អង្គការ NASA X-Plane «ជា​​យន្តហោះ​ល្បឿន​​លឿន និង​ស្ងាត់​បំផុត» ប្រកប​ដោយ​ភាព​ពិសេស…

0

 

(អាមេរិក)៖ ទីភ្នាក់ងារ​អវកាស NASA បានប្រកាស​ឲ្យថា ខ្លួនបានជ្រើសរើស​យក​ក្រុមហ៊ុន Lockheed Martin សម្រាប់កុងត្រា​តម្លៃប្រមាណ ​២៤៧.៥​លានដុល្លារ ដើម្បីរចនា ​និងសាងសង់​យន្តហោះ​ល្បឿនលឿន X-Plane ថ្មី (LBFD) ដែលអាចហោះហើរ​ដោយស្ងប់ស្ងៀម នៅលើ​​ផ្ទៃ​អាកាស​នៃសហរដ្ឋអាមេរិក នៅឆ្នាំ២០២២។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី វែបសាយ Space.com នៅព្រឹក​ថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។

ការប្រកាស​ខាងលើនេះ ត្រូវបានធ្វើឡើង​មិនដល់ពីរសប្តាហ៍​នោះឡើយ ក្រោយពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានចុះ​ហត្ថ​លេខាលើ​​កញ្ចប់​ថវិកាសហព័ន្ធ​សម្រាប់ឆ្នាំ២០១៩ ដែលផ្តល់ការ​គាំទ្រផ្នែក​ហិរញ្ញវត្ថុ​យ៉ាងពេញទំហឹង ​ដល់​គម្រោង LBFD។ នៅក្នុងសំណើ​​​កញ្ចប់ថវិកា​របស់ លោក ដូណាល់ ត្រាំ បានគូស​បញ្ជាក់ថា យន្តហោះ X-Plane នឹងបើកឱកាស​ដល់ទីផ្សារថ្មី សម្រាប់ឲ្យ​​ក្រុមហ៊ុន​​អាមេ​រិក សាងសង់​យន្តហោះពាណិជ្ជកម្ម​ដែលលឿន​ជាងមុន, បង្កើតការងារ​ជាច្រើន​កន្លែងបន្ថែម, និងកាត់បន្ថយ​ការចំណាយ​ពេលវេលា​​ ដើម្បីធ្វើដំណើរ​ឆ្លង​ប្រទេស។

ក្នុងគម្រោង​នេះ NASA និង Lockheed Martin ត្រូវតែធ្វើយ៉ាងរិះរក​វិធីសាស្រ្ត ដើម្បីធ្វើឲ្យ​យន្តហោះ X-Plane បំណែក​រនាំង​សំឡេង ដោយ​ពុំ​​មាន​បន្លឺសូរ Sonic Boom។ ដោយ​ឡែក ខណៈដែល​អង្គការ NASA កំពុងខិតខំ​ធ្វើការកាត់បន្ថយ​សំឡេង Sonic Boom ក្រុមហ៊ុន​ដទៃទៀត​ កំពុងខិតខំផ្តោត​ទៅលើគម្រោង​ យន្តហោះ​ល្បឿនលឿន Supersonic រៀងៗខ្លួន​របស់ពួកគេ ដែលយន្តហោះ​ទាំងនោះ នៅតែមានបង្ក​​សំឡេង​លាន់ខ្លាំង ក្នុងអំឡុង​ពេលហោះហើរ​នៅ​ឡើយ។

គួរជម្រាបថា យន្តហោះ​របស់គម្រោង LBFD នឹងមានបណ្តោយ​ប្រវែង ២៩ម៉ែត្រ ដែលហោះហើរ​នៅរយៈកម្ពស់ ១៧,០០០ម៉ែត្រ និងធ្វើ​ដំណើរ​ដល់ល្បឿន ១.៤ដង នៃល្បឿនសំឡេង គឺប្រហែល ១,៦០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលវានឹងបង្ក​សំឡេងលាន់​រំខានជាខ្លាំង ដល់​មនុស្សដែល​រស់នៅក្នុងតំបន់ ដែលយន្តហោះ​ប្រភេទនេះ ហោះ​ឆ្លងកាត់។ ដូច្នេះ​ហើយទើប NASA ខិតខំរកវិធីកាត់​បន្ថយ និងលុបបំបាត់​​ផលអវិជ្ជមាន​នេះ៕

ចែករំលែក