ហេតុអ្វី​ព្រះច័ន្ទ​មិនអាច​មាន «បរិយាកាស និងជីវិត​» ដូចនៅលើភពផែនដី?

0

(ភ្នំពេញ)៖ Cambo Space ជឿថា ប្រាកដជាមួយ​បងប្អូនមួយចំនួន ធ្លាប់នឹកឃើញ​ដល់សំនួរនេះ ហើយវាពិត​ណាស់ថា មិនមែនជារឿង​ដែលហេង ឬស៊យនោះឡើយ ដោយយើងត្រូវ​ការការបកស្រាយ​ពីអ្នកវិទ្យាសាស្ត្រ ដែលបាន​ធ្វើការសិក្សា និងវិភាគ​អំពីមូលហេតុថា ហេតុអ្វីបាន​ជាផផែនដី មាន​បរិយាកាស និងជីវិត តែព្រះច័ន្ទ​​អត់មាន ព្រោះទីឋាន​ទាំងពីរនេះ ស្ថិតនៅតំបន់​ត្រឹមត្រូវ Habitable Zone ក្នុងប្រព័ន្ធ​ព្រះអាទិត្យដូចគ្នា?

មុខនឹងឆ្លើសំនួខាងលើនេះ​ឲ្យបានក្បោះក្បាយ និងអាចទទួល​យកបាន យើងត្រូវ​ធ្វើការការសិក្សា និងវិភាគ តាមរយៈការវិល​ទៅរកពេលដំបូងៗ នៃការកកើតភព​ផែនដី និងព្រះច័ន្ទ កាលពី ៤.៦ពាន់លានឆ្នាំមុនសិន ហើយនេះក៏ជា​ការរំលឹកមេរៀន​ចាស់ៗ​ដើម្បីឲ្យបានស្វែងយល់​​កាន់តែច្បាស់​បន្ថែម​​ទៀតផងដែរ។

កាលពី ៤.៦ពាន់លានឆ្នាំមុន កម្ទេចកម្ទីដុំថ្ម និងធូលី ដែលបែកចេញពីការផ្ទុះ នៃព្រះអាទិត្យ​របស់យើងនេះ បានប្រមូលផ្តុំគ្នាក្លាយជាភពផែនដី និងភពមួយចំនួន​ទៀត​នៅក្នុងប្រព័ន្ធ ដែលពីដំបូងឡើង​ក្រុម​អ្នកវិទ្យាសាស្ត្រអះអាងថា មានភពរហូតដល់ទៅជាង ១០០ឯណោះ គោចរជុំវិញព្រះអាទិត្យ ប៉ុន្តែភពមួយចំនួនបានបុកទង្គិចគ្នាក្លាយជាភពធំ និងភពមួយចំនួនទៀតបានបុកគ្នា ហើយត្រូវកែប្រែគន្លងដើម និងបន្ទាប់មកកម្ទេចកម្ទី នៃការបុកទង្គិចនោះ​ បានប្រមូលផ្តុំគ្នា​ក្លាយជាព្រះច័ន្ទ នៃភពមួយ​តែម្តង (អាចមានចាប់ពី ១ឡើងទៅ ឬក៏មិនអាចកើតជាព្រះច័ន្ទផង ក៏ថាបានដែរ)។

សម្រាប់ព្រះច័ន្ទរបស់យើងសព្វថ្ងៃ ក៏អាចមានរបៀបចាប់កំណើត ដូចការរៀបរាប់​ខាងលើ​នេះដែរ ដោយកាលពី ៤.៥ពាន់លានឆ្នាំមុន ភពក្មេង​មួយមានឈ្មោះថា Theia ទំហំប៉ុនភពអង្គារ បានគោចរខុសគន្លង រួចមកបុកមួយទំហឹងជាមួយភព​ផែនដី ដែលជាភព​ក្មេងដូចគ្នា ហើយជាលទ្ធផលនៃការទង្គិចនោះ ភពផែនដី​បានកើនទំហំធំ​ជាងមុនបន្តិច និងកម្ទេចកម្ទី​ផ្សេងទៀត ដែលកើតឡើងពីការប៉ះទង្គិច បានកកើតជាព្រះច័ន្ទ​ដូចយើងឃើញសព្វថ្ងៃនេះតែម្តង។

ចូលមកដល់​សំនួរសំខាន់! តើហេតុអ្វីក៏ផែនដី​មានបរិយាកាស និងជីវិត តែព្រះច័ន្ទអត់​មាន ខណៈទីឋាន​ទាំងពីរនេះ ស្ថិតនៅក្នុងគន្លងត្រឹមត្រូវ (Habitable Zone) ដែលមិន​ត្រជាក់​ពេក និងមិនក្តៅពេកដូចគ្នានោះ? ចម្លើយ៖ ជាក់ស្តែង​ការមានបរិយាកាស (ទឹក ដី ភ្លើង និងខ្យល់) ត្រឹមត្រូវនោះ គឺទើបជីវិតអាចមានលទ្ធភាព​កកើតឡើងបាន ហើយភពផែនដី​មានកម្លាំងទំនាញខ្លាំង​ចេញពីក្នុងស្នូលដ៏ក្តៅគគុក និងម៉ាស់គ្រប់គ្រាន់ ដែលអាចរក្សា​​បរិយាកាស​នៅស្រោបជុំវិញភពបាន ទើបក្រោយមកអាច​ផ្តល់ឱកាស​ដល់ជីវិតកកើតឡើង​បានពីមួយ​តំណាក់កាល ទៅមួយ​តំណាក់កាល។

សម្រាប់ព្រះច័ន្ទវិញ​ត្រូវបានក្រុមរូបវិទូគណនាថា មិនអាចរក្សា​បរិយាកាសបានឡើយ ព្រោះទំហំរបស់​ព្រះច័ន្ទតូចខ្លាំង, កម្លាំងទំនាញ​ខ្សោយពេក (ស្មើ ១/៦ ផែនដី), គ្មាន​ភ្នំភ្លើងសកម្ម និងអាច​និយាយបានថា ព្រះច័ន្ទវិលជុំវិញខ្លួន​ឯងយឺតពេក ដែលធ្វើឲ្យ​ផ្នែកមួយចំហៀង​របស់វា តែងតែត្រូវកម្តៅ​ព្រះអាទិត្យយូរ រហូត​ដល់ទៅ ២សប្តាហ៍ ដូច្នេះគ្មាន​បរិយាកាសណា អាចស្ថិតនៅក្នុងទីឋាន​ដែលមានលក្ខណៈ​បែបនេះឡើយ។

ចំណុចសំខាន់៖ យើងអាចលើកឧទាហរណ៍ធំមួយ គឺភពផែនដី និងភពពុធ ដែលមាន​ភ្នំភ្លើងសកម្មដូចគ្នា ដូចគ្នាភពទាំងពីរនេះអាចរក្សានិរន្តរភាព នៃបរិយាកាសស្រោប​ជុំវិញ​ផ្ទៃភពបាន ប៉ុន្តែដោយសារតែសណ្ឋានផ្ទៃខុសគ្នា ទើបមួយមានបរិយាកាសពុល និងក្តៅខ្លាំង ហើយមួយទៀត (ផែនដី) សមរម្យ និងអាចកកើតជីវិតបាន។ ងាកមកព្រះច័ន្ទ គឺភូមិសាស្ត្ររបស់ឋាននេះ ស្លាប់អស់រលីងតែម្តង ដូច្នេះវាគ្មានម៉ូលេគុល​ចេញពីក្នុងខ្លួន ដែលត្រូវទៅបង្កើតជាបរិយាកាសនោះទេ។

ចំណែកភព​​អង្គារ​វិញ ពីមុខក៏មានភ្នំភ្លើង​សកម្មដែរ តែក្រោយពីវារលត់អស់ទៅ ទើបអ្នកវិទ្យាសាស្ត្រ​​អាចអះអាង​មួយផ្នែកថា ជាកត្តាដែល​ធ្វើ​ឲ្យបរិយាកាស​ភពក្រហមនេះ​​ស្តើងទៅៗ ព្រោះបន្ទុះភ្នំភ្លើង គឺជាការបន្លែម​ម៉ូលេគុល​ឧស្ម័នទៅក្នុង​បរិយាកាស ដើម្បី​ជំនួស​ម៉ូលេគុល​បរិយាកាស​របស់ភពមួយ ដែលរសាត់​ចេញ​ទៅទៅអវកាស​រៀង​រាល់វិនាទីនោះ។ សរុប​សេចក្តីមក ចំណុចខាងលើនេះ គឺជាកត្តាធំៗ​តាម​បែបរូបសាស្ត្រ ដែលបង្កឲ្យ​​ព្រះច័ន្ទ​អត់​មាន​បរិយាកាស និងជីវិត​កកើតបាន៕ ប្រភព៖ Wikipedia, quora.com

ចែករំលែក