មិនអាចមើលរំលង! ប្រវត្តិនៃយានអវកាសចំនួន ០៤ ធ្លាក់ចុះមកផែនដីវិញ និងផ្តាច់​ជីវិត​មនុស្ស ០៧នាក់…

0

(ប៉េកាំង)៖ មន្ទីរពិសោធន៍​អវកាស Tiangong-1 ដែលបានធ្លាក់​ចូលមកក្នុង​បរិយាកាស​ផែនដីវិញ និងឆាបឆេះស្ទើរ​តែគ្មានសល់​បំណែក​ កាល​ពីព្រឹកថ្ងៃចន្ទ​ម្សិលមិញ​នោះ ត្រូវបានចាត់​បញ្ចូលទៅក្នុង​បញ្ជីមួយ ដែលផ្ទុកសុទ្ធ​តែកំណត់ត្រា​ នៃយាន​អវកាស ដែលបាន​ឆាបឆេះ ស្របពេល​ដែលពួកវា​បានដាំដូងចុះ​មកក្នុង​ផែនដីវិញ ហើយខាង​ក្រោមនេះ​ គឺជាព្រឹត្តិការណ៍​ល្បីៗ​មួយចំនួន៖

១. Mir – ២០០១៖ ត្រូវគេបាញ់​បង្ហោះកាលពី​ឆ្នាំ១៩៨៦ ស្ថានីយ​អវកាស Mir គឺជានិមិត្តរូប​ពោពេញដោយ​មោទនភាព​មួយ នៃភាព​ជោគជ័យ ​របស់សហភាព​សូវៀតក្នុង​វិស័យអវកាស ទោះបីជាធ្លាប់​ជួបប្រទះបញ្ហាធំៗ​ជាច្រើន​ក៏ដោយក្តី។ ប៉ុន្តែក្រោយ​ពីការដួលរំលំ​របស់សហភាព​​សូវៀត អាជ្ញាធររុស្ស៊ី​បានសម្រេច​បោះបង់ចោល​ស្ថានីយនេះ កាលពីចុង​ទសវត្សរ៍៩០ ហើយបង្វែរ​ធនធានរបស់​ពួកគេ ​ដើម្បីទៅផ្តោត​​លើ​ស្ថានីយអវកាស​អន្តរជាតិ ISS វិញ។ ស្ថានីយទម្ងន់ដល់ ១៤០តោននេះ ត្រូវបានទីភ្នាក់ងារ​អវកាសរុស្ស៊ី បញ្ជាទម្លាក់ចុះមក​ផែនដីវិញ នៅ​លើ​មហា​សមុទ្រប៉ាស៊ីហ្វិក ចន្លោះប្រទេសនូវែលសេឡង់ និងឈីលី នៅឆ្នាំ២០០១។

២. Salyut 7 – ១៩៩១៖ Salyut 7 ដែលត្រូវបាន​គេបាញ់បង្ហោះ​កាលពីឆ្នាំ១៩៨២ គឺជាមន្ទីរពិសោធន៍​អវកាសចុងក្រោយ នៃកម្មវិធី Salyut របស់​សហភាពសូវៀត។ នៅពេលដែល​ស្ថានីយ Mir ត្រូវបានបញ្ជូនទៅ​ទីអវកាសនៅឆ្នាំ១៩៨៦ អាជ្ញាធរវិស័យ​អវកាស​សូវៀត បានរំកិល​ Salyut 7 ឲ្យទៅគន្លង​ខ្ពស់ជាងមុន ហើយបោះបង់វា​ចោលនៅទីនោះ​តែម្តង។

Salyut 7 បើតាមការ​រំពឹងទុកត្រូវ​ស្ថិតនៅក្នុង​គន្លងនោះ​រហូត​ដល់​ឆ្នាំ១៩៩៤ ប៉ុន្តែបញ្ហានឹក​ស្មានមិនដល់បាន​កើតឡើង ក៏បានបណ្តាល​ឲ្យវាធ្លាក់មកផែន​ដី​វិញនៅឆ្នាំ១៩៩១។ ស្ថានីយទម្ងន់ ៤០តោន​នេះ បានបែកជា​បំណែក និងឆាបឆេះ ហើយកម្ទេចកម្ទីរ​មួយចំនួនដែល​នៅសល់ បានធ្លាក់រាយ​ប៉ាយនៅក្នុង​ប្រទេស​អាហ្សង់ទីន។

៣. Skylab – ១៩៧៩៖ Skylab គឺជាស្ថានីយអវកាស​ដំបូងគេ និងតែមួយគត់របស់​សហរដ្ឋអាមេរិក ដែលត្រូវបាន​បាញ់បង្ហោះ​ដោយអង្គការ NASA កាលពី​ឆ្នាំ១៩៧៣ និងទទួលក្រុម​អវកាសយានិក​ ឲ្យធ្វើប្រតិបត្តិការ​នៅទីនោះ​រហូតដល់​ឆ្នាំ១៩៧៤។ ដោយឡែក ខណៈគន្លង​របស់​ស្ថានីយ​អវកាសនេះ ចាប់ផ្តើមធ្លាក់​ចុះដុនដាប ទីភ្នាក់ងារ​អវកាស NASA ត្រូវតែបង្ខំចិត្ត​ត្រៀមលក្ខណៈ​សម្រាប់ការធ្លាក់​ត្រឡប់ចុះ​មកវិញ​របស់វា ខណៈ NASA មានលទ្ធភាព​ក្នុងកម្រិតខ្លះៗ​ប៉ុណ្ណោះ ក្នុងការកំណត់​ទីតាំង​ដែលវានឹងត្រូវធ្លាក់​ចុះប៉ុណ្ណោះ។ ទីបំផុតស្ថានីយទម្ងន់ ​៨៥តោននេះ បានសំយ៉ុងចុះ​លើ​ប្រទេស​អូស្រ្តាលី ដែលជាព្រឹត្តិការណ៍​ដ៏កក្រើកមួយទូទាំង​ពិភពលោក។

៤. Columbia – ២០០៣៖ ព្រឹត្តិការណ៍​ទាំង ០៣ ខាងលើនេះ គឺមិនដែលធ្លាប់មាន​គ្រោះ​ថ្នាក់ ឬសោកនាដកម្ម​នោះឡើយ ប៉ុន្តែកាលពីឆ្នាំ២០០៣ យាន Space Shuttle ឈ្មោះ Columbia របស់ NASA បានបែកជា​បំណែក នៅក្នុងអំឡុង​នៃការធ្វើ Re-Entry (ធ្លាក់ចុះមកក្នុង​បរិយាកាស​ផែនដីវិញ) របស់​វានៅ​ចុងបេសកកម្ម STS-107 ដែលជាលទ្ធផល​បានផ្តាច់ជីវិត​អវកាសយានិក​ទាំង ០៧នាក់ នៅលើនោះ។

គ្រោះថ្នាក់ខាងលើបានកើតឡើង ដោយសារឆ្លាបផ្នែក​ខាងឆ្វេងរបស់យាន Columbia ត្រូវបានប៉ះទង្គិច​ដោយវត្ថុមួយ តាំងតែពីអំឡុង​នៃ​ការ​​បាញ់​បង្ហោះ​​របស់​វា ដែលជាហេតុធ្វើ​ឲ្យយានអវកាស​នេះ ពុំមានទប់ទល់នឹង​សីតុណ្ហភាព​ដ៏ខ្លាំងក្លា ក្នុង​អំឡុង​នៃការធ្វើ Re-Entry ហើយធ្វើ​ឲ្យ​ខ្លួនតួវា​បែកចេញពី និងឆាបឆេះ។ កម្ទីរកម្ទីររាប់ម៉ឺន​បំណែកនៃយានអវកាស​ទម្ងន់ ៨០តោននេះ បានធ្លាក់រប៉ាត់​រប៉ាយ​ពាសពេញរដ្ឋតិច​សាស់​ និងលូវីសៀ​អាណា (Louisiana)៕

ប្រភព​ព័ត៌មាន៖ បាងកកប៉ុស្តិ៍

ចែករំលែក