក្រោមនេះ​ គឺជារូបចំនួន ០៨សន្លឹក ដកស្រង់ចេញ​ពី​វែបសាយ Space.com នៅ​ព្រឹក​​ថ្ងៃ​ចន្ទ ទី០២ ខែ​មេសា ឆ្នាំ២០១៨។

១៖ សំណង់ស្ថាបត្យកម្ម​ដ៏ល្បីល្បាញរបស់​អេហ្ស៊ីប គឺប្រាសាទ​ពីរ៉ាមីត Giza ត្រូវបានថតយក​ពីលើអាកាស​ ដោយផ្កាយរណប Proba-1 របស់​​ទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA។

២៖ ព្រះច័ន្ទដ៏តូច​ច្រឡឹង នឹងមានរាងយ៉ាងចំឡែក​ឈ្មោះថា Pan នៃភពសៅរ៍ នៅក្នុងរូបភាព​ដែលថតបាន​ដោយ​ អតីតយានអវកាស Cassini របស់ NASA គឺកំពុងធ្វើ​គោចរនៅក្នុងប្រព័ន្ធ​ខ្សែក្រវាត់ របស់​ភពយក្សនេះ។

៣៖ តំបន់បង្កើតផ្កាយ​មួយនៅក្នុង​កាឡាក់ស៊ី Milky Way របស់យើង ដែលស្ថិត​នៅចម្ងាយ ៧,៥០០ឆ្នាំពន្លឺ មើល​ទៅ​ហាក់​ដូច​ជា​ផ្ទាំង​គំនូរ​របស់​​វិចិត្រ​ករ​ដ៏​ល្បី​ល្បាញ​​លើ​​ពិភព​លោក គឺលោក Van Gogh នៅក្នុងរូបភាព​អវកាស ដែលថតបាន​ដោយកែវយឺត​អវកាស Herschel របស់ ESA។

៤៖ យានសម្រាប់ដឹកជញ្ជូន​អវកាសយានិក Orion របស់ NASA កំពុងធ្លាក់ចុះ​ដោយសន្សឹមៗ​មកផែនដី ក្នុងអំឡុងនៃការ​ធ្វើតេស្តប្រព័ន្ធ​ឆ័ត្រ​​យោងរបស់វា នៅរដ្ឋ Arizona សហរដ្ឋអាមេរិក។ Orion ត្រូវបានបង្កើត​ឡើងសម្រាប់បំពាក់​លើរ៉ុក្កែត SLS ដើម្បីនាំយក​អវកាសយានិក ​ឲ្យ​ធ្វើដំណើរ​ហួសទៅឆ្ងាយ​ ពីគន្លងគោចរកម្រិតទាបរបស់​ផែនដី (Low-Earth Orbit) នៅខ្ទង់​ឆ្នាំ២០២៥។

៥៖ រ៉ុក្កែតរុស្ស៊ី Soyuz ហោះចាកចេញពី​មជ្ឈមមណ្ឌលបង្ហោះ​យានអវកាស Baikonur Cosmodrome ក្នុងប្រទេស​កាហ្សាក់ស្ថាន ដើម្បីនាំ​យកក្រុម​អវកាសយានិកចំនួន ០៣នាក់ ទៅកាន់ស្ថានីយ​អវកាស​អន្តរជាតិ ISS។

៦៖ ខណៈយានរុករក Curiosity របស់​អង្គការ NASA បានធ្វើប្រតិបត្តិការលើសពី ២,០០០ថ្ងៃ នៅលើ​ភពអង្គារ (Mars) ទីភ្នាក់ងារអវកាស​អាមេ​រិក បានសម្រេចបញ្ចេញ​រូបភាពថ្មីនេះ បង្ហាញឲ្យឃើញ​ពីតំបន់ដែល Curiosity កំពុងសិក្សា​ស្រាវជ្រាវ។

៧៖ ទីភ្នាក់ងារ​អវកាសអឺរ៉ុប បញ្ចេញរូបភាព​ដ៏អស្ចារ្យ នៃវដ្តកម្លាំងម៉ាញេទិចពេញ​លេញរបស់​ព្រះអាទិត្យ ដែលមើល​ទៅចម្លែក​មែនទែន។

៨៖ ក្រុមតារាវិទូថត​បានទិដ្ឋភាព​នៃមន្ទីរពិសោធន៍​អវកាសចិន Tiangong-1 ដែលកំពុងធ្លាក់សំដៅ​មកក្នុងបរិយាកាស​របស់ផែនដី៕​

ចែករំលែក