បន្ទប់ស្ថានីយ​អវកាសចិន ធ្លាក់ឆេះខ្ទេច​ហើយ! ឥឡូវនេះ​ដល់វេន បំណែក​រ៉ុក្កែត​ឥណ្ឌា និងអឺរ៉ុប​ ត្រូវកំណត់​ពេល​ធ្លាក់វិញ…

0

(អាមេរិក)៖ មន្ទីរពិសោធន៍​អវកាសសាកល្បង​​របស់ប្រទេស​ចិន Tiangong-1 បានធ្លាក់មក​ផ្ទៃផែនដីវិញ ហើយផ្នែកភាគច្រើន​របស់វាបាន​ឆាប​​ឆេះ​​អស់កាល​ពីព្រឹកម្សិលមិញ​នេះ នៅភាគខាងត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ប៉ុន្តែនៅមាន​វត្ថុរាប់ម៉ឺនរាប់សែន​ទៀត ដែលកំពុង​នៅ​​រសាត់​អណ្តែត​​ជុំវិញផែនដី ហើយ Tiangong-1 នឹងពុំមែន​ជាវត្ថុចុង​ក្រោយ ដែលនឹងធ្លាក់​មកក្នុងផ្ទៃមេឃ​របស់យើង ដោយ​គ្មាន​ម្ចាស់​​ការ​បែប​នេះ​​​ឡើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី វែបសាយ Space.com នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។

លោក Jonathan McDowell ដែលជាអ្នក​វិទ្យាសាស្រ្តម្នាក់​ ឯកទេសខាងផ្នែក​តារាសាស្រ្ត និងរូបវិទ្យា បានលើក​ឡើងថា «វានៅមាន​វត្ថុធំៗ​មួយ​ចំនួន​ក្នុងទីអវកាស នៃគន្លងគោចរកម្រិតទាបរបស់​ផែនដី ដែលពួកយើង​ទាំងអស់គ្នា​ គួរតាមឃ្លាំមើល​ឲ្យបាន​ដិតដល់»។ ក្នុងចំណោម​នោះ​រួមមានបំណែក​ នៃគ្រាប់រ៉ុក្កែត​របស់ឥណ្ឌា PSLV ដែលបាននាំ​យកផ្កាយរណបមួ​យគ្រឿង ទៅកាន់ទីអវកាស​កាលពី​ខែមេសា ឆ្នាំ២០១២។

PSLV មានទម្ងន់​ត្រឹមតែមួយតោនប៉ុណ្ណោះ គឺស្រាល​ជាងឆ្ងាយបើធៀប​នឹងទម្ងន់ ៩.៤តោនរបស់ Tiangong-1 ប៉ុន្តែបើតាម​ក្រុមហ៊ុន Aerospace Corporation ដែលមាន​ឯកទេស​ខាងតាមដាន​វត្ថុអវកាសធ្លាក់​ចុះមកផែនដី​នោះ PSL ត្រូវគេរំពឹងថា នឹងធ្លាក់ចុះមកដល់​បរិយាកាស​របស់​យើង នៅថ្ងៃស្អែក​នេះ​តែម្តង។

ជាមួយគ្នានេះ បំណែកនៃ​គ្រាប់រ៉ុក្កែតទម្ងន់កន្លះ​តោន​របស់អឺរ៉ុប Ariane 5 ដែលត្រូវបាន​បង្ហោះទៅទីអវកាស​កាលពី​ ខែឧសភា ឆ្នាំ២០១៧ និង​​កំពុងរសាត់​អណ្តែតក្នុងគន្លង​រាងពងក្រពើ​ជុំវិញផែនដីនោះ ក៏ត្រូវគេរំពឹងថា នឹងចូលមកក្នុង​បរិយាកាសវិញនៅ​ថ្ងៃតែមួយដូច​នឹង PSLV ផងដែរ បើតាម​ការប្រកាសពីក្រុមហ៊ុន Aerospace Corporation។

ក្រៅពីនេះ លោក McDowell បានបន្តថា វត្ថុអវកាសធំបន្ទាប់​ដែលយើងគួរ​បារម្ភនោះ គឺផ្កាយរណប RXTE របស់ទីភ្នាក់ងារ​អវកាស NASA មានទម្ងន់ ០៣តោន ដែលត្រូវបាន​បាញ់បង្ហោះ​កាលពីឆ្នាំ១៩៩៥ ហើយវាអាចធ្លាក់ចុះ​មកក្នុងបរិយាកាស​ផែនដីវិញ នៅខ្ទង់ពាក់​កណ្តាល​​ខែមេសានេះ។

គួរបញ្ជាក់ថា អ្នកតាមដាន​អវកាសនានា ជាពិសេសលោក​ខាងលិច ហាក់មានការ​ចេញផ្សាយ​ច្រើនហួសហេតុ អំពីការធ្លាក់​ចុះមកវិញ នៃបន្ទប់​ស្ថានីយអវកាស​ចិន​Tiangong-1 ដោយសារតែ​វាជាលើកដំបូង ដែលវត្ថុអវកាស​ផលិតដោយ​ចិនផ្ទាល់ ជួបបញ្ហា​ខូចខាត និងធ្លាក់មកវិញដោយ​គ្រប់គ្រង​លែងបាន ប៉ុន្តែ​សំណាងល្អ ដែលវាមិន​បានបង្កបញ្ហា​អ្វីបន្តិច​ឡើយ៕

ចែករំលែក