តើចក្រវាឡ​មាន​ព្រំដែន ឬទេ? នេះជាសំនួរមួយ ​ដែលសូម្បី​តែអ្នកវិទ្យាសាស្ត្រ ក៏ពិបាកឆ្លើយ…

0

 

(ភ្នំពេញ)៖ តើចក្រវាឡមានព្រំដែន ឬទេ? សំនួរនេះយើងទាំងអស់គ្នាប្រាកដជាងឿងឆ្ងល់ ដោយអ្នកពូកែស្រាវជ្រាវឯកសារ នឹងប្រឹងប្រែងស្វះស្វែងរកចម្លើយដោយខ្លួនឯង ហើយ​សម្រាប់អ្នកដែលមិនដឹងថា ត្រូវទៅស្រាវជ្រាវនៅទីណានោះ គឺនឹងសួរទៅកាន់​មនុស្ស​ដែលគេគិតថា អាចផ្តល់ចម្លើយមួយដល់ពួកគេបាន។

ចម្លើយតំណាក់កាលទី ១ នោះគឺ សូម្បីតែប្រព័ន្ធព្រះអាទិត្យខ្លួនឯងសោះ ក៏មនុស្ស​មិនទាន់មានលទ្ធភាពដឹងនូវអ្វីគ្រប់យ៉ាងអស់ផង តើយើងអាចទៅយល់ដឹងព្រំដែន នៃចក្រវាឡតាមរបៀបណាទៅ? ពិតជាត្រឹមត្រូវសម្រាប់ការអះអាងដូច្នេះ ប៉ុន្តែបើយើង​ប្រើប្រាស់ការគិតគូស៊ីជម្រៅ នឹងព្យាយាមថ្លឹងថ្លែងតថភាពជាក់ស្តែងនោះ វាជារឿងពីរ​ផ្សេងគ្នាយ៉ាងពិតប្រាកដ។

ក្នុងប្រព័ន្ធព្រះអាទិត្យយើង គឺយើងអាចដឹងតាមរយៈឧបករណ៍ ដូចជា ផ្កាយរណប តេឡេស្កូ យានរុករក យានអវកាស និងការជះរលកសញ្ញានានា ដែលត្រូវបានបង្កើតឡើង​ដើម្បីសិក្សាអំពីអ្វីៗ ដែលមាននៅក្នុងប្រព័ន្ធយើងនេះតែម្តង។ ប៉ុន្តែសម្រាប់ចក្រវាឡវិញ យើងក៏មានលទ្ធភាពក្នុងការតាមដានដែរ តាមរយៈឧបករណ៍ដូចជាតេឡេស្កូបយក្ស កែវយឺតអវកាស និងប្រព័ន្ធកាំរស្មីជះរលកសញ្ញា ទៅកាន់ទីអវកាស​ឆ្ងាយជាដើម។

ដោយសារតែពន្លឺ​ត្រូវចំណាយពេលវេលា ដើម្បីជះមកដល់យើង ពីទីតាំង​ដ៏សែនឆ្ងាយ​​នៃទីអវកាស ហើយចក្រវាឡ​មានចំណុចចាប់ផ្តើម​​របស់​វានោះ បានន័យថា មានរយៈចម្ងាយ​មួយ ដែលពួកយើង​ពុំអាចមើលឃើញ​ឡើយ (លើសពីសមត្ថភាព យើងអាចដឹង)។ រយៈចម្ងាយនោះ គឺប្រហែល​ជា ​៤៦​ពាន់​​លាន​ឆ្នាំ​ពន្លឺ និងជាកំណត់​សម្គាល់នៃព្រំដែន​របស់ទំហំ​ចក្រវាឡ ដែលយើងអាច​អង្កេតបាន។ ពី​ព្រោះ​តែ​យើង​​មិន​អាច​មើល​ឃើញ​​ចក្រវាឡ ហួស​ពី​​តំបន់​នេះ​ យើងមិន​ដឹងច្បាស់ថា តើចក្រវាឡទាំងមូល​ធំមហិមាប៉ុណ្ណា ឲ្យប្រាកដនោះឡើយ។

ការសិក្សារស្រាវជ្រាវ​មួយចំនួន បានលើកឡើងថា ចក្រវាឡគឺគ្មាន​ដែនកំណត់នោះទេ ខណៈដទៃទៀត​ទំនងជាបង្ហាញថា ចក្រវាឡតាម​​ពិត​ទៅគឺមានទីបញ្ចប់​របស់វា ពុំមែនអនន្ត​នោះឡើយ។ ទោះបីជាក្នុងករណី​ទំហំចក្រវាឡមាន​ដែនកំណត់ក៏ដោយ វាក៏ប្រហែល​នៅតែពុំមានគែម ឬ​បន្ទាត់ព្រំដែនច្បាស់​លាស់ដដែល គឺដូចទៅនឹង​ការដែលផ្ទៃ​នៃភពផែនដី​ គឺមានដែនកំណត់​ដែរអ៊ីចឹង ប៉ុន្មានមិនមែន​គែម​កំណត់​ជាក់​​ស្តែងត្រឹមត្រូវតែម្តង​នោះឡើយ។

ក្រុមតារាវិទូយល់ថា លំហអាកាស​ប្រហែលជាមានទីបញ្ចប់ ដោយវត្ថុនានារួមមាន​ថាមពល និងកាឡាក់ស៊ី ត្រូវបានពង្រាយ​ក្នុងលក្ខណៈដូច​គ្នាទៅនឹងនៅក្នុង​តំបន់ចក្រវាឡ​ ដែលអាចអង្កេត​បានដែរ។ ប្រសិនបើវាពិត​យ៉ាងដូច្នោះមែននោះ ការសន្និដ្ឋាន​ចម្លែកៗផ្សេងៗ ជុំវិញ​សំណួរ​ថាតើមានអ្វីខ្លះ​នៅហួសពី​តំបន់នោះ នឹងកើតមានជា​បន្តបន្ទាប់ ពីព្រោះថា​នៅហួសតំបន់ចក្រវាឡ​អាចអង្កេតបាន ដែល​គេហៅថា Hubble Volume អ្នកមិនត្រឹមតែរក​ឃើញភពដែលប្លែកៗ​នោះឡើយ គឺអាចមានអ្វី​ផ្សេង​ក្រៅពីនេះ។

ដូច្នេះសរុបសេចក្តីមក ចម្លើយអាចធ្វើឲ្យលោកអ្នកខកចិត្ត នោះគឺចម្លើយទី ១ ប្រហែលជាចក្រវាឡមានព្រំដែនកំណត់ និងចម្លើយទី ២ ប្រហែលជាចក្រវាឡ​គ្មាន​ព្រំដែនកំណត់នោះឡើយ។ ទោះបីជាចម្លើយទាំងពីរនេះ ស្ថិតនៅខ្សែកណ្តាល ប៉ុន្តែ Cambo Space សូមលើកឡើងរឿងពិតមួយថា លំហ ឬ Space ពុំមានដែនកំណត់នោះឡើយ៕

ឯកសារ​យោង៖ Wikipedia, Space.com និង Livescience.com

ចែករំលែក