(អាមេរិក)៖ នៅពាក់កណ្តាលខែមេសានេះ វែបសាយមើលខ្សែភាពយន្តតាមអនឡាញដ៏ល្បី Netflix នឹងចាប់បញ្ចាំងភាពយន្តក្លាស៊ីកបែបស្រមើស្រមៃផ្នែកអវកាសមួយ មានចំណងជើងថា «Lost in Space»។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។
ខ្សែភាពយន្ត Lost in Space គឺជារឿងភាគមួយរបស់ស្ថានីយទូរទស្សន៍អាមេរិក CBS ដែលធ្លាប់ត្រូវបានចាក់បញ្ចាំង កាលពីចន្លោះឆ្នាំ១៩៦៥ និងឆ្នាំ១៩៦៨ ខណៈ Lost in Space ដែលនឹងត្រូវដាក់ចេញឲ្យអតិថិជនរបស់វែបសាយ Netflix ទស្សនាបាននាថ្ងៃសុក្រសប្តាហ៍ក្រោយនេះ (ពេលវេលានៅអាមេរិក) នឹងជាការថតឡើងវិញថ្មីតែម្តង ពុំមែនបន្តសាច់រឿងពី Lost in Space កាលពីទសវត្សរ៍ទី ៦០ ឡើយ។
គួរជម្រាបថា ភាពយន្ត Lost in Space របស់ Netflix ត្រូវបានគេបញ្ជាក់ថា នាខណៈនេះ មានតែមួយវគ្គប៉ុណ្ណោះ (Season) ហើយមាន ១០ភាគ (Episode)។ អ្វីដែលពិសេសសម្រាប់ខ្សែភាពយន្តបែបភាគបន្តបន្ទាប់គ្នា នៅលើវែបសាយដូចជា Netflix នេះគឺយើងអាចទស្សនា Episode របស់ពួកវាម្តងទាំងអស់ក្នុងពេលតែមួយតែម្តង ពុំបាច់ត្រូវរង់ចាំការផ្សាយមួយសប្តាហ៍មួយភាគ ដូចស្ថានីយទូរទស្សន៍ ឬវែបសាយដ៏ទៃឡើយ៕