ការស្ទង់មតិថ្មី៖ យុវវ័យ​អាមេរិក​មួយចំនួន​នៅតែ​គិតថា «ផែនដី​មានរាង​សំប៉ែត»

0

 

(អាមេរិក)៖ បើតាមការធ្វើស្ទង់​មតិថ្នាក់ជាតិ​ថ្មីមួយ នៅឯ​សហរដ្ឋអាមេរិក​មាន​តែយុវវ័យ​​ដែលមានអាយុ​ចន្លោះពី ១៨ឆ្នាំ ដល់ ២៤ឆ្នាំ ត្រឹមតែ ៦៦ភាគ​រយប៉ុណ្ណោះ ដែលមាន​ការប្រាកដប្រជា​ក្នុងចិត្តថា ពិភពលោក​របស់យើង គឺមានរាងមូល​ដូចបាល់។ នេះ​បើ​តាម​​ការ​ដក​ស្រង់​​ការ​ផ្សាយ​ចេញ​ពី​​ វែប​​សាយ Space.com នៅព្រឹក​ថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។

យ៉ាងណាមិញ​លទ្ធផលខាង​លើនេះ ពុំមែនមានន័យថា បច្ចុប្បន្នអ្នក​ជឿថាផែនដី​មានលក្ខណៈ​សំប៉ែត​រាបស្មើនោះ កំពុងមានចំនួន​កើន​ឡើងខ្លាំង​នោះ​ឡើយ ដោយសារតែ​ក្រុមមនុស្ស​វ័យចន្លោះ ១៨ឆ្នាំ ដល់ ២៤ឆ្នាំ ត្រឹមតែ ០៤ភាគរយប៉ុណ្ណោះ ដែលបាន​និយាយថា ពួកគេពិតជា​ជឿជាក់​ថា ផែនដីរាង​សំប៉ែត។

ផ្ទុយទៅវិញក្រុមយុវវ័យ​ជំនាន់ក្រោយនេះ ដែលមានមន្ទិល​សង្ស័យ និងមិនប្រាកដក្នុងចិត្តតែម្តង​នោះ គឺមានចំនួនច្រើនគួរសម ដោយ​ក្នុង​នោះ ០៩ភាគរយ បានលើកឡើងថា ពួកគេតែងតែធ្លាប់​ជឿថា ផែនដីមាន​រាងមូល ប៉ុន្តែទើបតែមាន​មន្ទិលក្នុងចិត្តនា​ពេលថ្មីៗនេះ, ០៥ភាគ​រយ​​បាននិយាយថា ពួកគេតែងតែ​ជឿជាក់ថា ភពរបស់យើង​មានរាង​សំប៉ែត ប៉ុន្តែក៏បាន​ចាប់ផ្តើមសង្ស័យ​ ចំពោះការ​សន្និដ្ឋាននេះ ហើយ ១៦ភាគ​រយ គឺមិនប្រាកដ​ក្នុងចិត្ត​តែម្តង។

គួរជម្រាបថា ទស្សនវិជ្ជា​ដែលយល់ថា ផែនដីសំប៉ែតនោះ គឺមានវត្តមានចាប់​តាំងតែពីសតវត្សរ៍​ទី ១៩ មកម្ល៉េះ ប៉ុន្តែវាបាន​ចាប់ផ្តើមផ្ទុះឡើង​​ជាថ្មីម្តងនា​ពេលថ្មីៗនេះ នៅលើបណ្តាញ​អ៊ីនធើណែត ជាពិសេសនោះ​គឺនៅលើ YouTube និង Twitter តែម្តង ហើយក្នុងនោះ ក៏មានយុវជនមួយចំនួន បានបង្ហាញក្តីជឿជាក់តែម្តង។​ អ្នកដែលប្រកាន់​​យក​​ទស្សនវិជ្ជានេះ មានជំនឿជឿ​ជាក់ថា ផែនដីរបស់យើង​មានរាងជាបន្ទះ​ឌីស​សំប៉ែត​មួយ ដែលហ៊ុមព័ទ្ធ​​ជុំវិញដោយជញ្ជាំង​​ទឹកកក ដ៏ធំមហិមា​មួយ ដូច្នេះហើយពួកគេ​​មិនជឿ​លើកម្លាំងទំនាញ​ឡើយ។

សម្រាប់ការ​អះអាងថា ផែនដី​មានរាង​ជារង្វង់ (មូល) មិនមែនសំប៉ែតនោះ គឺបានលេចឡើងតាំងពីសម័យក្រិក​បុរាណមក​ម្ល៉េះ ប៉ុន្តែរបក​គំហើញ និងការស្រាវជ្រាវ​ជាក់ស្តែងជុំវិញរឿងនេះ គឺបានធ្វើ​ឡើងដោយលោក គ្រីស្តុប កូឡុំ ជនជាតិអ៊ីតាលី ដែលបានចាប់​ផ្តើមធ្វើដំណើរ​ឆ្លងកាត់ម​ហាសមុទ្រនានា ដើម្បីពិសោធន៍កាលពីឆ្នាំ១៤៩២៕

ចែករំលែក